គ្រូបង្វឹក ចាន់ រតនា រំលឹកអំពីបរាជ័យ និងដាក់ផែនការដល់កូនសិស្សនៅឆ្នាំ២០២១

មាស សុផាណារ៉ុង January 18, 2021


 

ភ្នំពេញ៖ លោក Lorenzo ដែលជាគ្រូបង្វឹកផ្ទាល់របស់ ចាន់ រតនា បានរំលឹកអំពីបរាជ័យរបស់កូនសិស្ស កាលខែធ្នូ ឆ្នាំ២០២០ ដោយថ្វីដៃកីឡាករចិន Xie Wei និងដាក់ផែនការសម្រាប់ឆ្នាំ២០២១ ដល់អ្នកលេងគុនចម្រុះលំដាប់លេខ១ នៅកម្ពុជា។

លោក Lorenzo បានថ្លែងបែបនេះ៖ «ការប្រកួតឆ្នាំ២០២០ មិនដើរទៅតាមគោលដៅរបស់យើង។ ពួកយើងត្រូវបានដាក់នៅដោយឡែក (ចត្តាឡីស័ក) នៅសប្ដាហ៍ប្រកួត ដូច្នេះវាមិនងាយស្រួលក្នុងការសម្របខ្លួននោះទេ។ នៅឆ្នាំ២០២១ យើងនឹងផ្ដោតជំនាញផ្សេងៗឡើងវិញ, ស្ដារកម្លាំងឲ្យល្អ, និងផ្ដោតលើការប្រកួតក្នុងជំហរដេក (ground game) ជាពិសេសដើម្បីជួបគូបដិបក្ខកម្រិតខ្ពស់ក្នុងពិភពគុនចម្រុះបន្តទៀត។»

គ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះ ជាអ្នកធ្វើការងារស្និទ្ធស្នាលបំផុតជាមួយ ចាន់ រតនា ទោះស្ថិតក្នុងវិបត្តិកូវីដ-១៩ ក្រៅពី គ្រូបង្វឹកជឺជិតស៊ូ, ប្រដាល់សកល, និង គុនខ្មែរជាដើម។ ពេលមានការប្រកួតម្ដងៗនៅសង្វៀនលំដាប់ពិភពលោក ONE Championship លោកតែងតែនាំ រតនា ចេញទៅប្រកួត និងជាអ្នកឲ្យទឹកដល់កូនសិស្សផងដែរ។

លោកបញ្ជាក់ទៀតថា៖ «ក្រុមការងារគ្រូបង្វឹក LLFitness នឹងជួយឲ្យរូបគេហ្វឹកហាត់ដោយមានភាពឆ្លាតវៃ , ខ្លាំងទាំងកម្លាំងកាយ និងកម្លាំងស្មារតី។ ខ្ញុំមើលឃើញនូវបទពិសោធន៍ជាវិជ្ជមានសម្រាប់ រតនា ដែលនឹងធ្វើឲ្យ គេកាន់តែខ្លាំងជាងមុននៅប្រកួតបន្ទាប់នាឆ្នាំ២០២១។ ក្នុងនោះ ការគាំទ្រ និងក្ដីស្រលាញ់ពីសំណាក់អ្នកគាំទ្រនៅកម្ពុជា បានជួយឲ្យរូបគេមានកម្លាំងចិត្តកាន់តែខ្លាំង និងត្រូវដាក់គោលដៅឲ្យជាតិមានមោទកភាពត្រលប់ទៅវិញផងដែរ។»

ក្នុងការប្រកួតចុងក្រោយ ចាន់ រតនា ចាញ់អ្នកលេងចំបាប់វ័យក្មេងចិន Xie Wei ក្នុងទម្ងន់ Flyweight នៅព្រឹត្តិការណ៍ ONE: COLLISION COURSE នាថ្ងៃទី១៨ ខែធ្នូ នៅកីឡដ្ឋាន Singapore Indoor Stadium ប្រទេសសិង្ហបុរី។ បន្ទាប់ពីចាញ់ដោយសន្លប់នៅទឹកទី៣ រតនា កំពុងតាំងចិត្តជាតិថ្មីដើម្បីសាងជ័យជម្នះជូនអ្នកគាំទ្រវិញនៅឆ្នាំ២០២១ នេះ។ វាជាលើកទី៣ ដែលរូបគេចាញ់កីឡាករចិននៅសង្វៀនលំដាប់ពិភពលោក ONE Championship។

ជើងខ្លាំងចិនពីររូបដែល ម្ចាស់ក្លិបសិល្បៈ ចាញ់នៅឆ្នាំ២០១៦ និង ២០១៧ កន្លងមក មានដូចជា Haobin Ma និង Xie Bin៕

មតិយោបល់