កម្ពុជា បង្កើតសហព័ន្ធឃីកបុកសីង ចំពេលឃីកបុកសីងសំបូរទីផ្សារអន្តរជាតិ

មាស សុផាណារ៉ុង January 5, 2021


 

ភ្នំពេញ៖ សហព័ន្ធកីឡាប្រដាល់ឃីកបុកសីងកម្ពុជា ត្រូវបានរៀបចំបង្កើតរួចរាល់ហើយ។ នេះបើតាមការឲ្យដឹងពីឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

ឯកឧត្តម វ៉ាត់ ចំរើន បានបញ្ជាក់ថា៖ «បាទ គឺខាងក្រសួងអប់រំ លោកបានអនុញ្ញាតឲ្យបង្កើតហើយ។ បង្កើតចេញជារូបរាងហើយ ប៉ុន្តែខ្ញុំអត់ដឹងថា សមាសភាពដឹកនាំយ៉ាងមិចទេ តែបង្កើតយូរគ្រាន់ហើយ។ ប្រដាល់ឃីកបុកសីង និយាយទៅល្អ ពីព្រោះជាប្រភេទកីឡាមួយមានប្រកួតនៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមដែរ។ គួរអភិវឌ្ឍដែរ ទោះបីជាវាមិនមែនជាប្រភេទកីឡាអូឡាំពិក តែជាប្រភេទកីឡាតំបន់។»

ឯកឧត្តមអគ្គលេខាធិការយល់ឃើញថា ការអភិវឌ្ឍកីឡាឃីកបុកសីងនៅប្រទេសកម្ពុជា នឹងរីកចម្រើនបានលឿន ដោយសារប្រទេសកម្ពុជាមានធនធានកីឡាប្រដាល់គុនខ្មែរស្រាប់ហើយ។ «យើងអាចនឹងរីកចម្រើនលឿន ដោយយើងកាត់បច្ចេកទេសខ្លះចេញពីប្រដាល់គុនខ្មែរបុរាណ ឬប្រដាល់សេរីយើង។ ដូចជា លុបបំបាត់ជង្គង់ កែងចេញទៅ គឺអាចប្រកួតបានហើយ។ យើងអបអរសាទរ។ ប្រសិនបើមានសក្តានុពលទៀត យើងសង្ឃឹមក្នុងការប្រកួតកម្រិតស៊ីហ្គេម និងតំបន់របស់យើង។» ឯកឧ្តមអគ្គលេខាធិការបានបញ្ជាក់។

ការបង្កើតឲ្យមានសហព័ន្ធកីឡាឃីកបុកសីង មិនមែនជារឿងចៃដន្យ ឬបង្កើតឡើងឲ្យតែមាននោះទេ ប៉ុន្តែជាការបង្កើតឡើងចំពេលដែលកីឡាប្រដាល់ឃីកបុកសីងកំពុងមានតម្រូវការចាំបាច់នាពេលបច្ចុប្បន្ន ក៏ដូចជានាពេលខាងមុខ។ ជាក់ស្តែង ស្ថាប័នប្រដាល់ធំបំផុតក្នុងទ្វីបអាស៊ី ONE Championship កំពុងបើកដំណើរការប្រកួតប្រដាល់កីឡាឃីកបុកសីង ក្នុងនោះមានទាំងការប្រកួតមិត្តភាពអន្តរជាតិ និងជើងឯកពិភពលោកផង។

ទន្ទឹមជាមួយគ្នានេះ កីឡាករប្រដាល់គុនខ្មែរ គង់ សំបូរ បានចេញទៅប្រកួតឃីកបុកសីង ជាមួយកីឡាករចិន នៅប្រទេសសិង្ហបុរី កាលពីឆ្នាំ២០១៩ នៅ ONE។ ចំណែកកីឡាករ សុខ ធី និង ឡៅ ចិត្រា បានប្រកួតលក្ខណៈមួយថៃដូចគុនខ្មែរ។ សុខ ធី បានក្លាយជាកីឡាករកម្ពុជាទី១ ដែលទទួលបានក្នុងការប្រកួតនៅ ONE Super Series របស់ស្ថាប័ន ONE។

ដូច្នេះបន្ទាប់ពីសហព័ន្ធកីឡាប្រដាល់ឃីកបុកសីងកម្ពុជា ត្រូវបានបង្កើតឡើង និងបានបណ្តុះបណ្តាលកីឡាករ-កីឡាការិនី ស្របតាមច្បាប់ឃីកបុកសីងត្រឹមត្រូវ នោះកម្ពុជានឹងមានកីឡាករ-កីឡាការិនី ឃីកបុកសីងល្អៗចេញទៅប្រកួតលក្ខណៈអន្តរជាតិទាំងកម្រិតស៊ីហ្គេម តំបន់ និងពិភពលោក។ ស្របពេល ONE កំពុងត្រូវការអ្នកប្រដាល់ឃីកបុកសីងស្រាប់។

កាលពីឆ្នាំ២០១៩ កម្ពុជាបានបញ្ជូនកីឡាករប្រដាល់ឃីកបុកសីង មួយចំនួនទៅប្រកួតកីឡាស៊ីហ្គេមនៅប្រទេសហ្វីលីពីន និងទទួលបានមេដាយសំរឹទ្ធ ៣គ្រឿង គឺកីឡាករ ឡៅ ចន្ទ្រា, ខែម ចាន់ និង សុខ សាវិន។ យ៉ាងណា សមត្ថភាពប្រកួតរបស់កីឡាករឃីកបុកសីងកម្ពុជា ត្រូវបានគេមើលឃើញថា មិនទាន់ច្បាស់ពីច្បាប់ឃីកបុកសីងឡើយ ដោយកីឡាករនៅតែច្រឡំវ៉ៃលក្ខណៈគុនខ្មែរដូចជាការប្រើកែងជាដើម៕

មតិយោបល់