អ្នកលេងគុនខ្មែរ សុខ ធី ប្រាប់ពីបំណងប្រាថ្នាឆ្នាំថ្មី២០២១

មាស សុផាណារ៉ុង January 5, 2021


 

ភ្នំពេញ៖ អ្នកលេងគុនខ្មែរ សុខ ធី មានបំណងប្រាថ្នាឲ្យឆ្នាំ២០២១ ខាងមុខទទួលបានលទ្ធផលល្អប្រសើរជាងឆ្នាំ២០២០ សម្រាប់អាជីពប្រដាល់របស់ខ្លួននៅលើឆាកអន្តរជាតិ។

សុខ ធី បានឡើងប្រកួត ៤ដងប៉ុណ្ណោះនៅក្នុងឆ្នាំ២០២០ ដោយទទួលបានជ័យជម្នះ ៣ដង និងចាញ់ ១ដង។ រូបគេបានប្រកួតពីរដងនៅសង្វៀនអន្តរជាតិ ONE Championship ក្នុងនោះផ្តួលកីឡាករចិន Huang Ding ឲ្យសន្លប់ទឹកទី១ នៅប្រទេសថៃ កាលពីថ្ងៃទី២៨ ខែសីហា។ សុខ ធី បានក្លាយជាកីឡាករកម្ពុជាទី១ ដែលបានឈ្នះក្នុងការប្រកួត ONE Super Series។

យ៉ាងណានៅសង្វៀនអន្តរជាតិនេះ សុខ ធី បានចាញ់កីឡាករថៃ Mongkolpetch ដោយពិន្ទុ បន្ទាប់ពីការប្រកួត៣ទឹក យ៉ាងស្វិតស្វាញនៅព្រឹត្តិការណ៍ ONE: NO SURRENDER III ថ្ងៃទី២១ ខែសីហា នៅទីក្រុងបាងកកប្រទេសថៃ។ ចំពោះ ២ប្រកួតផ្សេងទៀត រូបគេបានប្រកួតឈ្នះនៅសង្វៀនប្រទេសថៃ។

ការផ្ទុះជំងឺកូវីត-១៩ ធ្វើឲ្យ សុខ ធី មិនបានចេញទៅប្រទេសនៅប្រទេសផ្សេង ជាពិសេសរូបគេត្រូវបានផ្គូផ្គងឲ្យជួបជើងខ្លាំងវៀតណាមម្នាក់ ប៉ុន្តែត្រូវបានផ្អាកវិញដោយសារជំងឺដ៏កាចសាហាវនេះ។ មុនឆ្នាំថ្មីចូលមកដល់ សុខ ធី បានប្រាប់ថា៖ «ខ្ញុំចង់ឲ្យឆ្នាំថ្មី២០២១ បានចេញប្រកួតច្រើនទៀត។ ខ្ញុំចង់សាងកេរ្តិ៍ឈ្មោះលើឆាកអន្តរជាតិឲ្យល្បីល្បាញ និងល្អប្រសើរជាងឆ្នាំ២០២០»។

នៅពេលសួរថា តើឆ្នាំថ្មីខាងមុខនេះគឺជាឱកាសដែលអាចប្រកួតខ្សែក្រវាត់កម្រិតពិភពលោក? កីឡាករគុនខ្មែរមកពីខេត្តបន្ទាយមានជ័យ ប្រាប់ថា សមត្ថភាពរបស់ខ្លួនមានកម្រិតទាបនៅឡើយ បើប្រៀបធៀបជាមួយនឹងកីឡាករដែលជាជើងឯកពិភពលោកនៅស្ថាប័ន ONE។ «រឿងចង់ចេះតែចង់ហើយ តែសមត្ថភាពមិនអាចប្រៀបជាមួយគេបានទេ»។ សុខ ធី បាននិយាយ និងបញ្ជាក់ថា៖ «ខ្ញុំមិនទាន់ហ៊ានប្រាថ្នាប្រកួតខ្សែក្រវាត់ពិភពលោកទេឆ្នាំថ្មី ព្រោះសមត្ថភាពខ្ញុំទាប។ ខ្ញុំចង់បានឱកាសប្រកួតឲ្យច្រើនគឺល្អហើយសម្រាប់ឆ្នាំថ្មី។»

ក្រៅពីបំណងប្រាថ្នាប្រកួតឲ្យបានញឹកញាប់នៅឆ្នាំថ្មី សុខ ធី បានប្តេជ្ញាអភិវឌ្ឍខ្លួនឲ្យកាន់តែល្អប្រសើរឡើងថែមទៀត។ សុខ ធី ប្រាប់ថា៖ «ខ្ញុំគ្មានចង់បានអ្វីក្រៅតែពីការខំប្រឹងបន្តទៀត ឲ្យសមត្ថភាពល្អ។»

សព្វថ្ងៃនេះ រូបគេបានកំពុងស្នាក់នៅហ្វឹកហាត់ជាប្រចាំនៅប្រទេសថៃដែលត្រូវបានអ្នកគាំទ្រមើលឃើញថា សុខ ធី មានសមត្ថភាពល្អប្រសើរជាលំដាប់។ តាមពិតទៅអ្នកលេងគុនខ្មែររូបនេះបានហ្វឹកហាត់នៅប្រទេសថៃកាលពីប៉ុន្មានឆ្នាំមុនដែលជាកន្លែងរូបគេបានសាងកេរ្តិ៍ឈ្មោះល្បីល្បាញតាមរយៈការប្រកួតនៅសង្វៀនល្បីៗរបស់ប្រទេសថៃ៕

មតិយោបល់