បើកបង្ហាញ ចំណុចខ្សោយធំបំផុតសម្រាប់អ្នកលេងគុនខ្មែរ ពេលទៅវ៉ៃ ONE Super Series

មាស សុផាណារ៉ុង January 12, 2021


 

ភ្នំពេញ៖ កម្មវិធីប្រដាល់ ONE Super Series របស់ស្ថាប័នកីឡាធំបំផុត ONE Championship បានក្លាយជាទីកន្លែងជំនួបអ្នកលេងក្បាច់គុនខ្មែរ, គុនមួយថៃ និងឃីកបុកសីង មកពីជុំវិញពិភពលោក។

មិនថា អ្នកមានជំនាញប្រដាល់វ៉ៃប្រដាល់សេរីគុនខ្មែរ ប្រដាល់សេរីមួយថៃ ឬក៏ឃីកបុកសីង មកពីប្រទេសណា តំបន់ណាទេគឺសុទ្ធតែអាចឡើងប្រកួតបាននៅ ONE Super Series និងសំបូរដៃគូប្រកួតជាច្រើននាក់ ទាំងការប្រកួតលក្ខណៈមិត្តភាព និងខ្សែក្រវាត់ពិភពលោក ហើយក៏រកចំណូលបានច្រើនសន្ធឹកសន្ធាប់ផងដែរ។

ទន្ទឹមជាមួយគ្នានេះ កម្ពុជាក៏មានកីឡាប្រដាល់គុនខ្មែរដែលយូរលង់ណាស់មកហើយនៅលើទឹកដីនៃប្រទេសអច្ឆរិយៈ។ ទោះជាយ៉ាងណា សមត្ថភាព និងជំនាញជាកត្តាចាំបាច់បំផុត មុនពេលលេចមុខទៅប្រកួតលើឆាកអន្តរជាតិ។ អ្នកលេងគុនខ្មែរប្រកួតនៅក្នុងស្រុកទាំងជាមួយមិត្តរួមជាតិ និងជាមួយកីឡាករបរទេស ឃើញថា មានលទ្ធផលល្អប្រសើរគួរទីគាប់ចិត្ត។ ប៉ុន្តែនៅពេលចេញទៅប្រកួតលើឆាកអន្តរជាតិ អ្នកលេងគុនខ្មែរនៅមានកម្រិតទាបជាងគេ។

បើនិយាយពីចំណុចខ្សោយខ្លាំងបំផុតរបស់អ្នកលេងគុនខ្មែរនៅលើឆាកអន្តរជាតិគឺល្បឿនវ៉ៃ។ លោក ជា រិទ្ធ គ្រូបង្ហាត់ប្រដាល់គុនខ្មែរម្នាក់បាននិយាយថា៖ «ចាំបាច់ណាស់ត្រូវផ្លាស់ប្តូរទម្លាប់វ៉ៃនៅលើសង្វៀន។ យើងវ៉ៃគុនខ្មែរមានទម្លាប់យោលរេរាំទៅតាមចង្វាក់ភ្លេង ហើយចេញអាវុធមួយៗ។ ទម្លាប់វ៉ៃយឹតនេះគឺទៅមិនរួចជាមួយកីឡាករបរទេសទេ។» លោកបញ្ជាក់ថា៖ «យើងមានកម្លាំងស៊ុហ្វវ៉ៃល្អហើយ។ យើងមានអាវុធធ្ងន់ៗស្រាប់ហើយ ដូចជាទាត់ និងកណ្តាប់ដៃ។ អីចឹងកម្ពុជាយើងមានសក្តានុពលហើយ។»

ជាក់ស្តែង អ្នកលេងគុនខ្មែរ ឡៅ ចិត្រា ដែលជាកីឡាករលេចធ្លោជាងគេក្នុងប្រភេទទម្ងន់៦០គីឡូក្រាម បានប្រកួតជាមួយកីឡាករថៃ Supperlek គឺមានចលនាវ៉ៃខុសគ្នាឆ្ងាយណាស់។ កីឡាករថៃម្នាក់នេះបានប្រើជើងទាត់ផ្ទួនៗ លឿនៗ និងញាប់ៗ ខណៈ កីឡាករកម្ពុជាស្ទើរចេញអាវុធមិនរួច។

យ៉ាងណា សុខ ធី ដែលជាកីឡាករគុនខ្មែរកំពុងហាត់នៅប្រទេសថៃបានក្លាយជាកីឡាករកម្ពុជាទី១ ដែលទទួលបានជ័យជម្នះនៅ ONE Championship បន្ទាប់ពីឈ្នះកីឡាករចិន ហើយកីឡាករ គង់ សំបូរ បានក្លាយជាកីឡាករកម្ពុជាទី១ ដែលប្រកួតលក្ខណៈឃីកបុកសីងនៅ ONE តែចាញ់ពិន្ទុកីឡាករចិន។

បន្ទាប់ពីទីផ្សារកីឡាប្រដាល់ឃីកបុកសីងកំពុងមានតម្រូវការទាំងការប្រកួតលក្ខណៈតំបន់ដូចជាស៊ីហ្គេម និងអន្តរជាតិនៅសង្វៀន ONE កម្ពុជាបានសម្រេចបង្កើតសហព័ន្ធកីឡាប្រដាល់ឃីកបុកសីងកម្ពុជាជាផ្លូវ។ នាពេលខាងមុខនេះ សហព័ន្ធនឹងរៀបចំបណ្តុះបណ្តាលកីឡាករ កីឡាការិនីឃីកបុកសីង និងគ្រប់គ្រងសម្រាប់ការប្រកួតលើឆាកអន្តរជាតិ៕

 

អត្ថបទ៖ ផ្ដល់ឲ្យ

មតិយោបល់