ខុន ស៊ីចាន់ ដែលជាប់កិច្ចសន្យានៅសង្វៀន ONE បានប្រាប់គោលដៅឆ្នាំ ២០២១

មាស សុផាណារ៉ុង December 29, 2020


 

ភ្នំពេញ៖ ខុន ស៊ីចាន់ ដែលជាសិស្សគុននៅក្លិបប្រដាល់អប់រំកាយ និងកីឡា ស្រុកអន្លង់វែង និងហាត់គុនចម្រុះនៅ Phmom Penh MMA បានប្រាប់អំពីគោលដៅនៅឆ្នាំ២០២១ និងការងារដែលបានធ្វើនៅឆ្នាំ២០២០ កន្លងទៅ។

បុរសកូន៣ មកពីស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានបង្ហើបឲ្យដឹងថា៖ «ក្នុងឆ្នាំ២០២១ ខាងមុខ ខ្ញុំអាចនឹងឡើងចុះទៅប្រកួតនៅភ្នំពេញច្រើនជាងឆ្នាំ២០២០ ព្រោះថាឥឡូវនេះខាងស្ថានីយទូរទស្សន៍មួយបានប្រាប់មកខ្ញុំឲ្យត្រៀមខ្លួនដើម្បីវ៉ៃក្នុងកម្មវិធីម៉ារ៉ាតុន។ នៅឆ្នាំ២០២០ ខ្ញុំឡើងប្រកួតក្នុងស្រុកបាន ៥ដងប៉ុណ្ណោះ និងនៅសង្វៀន ONE Championship បានម្ដងគត់ មុនពេលស្ថានភាពមិនល្អដោយសារកូវីដ-១៩។»

ស៊ីចាន់ រងបរាជ័យត្រឹមទឹកទី១ ក្នុងការប្រកួតរយៈពេលជិត ៤នាទីដោយថ្វីដៃកីឡាករជម្រើសជាតិចំបាប់ឥណ្ឌូណេស៊ី Eko Roni Saputra កាលថ្ងៃទី០៧ ខែកុម្ភៈ នៅព្រឹត្តិការណ៍ ONE:WARRIOR’S CODE។ នេះជាការការប្រកួតចុងក្រោយរបស់គេនៅសង្វៀនធំបំផុតប្រចាំទ្វីបអាស៊ី។ បែបណាក្ដី ស៊ីចាន់ បានបន្តហ្វឹកហាត់នៅខេត្តឧត្តរមានជ័យ និងឡើងចុះដើម្បីមកប្រកួតនៅសង្វៀននៅភ្នំពេញ រហូតដល់ ៤លើកដែរមុនដាច់ឆ្នាំ២០២០ នេះ បន្ទាប់ពីចាញ់ Saputra។

នៅឆ្នាំ២០២១ ខាងមុខ បុរសវ័យ ៣៣ ឆ្នាំនឹងឡើងមកហ្វឹកហាត់នៅក្លិបខ្លារខិនមានរិទ្ធិ ញឹកញាប់ ពេលរូបគេប្រកួតនៅភ្នំពេញ និងឆ្លៀតពេលហ្វឹកហាត់ក្បាច់ MMA នៅពេលល្ងាចទៀតផងដើម្បីត្រៀមឱកាសទៅប្រកួតនៅសង្វៀន ONE នាឆ្នាំ២០២១។ អ្នកលេងគុនខ្មែររូបនេះសង្ឃឹមថា រូបគេនឹងទទួលបានការប្រកួតនៅសង្វៀនក្នុងស្រុកច្រើនជាងឆ្នាំ២០២១ និងបង្កើនសមត្ថភាពប្រយុទ្ធកាន់តែប្រសើរឡើង។

បែបណាក្ដី លោក Alan Mccune ដែលជាគ្រូបង្វឹកគុនចម្រុះផ្ទាល់បានថ្លែងនាពេលថ្មីៗនេះថា៖ «ស៊ីចាន់ ទើបទទួលបានចំណងដៃកូនប្រុសមួយទៀតនៅខេត្តឧត្ដរមានជ័យ ជិតមួយខែមកនេះ និងត្រូវការមើលថែគ្រួសាររបស់គេ។ ដូច្នេះ បើមានការចាប់គូប្រកួត នោះអាចនឹងកើតឡើងនៅពាក់កណ្ដាលឆ្នាំ២០២១ នៅសង្វៀន ONE»។

គួរដឹងថា ខុន ស៊ីចាន់ បានចាប់ផ្ដើមហ្វឹកហាត់គុនចម្រុះនៅឆ្នាំ២០១៣ ពេលស្ថានីយទូរទស្សន៍ ស៊ីធីអ៊ិនបង្កើតកម្មវិធីប្រកួតដាក់ទ្រុង ឬ គុនចម្រុះ ក្រោមការបង្ហាត់ក្បាច់គុនចម្រុះពីសំណាក់លោកគ្រូ Alan Mccune និងគ្រូបង្វឹកផ្សេងៗច្រើនទៀត នារដូវកាលដំបូង។ ក្នុងរដូវកាលបើកឆាកនេះ ស៊ីចាន់ ឈ្នះជើងឯក Khmer Warrior Challenge ទម្ងន់ Flyweight និងក្លាយជាកីឡាករដំបូងគេដែលឈ្នះជើងឯកគុនចម្រុះនៅកម្ពុជា។

សរុបក្នុងអាជីពគុនចម្រុះ ស៊ីចាន់ ឡើងសង្វៀនបាន ១០ ដងក្នុងនោះ ឈ្នះ ៣ ដង និចាញ់ ៧ ដង៕

មតិយោបល់