ល្បុក្កតោ គ្រោងបង្កើតក្លិបគុននៅតាមវត្តអារាមទាំងអស់ដែលមានជាង ២ម៉ឺនវត្ត នៅកម្ពុជា

មាស សុផាណារ៉ុង January 16, 2021


 

ភ្នំពេញ៖ ស្របពេលដែលក្បាច់គុនល្បុក្កតោ បាននឹងកំពុងរីកចម្រើនខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំនោះ សហព័ន្ធមួយនេះ បានបង្ហាញមហ្ឆិចតារបស់ខ្លួន ដោយមានគម្រោងចង់បង្កើតអោយមានក្លឹបគុនល្បុក្កតោ នៅគ្រប់វត្តអារាមទាំងអស់នៅទូទាំងប្រទេស ដែលមានជាង ២ម៉ឺនវត្ត និងមិនសំដៅលើការប្រកួតប្រជែង ឬការវាយតប់គ្នានោះឡើយ។ នេះបើតាមប្រសាសន៍ របស់ឯកឧត្តម វ៉ាត់ ចំរើន អនុប្រធានសហព័ន្ធ។

ឯកឧត្តមបានថ្លែងបែបនេះ នៅក្នុងពិធីសន្និសីទសារព័ត៌មាន កាលពីរសៀលថ្ងៃទី១៥ ខែមករា នៅទីស្នាក់ការណ៍គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ស្ដីពីការបើកការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០ ឡើងវិញ បន្ទាប់ពីខកខានប្រកួតដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩។

ឯកឧត្តមវ៉ាត់ ចំរើន បានថ្លែងបែបនេះថា៖ «តាមប្រវត្តិសាស្ត្រ យើងដឹងហើយថា ក្បាច់គុនល្បុក្កតោជាក្បាច់គុនព្រលឹងវប្បធម៌ខ្មែរ ដែលបានបន្សល់ទុកពីបុព្វបុរសរបស់យើង ដូច្នេះយើងត្រូវតែរួបរួមគ្នា ដើម្បអភិរក្ស និងអភិវឌ្ឍឲ្យកាន់តែល្អប្រសើរបន្ថែមទៀតជាមួយនឹងការជួយផ្សព្វផ្សាយឲ្យបានជ្រួតជ្រាបទាំងក្នុងថ្នាក់ជាតិ រហូតទៅដល់អន្តរជាតិ។»

«ជាគម្រោងគោលដៅរបស់សហព័ន្ធចង់ពង្រីកក្លឹបគុនល្បុក្កតោ នៅគ្រប់វត្តអារាមទាំងអស់នៅទូទាំងប្រទេស ដែលមានជាង ២ម៉ឺនវត្ត ដោយមិនសំដៅលើការប្រកួតប្រជែង ឬការវាយតប់គ្នានោះទេ ពោលគឺក្នុងន័យការហ្វឹកហាត់សម្រាប់ការអប់រំផ្លូវចិត្ត ផ្លូវកាយឲ្យរឹងមាំ ឲ្យមានស្មារតីស្រឡាញ់ជាតិ ស្រឡាញ់ទឹកដី និងស្រឡាញ់អរិយធម៌របស់ខ្លួន។ អ្វីដែលជាគោលដៅដ៏ធំមួយទៀតដែរនោះ គឺការដាក់ការប្រកួតកីឡាគុនល្បុក្កតោនេះ នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់កម្ពុជា ក្នុងឋានៈជាម្ចាស់ផ្ទះ។» ឯកឧត្តមបានបន្ត។

ជាមួយគ្នានេះដែរ ប្រធានសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជាឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន ក៏បានថ្លែងដែរថា៖ «តាមពិតយើងបានតស៊ូយ៉ាងច្រើនដែរ ដើម្បីការរស់រានមានជីវិតនៃក្បាច់គុនល្បុក្កតោ ជាពិសេសគឺការជួយជ្រោមជ្រែងយ៉ាងខ្លាំងពីលោកគ្រូព្រឹទ្ធាចារ្យទាំងអស់ ដែលមានគុណបំណាច់យ៉ាងធំធេងចំពោះក្បាច់គុនប្រពៃណីវប្បធម៌ជាតិខ្មែរមួយនេះ។»

ឯកឧត្តមបន្ថែមទៀតថា៖ «កីឡាករ កីឡាការិនីទាំងអស់ ត្រូវបន្តការខិតខំហ្វឹកហាត់ មានស្មារតីសាមគ្គីភាព មានភាពស្មោះត្រង់ ព្រមជាមួយនឹងការពង្រឹងវិន័យឲ្យបានខ្ជាប់ខ្ជួន ដើម្បីរួមដំណើរជាមួយគ្នាបន្តភាពរីកចម្រើននៃវិស័យកីឡាគុនល្បុក្កតោកម្ពុជាកាន់តែប្រសើរបន្ថែមទៀត។»

គួបញ្ជាក់ផងដែរថា ក្បាច់គុនល្បុក្កតោត្រូវបាន ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដាក់បញ្ជូលជាបេតិកភណ្ឌអរូបីនៃមនុស្សជាតិ នៅក្នុងកម្រិតជាតិ ហើយកម្ពុជាកំពុងតែតស៊ូមតិ ក្នុងការដាក់បញ្ជូលជាសម្បត្តិបេតិកភណ្ឌអរូបីនៃមនុស្សជាតិ នៅអង្គការយូណេស្កូ ដោយកម្ពុជា បានខិតខំអស់រយៈពេល៤-៥ឆ្នាំមកហើយ ក្នុងការស្រាវជ្រាវ រៀបចំចងក្រងឯកសារគុនល្បុក្កតោជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម្រាប់ការស្នើសុំទៅអង្គការយូណេស្កូនេះ ហើយយើងសង្ឃឹមថា ថ្ងៃណាមួយកម្ពុជាយើងនឹងទទួលបានជោគជ័យ នៅក្នុងការថែរក្សាក្បាច់គុនព្រលឹងជាតិរបស់បុព្វបុរសខ្មែរយើងនៅលើសកលលោក៕

 

អត្ថបទ៖ រីយ៉ា

មតិយោបល់