ឆ្នាំថ្មីខាងមុខ ចាន់ រតនា ប្រាថ្នារកទីតាំងបើកក្លឹបហាត់ប្រាណ និងប្រដាល់ «សិល្បៈ» របស់ខ្លួនឲ្យកាន់តែល្អ

មាស សុផាណារ៉ុង December 28, 2020


 

ភ្នំពេញ៖ អ្នកលេងគុនចម្រុះកម្ពុជា ចាន់ រតនា ចង់បានទីតាំងបើកក្លឹបហាត់ប្រាណ និងប្រដាល់ «សិល្បៈ» របស់ខ្លួនឲ្យល្អប្រសើរជាងពេលបច្ចុប្បន្នសម្រាប់ឆ្នាំ២០២១ ខាងមុខ។

តារាទូតសុច្ឆន្ទៈសែលកាត ចាន់ រតនា បានប្រាប់ថា រូបគេមិនសូវពេញចិត្តចំពោះទីតាំងក្លឹបប្រដាល់របស់ខ្លួននាពេលបច្ចុប្បន្នទេ។ ទីតាំងបច្ចុប្បន្ននេះគឺស្ដិតនៅផ្ទះលេខ១០៩ ផ្លូវ១៣BT រាជធានីភ្នំពេញ។

ទីតាំងក្លឹបដែលរូបគេជួលសព្វថ្ងៃនេះមិនសូវមានអំណោយផលល្អសម្រាប់អ្នកដែលស្វែងរក និងមិនសូវស្រលះល្អដែលងាយទាក់ទាញអ្នកទៅហាត់ទាំងខ្មែរ និងបរទេស។ ជាពិសេសទៀតនោះ រូបគេចង់បានបំផុតគឺទីតាំងផ្ទាល់ខ្លួនដែលលែងជួលគេទៀតហើយ។

ចាន់ រតនា បានប្រាប់ថា៖ «សម្រាប់ឆ្នាំថ្មីខាងមុខ គឺខ្ញុំចង់បានទីតាំងបើកក្លឹបផ្ទាល់ខ្លួន តែមិនប្រាកដថា បានសម្រេចឬយ៉ាងណាទេ ពីព្រោះចំណូលចំណាយឆ្នាំ២០២០នេះជួបការលំបាកខ្លាំង»។
«បើមិនអាចស្វែងទីតាំងជារបស់ខ្លួនបើកទេ ក៏ខ្ញុំត្រូវជួលគេដែលមានទីតាំងល្អប្រសើរដែលគេងាយស្គាល់ ងាយស្វែងរក ធំទូលាយ ហើយមិនសូវថ្លៃផង»។ ចាន់ រតនា បានបញ្ជាក់។

រហូតមកដល់ពេលនេះ អ្នកលេងគុនចម្រុះលេខ១កម្ពុជា បានជួលទីតាំងគេបើកក្លឹប «សិល្បៈ» ពីរបីកន្លែងហើយ។ ការជួលនេះគឺពិតជាពិបាកខ្លាំងសម្រាប់រូបគេដែលខំប្រឹងបង្ហាត់សិស្សដើម្បីរកចំណូលសម្រាប់ចេញថ្លៃជួលប្រចាំខែ។

និយាយពីឆ្នាំ២០២០នេះ កីឡាករលេចធ្លោលើឆាកអន្តរជាតិ ONE Championship ចាន់ រតនា មិនខុសពីប្រជាពលរដ្ឋទូទៅ ឬកីឡាករដូចគ្នាឡើយពោលគឺជួបបញ្ហាលំបាកដូចគ្នារឿងចំណូល-ចំណយដោយជំងឺខូវិត-១៩។

ចាន់ រតនា បានឡើងប្រកួតតែម្តងប៉ុណ្ណោះក្នុងឆ្នាំ២០២០នេះ ប៉ុន្តែបានចាញ់កីឡាករចិន Xie Wei ក្នុងទឹកទី៣ កាលពីថ្ងៃទី១៨ ខែធ្នូ កន្លងទៅថ្មីៗនេះ។ សម្រាប់ឆ្នាំថ្មីខាងមុខនេះ រូបគេបានប្តេជ្ញាហ្វឹកហាត់ និងអភិវឌ្ឍខ្លួនឲ្យកាន់តែល្អប្រសើរថែមទៀតដើម្បីសាងកេរ្តិ៍ឈ្មោះគុនខ្មែរលើឆាកអន្តរជាតិ។

ជាពិសេសទៀតនោះ រូបគេសង្ឃឹមទទួលបានឱកាសឡើងប្រកួតញឹកញាប់ដើម្បីទទួលបានចំណូលសម្រាប់ទ្រទ្រង់ក្លឹប ក៏ដូចជាបោះជំហានទៅកាន់ទីកាន់តែខ្ពស់ស្របតាមគោលបំណងរបស់ខ្លួនដែលចង់ក្លាយជាកីឡាករកម្ពុជាទី១ឈ្នះជើងឯកពិភពលោក៕

មតិយោបល់