ឆ្លងផុតឆ្នាំ២០២០ ! អ្នកលេងគុនខ្មែរ ៣រូបបង្ហាញការចាប់អារម្មណ៍នៅសង្វៀន ONE ក្នុងវិបត្តិកូវីដ-១៩

មាស សុផាណារ៉ុង January 4, 2021


 

ភ្នំពេញ៖ នៅឆ្នាំ២០២១ នឹងរឹតតែប្រសើរឡើងសម្រាប់កីឡាករ-កីឡាការិនីកម្ពុជា ដែលបង្ហាញខ្លួននៅសង្វៀន ONE Chamionsphip ពោលពួកគេអាចនឹងឡើងសង្វៀនមួយនេះញឹកញាប់សម្រាប់អ្នកជាប់កិច្ចសន្យា និងបានឃើញអ្នកថ្មីៗមួយចំនួនទៀតផងដែរ។ រឿងរ៉ាវឆ្នាំ២០២០ ត្រូវបានរំលេចឡើងវិញសម្រាប់អ្នកមានវត្តមាននៅសង្វៀនលំដាប់ពិភពលោកមួយនេះរួមមាន ចាន់ រតនា, នៅ ស្រីពៅ និង ខុន ស៊ីចាន់។

  • ចាន់ រតនា

ដ្បិតអ្នកលេងគុនចម្រុះលេខ១ នៅកម្ពុជា ចាន់ រតនា ចាញ់ Xie Wei ក្នុងទឹកទី៣ នៅព្រឹត្តិការណ៍ប្រកួត ONE: COLLISION COURSE ឯកីឡដ្ឋាន Singapore Indoor Stadium នៃប្រទេសសិង្ហបុរី កាលថ្ងៃទី១៨ ខែធ្នូ កន្លង ប៉ុន្តែ រតនា នៅតែទទួលបានការលើកទឹកចិត្តពីសំណាក់អ្នកគាំទ្ររួមទាំងទទួលប្រាក់ឧបត្ថម្ភដោយអន្លើៗផងដែរ។

មុនរងបរាជ័យដោយថ្វីដៃកីឡាករចិន រតនា បានសាងកេរ្តិ៍ឈ្មោះជាប្រវត្តិសាស្ត្រដោយទទួលជ័យជម្នះ ៣លើកជាប់គ្នានៅសង្វៀនអន្តរជាតិមួយនោះ និងបានផ្ដល់មេរៀនជូរចត់ដល់គូប្រជែងតាមរយៈស្នៀតគុនខ្មែរ។ គេជាអ្នកលេងគុនចម្រុះខ្មែរដំបូងគេដែលឈ្នះ ៣ លើកជាប់គ្នាមិនធ្លាប់មាន មុនក្រុមហ៊ុនសែលកាតប្រកាសចុះកិច្ចសន្យាព្រមព្រៀងលើមុខតំណែងជាទូតសុច្ឆន្ទៈ។

លទ្ធផលឈ្នះ ៣លើកជាប់គ្នានោះមានដូចជាឈ្នះកីឡាករឥណ្ឌូណេស៊ី Abrou Fernandes នៅទឹកទី២, ឈ្នះកីឡាករឥណ្ឌូណេស៊ី Rudy Agustian នៅទឹកទី២ និងឈ្នះពិន្ទុជាឯកច្ឆន្ទលើ Gustavo Balart មុនរងបរាជ័យកាលខែធ្នូ។ យ៉ាងណាក្ដី បុរសវ័យ ៣៤ឆ្នាំរូបនេះនៅតែដើរតួសំខាន់ក្នុងការផ្សព្វផ្សាយក្បាច់គុនខ្មែរទៅលើឆាកអន្តរជាតិ និងទន្ទឹងរង់ចាំការបង្ហាញខ្លួនច្រើនតាមតែអាចធ្វើទៅបាននៅឆ្នាំ២០២១។ គេតាំងចិត្តថានឹងខំប្រឹងទ្វេដងដើម្បីឆ្លើយតបនឹងការគាំទ្រនៅឆ្នាំខាងមុខ និងដណ្ដើមជ័យជម្នះមកវិញឲ្យខាងតែបាន។

