បុរសដែលនាំកីឡាករប្រដាល់ចេញទៅប្រកួតនៅក្រៅស្រុកជារឿយៗ រំលឹកអំពីស្ថានភាពឆ្នាំ២០២០ និងក្ដីរំពឹងនៅឆ្នាំ២០២១

មាស សុផាណារ៉ុង January 8, 2021


 

ភ្នំពេញ៖ លោក ជា រិទ្ធ ដែលជាប្រធានផ្នែកទំនាក់ទំនងកិច្ចការអន្តរជាតិនៃសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងបាននាំកីឡាករចេញទៅប្រកួតនៅក្រៅស្រុកជារឿយៗ បានរំលឹករឿងរ៉ាវមួយចំនួននៅឆ្នាំ២០២០ និងបង្ហាញក្ដីរំពឹងល្អប្រសើរមួយឆ្នាំ២០២១ នេះ។

កន្លងទៅលោកបានចាប់ដៃគូជាមួយលោក Alan Mccune ដែលជាគ្រូបង្វឹកប្រចាំក្រុម Phnom Penh MMA ក្នុងគោលដៅនាំកីឡាករប្រដាល់គុនខ្មែរទៅប្រកួតលើកឆាកអន្តរជាតិ និងជាការរួមចំណែកដើម្បីផ្សព្វផ្សាយគុនខ្មែរផង។ ប៉ុន្តែ ឆ្នាំ២០២០ ជាឆ្នាំមិននឹកស្មានដល់មួយក្នុងពិភពលោកដែលធ្វើឲ្យរាំងស្ទះដំណើរការរំលេចកីឡាករថ្មីៗលើឆាកអន្តរជាតិ ជាពិសេសនៅសង្វៀន ONE Championship តែម្ដង។

កាលដើមខែកុម្ភៈ ឆ្នាំមុន លោក ជា រិទ្ធ បានឲ្យដឹងថា៖ «យើងចង់សហការជាមួយគាត់ហ្នឹង…យើងចង់យកកីឡាករជួរមុខរបស់យើងទៅប្រកួតនៅសង្វៀន ONE, សង្វៀននៅចិន, ជប៉ុន និងសង្វៀននៅថៃជាដើម។ យើងមើលអ្នកណាខ្លាំងខាងគុនចម្រុះរុញគាត់ទៅគុនចម្រុះ ហើយអ្នកណាខ្លាំងខាង ឃីកបុកសីង រុញគាត់ទៅខាងនោះទៅតាមតម្រូវការប្រកួតជាក់ស្ដែង។ យើងបានរៀបចំឯកសារសំខាន់ៗដើម្បីចុះហត្ថលេខាជាមួយគ្នាដើម្បីជាសក្ខីភាពក្នុងការធ្វើការរួមគ្នា។»

ទោះមិនបានសម្រេចផលច្រើន ប៉ុន្តែការលៃលកនាំ ខុន ស៊ីចាន់ និង នៅ ស្រីពៅ ទៅសង្វៀន ONE នាឆ្នាំ២០២០ ជាការបង្ហាញឲ្យឃើញនូវទំនាក់ទំនងដ៏ជោគជ័យជាមួយសង្វៀន ONE។ នៅឆ្នាំ២០២១ លោក ជា រិទ្ធ និងលោក Alan Mccune នឹងបន្តសហការដើម្បីឲ្យអ្នកលេងគុនខ្មែរចេញទៅប្រកួតនៅសង្វៀនៗផ្សេងជាច្រើនទៀតតាមតែអាចធ្វើបានទៅតាមស្ថានភាពជាក់ស្ដែង។

គ្រូបង្វឹកឃីកបុកសីងជម្រើសជាតិបានគូសបញ្ជាក់ថា៖ «ការហ្វឹកហាត់គ្រប់កីឡាករកីឡាការិនី ដូចថ្មីរហូតអីចឹង និងមិនរក្សាកម្លាំងបានល្អឡើយដោយសារ ហាត់ខានហាត់ខាន ព្រោះតែកូវីដ-១៩ បានលុកលុយ។ ដូច្នេះហើយលទ្ធផលមិនថាប្រកួតក្នុងស្រុក និងក្រៅស្រុកទេ គឺកម្លាំងមិនថេរឡើយ។ ពេលខ្លះទៀត បើឲ្យកូនសិស្សហ្វឹកហាត់នៅផ្ទះ វារឹតតែពិបាកក្នុងការតាមដានកម្លាំងនិងបច្ចេកទេសដែរ។ ដូច្នេះបច្ចេកទេស និងកម្លាំងធ្លាក់ចុះ។»

ងាកទៅមើលស្ថានភាពជាក់ស្ដែង នៅ ស្រីពៅ ត្រៀមខ្លួនមិនសូវបានល្អក្នុងវិបត្តិ កូវីដ-១៩ និងសន្លប់ក្រោមថ្វីដៃកីឡាការិនីឥណ្ឌា Ritu Phogat នៅទឹកទី២ ដែលជាលទ្ធផលអន់បំផុតមួយក្នុងចំណោមការប្រកួតនៅសង្វៀនអន្តរជាតិកន្លងមករបស់ខ្លួន។ បែបណាក្ដី លោក ជា រិទ្ធ រំពឹងថា ការហ្វឹកហាត់របស់កីឡាករកីឡាការិនីដែលត្រូវប្រមូលផ្ដុំទៅប្រកួតស៊ីហ្គេមនៅវៀតណាមចុងឆ្នាំនេះ និងអ្នកមិនទៅចូលរួមនៅស៊ីហ្គេមក៏ប្រសើរដូចគ្នានៅឆ្នាំ២០២១។

ប្រធានផ្នែកទំនាក់ទំនងកិច្ចការអន្តរជាតិសង្កត់ធ្ងន់បែបនេះ៖ «តាមទស្សនៈរបស់ខ្ញុំ ការប្រមូលផ្ដុំឆ្នាំ២០២១ នឹងល្អជាងមុនច្រើន មិនដូចឆ្នាំ ២០២០។ ខ្ញុំគិតថា បើមានផ្ទុះកូវីដ-១៩ ទៀត ក៏ក្រសួងអាចនឹងទប់ជាប់ ហើយអ្នកប្រមូលផ្ដុំហ្វឹកហាត់ គឺត្រូវនៅតាមទីតាំងហូបចុក និងហាត់រៀងៗខ្លួនមិនឲ្យចេញទៅក្រៅ ព្រោះជាឆ្នាំត្រៀមទៅស៊ីហ្គេម។ មួយទៀត បើកូវីដ ធូរស្រាលរឹតតែល្អបំផុត។»

កីឡាករ-កីឡាការិនីខ្មែរដែលបង្ហាញខ្លួននៅសង្វៀនលំដាប់ពិភពលោក ONE Championship កាលឆ្នាំ២០២០ មុននិងធ្លាក់ចូលក្នុងវិបត្តិមេរោគឆ្លងទូទាំងសកលលោករួមមាន ខុន ស៊ីចាន់, នៅ ស្រីពៅ, សុខ ធី និង ចាន់ រតនា។ ក្នុងចំណោម ៤ នេះមាន ៣ នាក់ហ្វឹកហាត់នៅក្នុងស្រុក លើកលែងតែ សុខ ធី កំពុងសំងំហ្វឹកហាត់នៅក្លិប Paedminburi Gym នៃប្រទេសថ្ងៃ និងជាកីឡាករតែម្នាក់ដែលទទួលជ័យជម្នះ ឆ្នាំ២០២០៕

 

អត្ថបទ៖ ផ្ដល់ឲ្យ

មតិយោបល់