តើអ្នកលេងគុនខ្មែរ រូបណាដែលអ្នកគាំទ្រចង់ឃើញវ៉ៃនៅ ONE Super Series ឆ្នាំ២០២១?

មាស សុផាណារ៉ុង January 18, 2021


 

ភ្នំពេញ៖ អ្នកលេងគុនខ្មែរ គង់ សំបូរ ជាកីឡាករកម្ពុជាម្នាក់គត់ដែលបានប្រកួតឃីកបុកសីងនៅ ONE Super Series ខណៈ ឡៅ ចិត្រា និង សុខ ធី ប្រកួតលក្ខណៈមួយថៃ ឬគុនខ្មែរនៅសង្វៀនអន្តរជាតិនេះ។

សុខ ធី បានក្លាយជាកីឡាករប្រដាល់កម្ពុជាទី១ ដែលបានឈ្នះការប្រកួតប្រដាល់មួយថៃ ឬគុនខ្មែរ នៅ ONE Super Series និងជាកីឡាករតែម្នាក់គត់ដែលប្រកួតឈ្នះកាលពីឆ្នាំ២០២០។ ក្រៅពីជើងខ្លាំងគុនខ្មែរ ៣នាក់ដែលបានចេញទៅប្រកួតលើឆាកអន្តរជាតិ ក៏នៅមានកីឡាករគុនខ្មែរជាច្រើនទៀតដែលមានសមត្ថភាពអាចចេញទៅប្រកួតនៅស្ថាប័នប្រដាល់ធំនៅអាស៊ី ONE Championship សម្រាប់ឆ្នាំ២០២១ នេះ។

អ្នកលេងគុនខ្មែរក្នុងប្រភេទទម្ងន់ស្រាល ឃីម បូរ៉ា ជាកីឡាករកម្ពុជាលេចធ្លោជាងគេកាលពីឆ្នាំ២០២០ បន្ទាប់ពីប្រកួតជាមួយមិត្តរួមជាតិមិនដែលចាញ់សោះ។ ជាពិសេសទៀតនោះ រូបគេបានឈ្នះខ្សែក្រវាត់មួយគ្រឿងកាលពីឆ្នាំ២០២០ និងដើមឆ្នាំ២០២១ នេះឈ្នះខ្សែក្រវាត់មួយទៀត។

សមត្ថភាពរបស់ ឃីម បូរ៉ា ពិតជាល្អគួរឲ្យកត់សំគាល់ក្នុងនោះបទពិសោធច្រើនឆ្នាំទាំងការប្រកួតក្នុងស្រុក និងអន្តរជាតិ។ ស្មារតីរបស់គេអង់អាច និងមុះមុតជាអ្នកប្រយុទ្ធពិតៗ ហើយរហ័សរហួនដែលមានកណ្តាប់ដៃ និងទាត់បានលឿនដោយមានទម្ងន់ថែមទៀត។

ទន្ទឹមជាមួយគ្នានេះ អេលីត ចំរើន ដែលឈ្នះខ្សែក្រវាត់មាសកាលពីឆ្នាំ២០២០ ក៏ជាកីឡាករម្នាក់ដែលល្អទាត់ និងកណ្តាប់ដៃ។ តាមមើលសមត្ថភាពរបស់គេពិតជាស័ក្តិសមទៅប្រកួតលើឆាកអន្តរជាតិផ្នែកប្រដាល់ឃីកបុកសីង ពីព្រោះកីឡាប្រភេទនេះត្រូវការអ្នកពូកែទាត់ និងកណ្តាប់ដៃ។

ទោះជាយ៉ាងណា អេលីត ចំរើន នៅមិនទាន់មានចលនាបំលាស់ទីលឿន និងវ៉ៃអាវុធចេញឲ្យញាប់ៗ លឿនៗនោះទេ។ រូបគេត្រូវផ្លាស់ប្តូរទម្លាប់នៃការប្រកួតគុនខ្មែរដែលយោលយោគទៅតាមចង្វាក់ភ្លេង។

អ្នកលេងគុនខ្មែរ ខាំ ខ្លានាង ដែលស្ថិតនៅក្នុងទម្ងន់ស្រាលក៏ពិតជាកីឡាករដ៏ល្អម្នាក់។ កីឡាកររូបនេះមានរបៀបវ៉ៃលឿន រហ័ស និងចេញអាវុធលឿនៗទាំងទាត់ កណ្តាប់ដៃ កែង និងជង្គង់។

មិនថា ប្រដាល់គុនខ្មែរ មួយថៃ ឬឃីកបុកសីងទេ រូបគេអាចចេញទៅប្រកួតបាន ប៉ុន្តែត្រូវតែសិក្សាស្វែងយល់ពីទម្លាប់វ៉ៃអន្តរជាតិ ឬឃីកបុកសីងឲ្យបានច្បាស់ មុនសម្រេចចិត្តចេញទៅឆាកអន្តរជាតិ។

បើនិយាយពីកីឡាករទម្ងន់ធ្ងន់មធ្យមចាប់ពី ៦៥គីឡូក្រាមឡើងទៅ៧០គីឡូក្រាម មាន២នាក់ដែលអាចទៅ ONE Super Series។ តាមគំនិតរបស់លោក ជា រិទ្ធិ ដែលជាគ្រូប្រដាល់ម្នាក់ឲ្យដឹងថា លោកសម្លឹងឃើញកីឡាករ ឡៅ ចន្ទ្រា និង ម៉ឺន សុភា ដែលអាចចេញទៅវ៉ៃឃីកបុកសីង។

លោកប្រាប់ថា ឡៅ ចន្ទ្រា មានបទពិសោធច្រើនក្នុងការប្រកួតអន្តរជាតិ។ រូបគេមានអាវុធធ្ងន់ល្អគឺទាត់ និងកណ្តាប់ដៃ ដូច្នេះអាចបង្កើតការហ្វឹកហាត់ប្រដាល់ឃីកបុកសីង ហើយចេញទៅប្រកួតនៅក្រៅប្រទេស។

ចំពោះ ម៉ឺន សុភា វិញពោរពេញដោយជំនាញទាត់ និងកណ្តាប់ដៃ។ អ្នកគាំទ្រឃើញស្រាប់ហើយ កីឡាកររូបនេះក្នុងប្រវត្តិប្រកួតគុនខ្មែរគឺស្ទើរតែ ៨០ទៅ៩០% គឺប្រើកណ្តាប់ដៃ និងទាត់សុទ្ធ។ រូបគេបានផ្តួលដៃគូបរទេសជាច្រើននាក់មកហើយតាមរយៈកណ្តាប់ដៃ និងទាត់។ ច្បាស់ណាស់ថា ម៉ឺន សុភាព ពិតជាស័ក្តិសមប្រកួតលក្ខណៈឃីកបុកសីង។ ទោះជាយ៉ាងណា នៅឆ្នាំ២០២០ កន្លងទៅ រូបគេមិនបានឡើងប្រកួតសោះ ដូច្នេះគុណភាពប្រដាល់របស់គេនឹងមិនល្អដូចមុនទេ ហើយទម្ងន់ក៏ឡើងថែមទៀត។

សម្រាប់អ្នកគាំទ្រវិញ តើចង់ឃើញកីឡាករគុនខ្មែររូបណាចេញទៅប្រកួតនៅ ONE Super Series ដែលជាកម្មវិធីប្រជុំដោយជើងខ្លាំងឃីកបុកសីង មួយថៃ និងឃីកបុកសីង មកពីជុំវិញពិភពលោក?

 

អត្ថបទ៖ ផ្ដល់ឲ្យ

មតិយោបល់