  • នៅ ស្រីពៅ

មិនខុសពី ចាន់ រតនា ប៉ុន្មាន ដែលលទ្ធផលមិនសមប្រកបនៅឆ្នាំ២០២០ របស់ នៅ ស្រីពៅ ប៉ុន្តែកីឡាការិនីរូបនេះទទួលបានការគាំទ្រពីទស្សនិកជន និងលើកទឹកចិត្តឲ្យបន្តប្រឹងប្រែងថែមទៀតនៅឆ្នាំថ្មី។

បែបណាក្ដី គេជាអ្នកដំបូងគេដែលអាចឆក់យកការឡើងរេញលំដាប់ពិភពលោកឡើងវិញនៅក្នុងវិបត្តិកូវីដ-១៩ ធ្ងន់ បន្ទាប់ពីសង្វៀនដំណើរការវិញ។ បើសរុបការបង្ហាញខ្លួននៅសង្វៀន ONE កន្លងមក ស្រីពៅ ឈ្នះពិន្ទុម្ដងនិងចាញ់ ២ដង (ចាញ់ពិន្ទុ ១ដង) ក្នុងការបង្ហាញខ្លួនសរុបតាំងពីឆ្នាំ២០១៩ មក។ រឿងដែលរូបគេចងចាំបំផុតគឺ សន្លប់ក្រោមកណ្ដាប់ដៃអ្នកជំនាញចំបាប់លំដាប់ពិភពលោកសញ្ជាតិឥណ្ឌា Ritu Phogat នៅទឹកទី២ ក្នុងការប្រកួតចុងក្រោយ។ នេះជាលើកដំបូងរបស់ ស្រីពៅ ដែលសន្លប់នៅសង្វៀន ONE ដោយហេតុថាការត្រៀមខ្លួនក្នុងរដូវកូវីដ-១៩ មិនសូវបានល្អប៉ុន្មាន។

គោលដៅបន្ទាប់របស់ ស្រីពៅ នៅឆ្នាំ ២០២១ គឺផ្ដោតយកមេដាយមាសនៅស៊ីហ្គេមជាអាទិភាព។ ប៉ុន្តែបើសិនឆ្លៀតឱកាសឡើងសង្វៀនធំមួយនេះបានក៏រឹតតែប្រសើរដែរដើម្បីស្ដារមុខមាត់ឡើងវិញនៅឆ្នាំថ្មី។

  • ខុន ស៊ីចាន់

ខុន ស៊ីចាន់ ដែលបច្ចុប្បន្នហ្វឹកហាត់នៅក្លិបប្រដាល់អប់រំកាយ និងកីឡា ស្រុកអន្លង់វែង និងជាកូនសិស្សគុនចម្រុះរបស់ Phmom Penh MMA ជាកីឡាករតែម្នាក់បង្ហាញខ្លួនមុនកូវីដ-១៩ ផ្ទុះឡើងខ្លាំងនៅឆ្នាំ២០២០។ ស៊ីចាន់ ចាញ់ត្រឹមទឹកទី១ ក្នុងការប្រកួតរយៈពេលជិត ៤នាទីដោយថ្វីដៃអ្នកជំនាញចំបាប់ឥណ្ឌូណេស៊ី Eko Roni Saputra កាលថ្ងៃទី០៧ ខែ កុម្ភៈ នៅព្រឹត្តិការណ៍ ONE:WARRIOR’S CODE។

តាំងពីនោះមក ស៊ីចាន់ មិនត្រូវបានចាប់គូឲ្យឡើងប្រកួតទៀតទេដោយសារកូវីដ-១៩ ទោះជាប់កិច្ចសន្យានៅសង្វៀនធំបំផុតនៅអាស៊ីមួយនេះក៏ដោយ។ បែបណាក្ដី ខុន ស៊ីចាន់ បានតាំងស្មារតីឡើងវិញនៅឆ្នាំ២០២១ និងបន្ថែមការប្រកួតក្នុងស្រុកដើម្បីបង្កើនសមត្ថភាព និងត្រៀមខ្លួនទៅប្រកួតនៅ ONE ក្នុងកាលៈទេសៈសមស្របមួយ។

បុរសវ័យ ៣៣ឆ្នាំរូបនេះ ឡើងប្រកួតនៅសង្វៀនគុនចម្រុះចំនួន ១០លើក ក្នុងនោះឈ្នះ ៣លើក និងចាញ់ ៧លើក៕

 

អត្ថបទ៖ ផ្ដល់ឲ្យ

មតិយោបល់