នៅ ស្រីពៅ ប្រាប់ក្តីស្រមៃចង់ឈ្នះមេដាយមាសស៊ីហ្គេម ឆ្នាំ២០២១ នៅវៀតណាម

មាស សុផាណារ៉ុង December 31, 2020


 

ភ្នំពេញ៖ កីឡាការិនីគុនចម្រុះ ONE Championship កញ្ញា នៅ ស្រីពៅ មានបំណងប្រាថ្នាយូរហើយនៅក្នុងអាជីពប្រដាល់សកលរបស់នាង ប៉ុន្តែរហូតដល់ពេលនេះនៅមិនទាន់បានសម្រេចឡើយ។

អ្នកលេងគុនចម្រុះលេចធ្លោលើឆាកអន្តរជាតិ នៅ ស្រីពៅ មានអាជីពប្រដាល់ចម្រុះទាំងកីឡាប្រដាល់សកល កីឡាប្រដាល់គុនខ្មែរ និងគុនចម្រុះ។ សម្រាប់អាជីពប្រដាល់សកល នាងបានជាប់ជម្រើសជាតិកម្ពុជាកាលពីឆ្នាំ២០១៨។

នៅ ស្រីពៅ ប្រាប់ថា៖ «ក្នុងនាមជាកីឡាការិនីជម្រើសជាតិ ខ្ញុំមានបំណងប្រាថ្នាចម្បងទី១ គឺលទ្ធផលពីកីឡាស៊ីហ្គេម។ ខ្ញុំមានបំណងប្រាថ្នាយូរហើយគឺចង់បានមេដាយពីកីឡាស៊ីហ្គេម»
«សម្រាប់ឆ្នាំថ្មី ឆ្នាំ២០២១ខាងមុខនេះ បំណងធំបំផុតរបស់ខ្ញុំគឺយកមេដាយពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅប្រទេសវៀតណាម។ ខ្ញុំពិតជាចង់បានមេដាយស៊ីហ្គេមជូនជាតិណាស់»។

នៅពេលសួរថា តើមេដាយកម្រិតណាដែលនាងចង់បានជូនជាតិពីប្រទេសវៀតណាមនៅឆ្នាំថ្មីខាងមុខនេះ? នៅ ស្រីពៅ បានប្រាប់ថ្នាក់ថា បំណងប្រាថ្នារបស់អ្នកកីឡាគ្រប់រូបគឺចង់បានមេដាយមាស។ «ខ្ញុំចង់បានមេដាយមាស គឺជាសុបិនយូរមកហើយ តែហោចណាស់បានត្រឹមមេដាយប្រាក់ក៏អស់ចិត្តដែរ»។ នៅ ស្រីពៅ បានបញ្ជាក់។

ពាក់ព័ន្ធនឹងអាជីពប្រដាល់គុនចម្រុះវិញ កីឡាការិនីកម្ពុជាដែលបានឈ្នះកីឡាការិនីថៃ Rika Ishige ប្រាប់ថា នាងនឹងដកឃ្លាពីការផ្តោតយកចិត្តទុកដាក់ចំពោះប្រដាល់គុនចម្រុះ។ ស្រីពៅនិយាយថា៖ «ខ្ញុំនឹងមិនផ្តោតយកចិត្តទុកដាក់ខ្លាំងទេ ពីព្រោះឆ្នាំថ្មីខាងមុខគឺសំខាន់ណាស់សម្រាប់ខ្ញុំ។ ខ្ញុំត្រូវតំណាងឲ្យជម្រើសជាតិប្រដាល់សកលទៅកីឡាស៊ីហ្គេមនៅវៀតណាម អីចឹងខ្ញុំចង់ស្វែងរកក្តីស្រមៃរបស់ខ្ញុំឲ្យម្រេច»។

ចាប់តាំងពីជាប់ជម្រើសជាតិកម្ពុជាផ្នែកប្រដាល់សកល កាលពីឆ្នាំ២០១៨ នៅ ស្រីពៅ បានចេញទៅប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០១៩ លើកដំបូងក្នុងអាជីពរបស់ខ្លួនគឺនៅប្រទេសហ្វីលីពីន។ នៅពេលនោះ កញ្ញាទទួលបានមេដាយសំរឹទ្ធ បន្ទាប់ពីចាញ់កីឡាការិនីវៀតណាម Nguyen Thi Tam នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងប្រភេទទម្ងន់ ៥១គីឡូក្រាម។

ដូច្នេះសម្រាប់ស៊ីហ្គេមឆ្នាំ២០២១ នៅប្រទេសវៀតណាមខាងមុខនេះ គឺជាលើកទី២ របស់នាងដែលសង្ឃឹមថា នឹងទទួលបានលទ្ធផលល្អប្រសើរស្របតាមបំណងប្រាថ្នាយូរអង្វែងរបស់ខ្លួន។ កញ្ញា នៅ ស្រីពៅ កើតថ្ងៃទី០១ ខែធ្នូ ឆ្នាំ១៩៩៥ នៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ប្រទេសកម្ពុជាដែលមានឪពុកឈ្មោះ គង់ នៅ និងម្តាយឈ្មោះ គឹម សយ៕

មតិយោបល់