ទីបំផុត ចាន់ រតនា បង្ហើបមូលហេតុដែលនាំឲ្យចាញ់ Xie Wei ក្នុងទឹកទី៣

មាស សុផាណារ៉ុង December 24, 2020


 

ភ្នំពេញ៖ អ្នកលេងគុនចម្រុះកម្ពុជា ចាន់ រតនា បានចាញ់កីឡាករចិន Xie Wei ក្នុងទឹកទី៣ នៅព្រឹត្តិការណ៍ប្រកួត ONE: COLLISION COURSE កាលពីថ្ងៃសុក្រ ទី១៨ ខែធ្នូ កន្លងទៅនៅកីឡដ្ឋាន Singapore Indoor Stadium នៃប្រទេសសិង្ហបុរី។

ការប្រកួតនោះ នៅដើមទឹកទី១ ជើងខ្លាំងចិន Wei បានព្យាយាមសម្រុកដោយប្រើកណ្ដាប់ដៃចូលមួយពីរ ខណៈអ្នកលេងគុនចម្រុះកម្ពុជាព្យាយាមការពារ និងវ៉ៃឆ្មក់មួយៗ។ នៅពាក់កណ្ដាលទឹកទឹ១ Xie Wei បានកាច់ផ្តួល ចាន់ រតនា ទៅក្ដាររេញ ប៉ុន្តែមិនបានប្រើជំនាញក្រោមអ្វីគ្រោះថ្នាក់ឡើយ រហូតអ្នកលេងគុនខ្មែរដោះខ្លួនរួច និងបានឡើងជង្គង់ខ្លះៗ មុនផ្ដួលទៅក្ដាររេញម្ដងទៀតមុនបញ្ចប់ទឹកនេះ។ នៅទឹកទី២ រតនាមានប្រៀបឈ្នះពិន្ទុតាមរយៈការប្រើកណ្ដាប់ដៃ និងការទាត់កាត់ជារឿយៗដែលធ្វើឲ្យកីឡាករចិនមិនហ៊ានកញ្ជ្រោលខ្លាំង។

អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតសម្រាប់តារាប្រដាល់ទូតសុច្ឆន្ទៈសែលកាតគឺនៅទឹកទី៣។ រតនា បានប្រើជំនាញគុនខ្មែររបស់ខ្លួនវ៉ៃចូលពីរដៃនាដើមទឹក មុនពេលកីឡាករចិនសងវិញ។ ទឹកនេះ គេប្រើស្នៀតឈរវ៉ៃដោយទទួលបានផលចំណេញច្រើនទាំង កណ្ដាប់ដៃល្អៗ និងទាត់ផ្កាប់ចានចំកបណ្តាលឲ្យកីឡាករចិនដួល។

ចូលទឹកទី៣ អ្វីៗហាក់ដូចប្រែប្រួលនៅពេល ចាន់ រតនា ព្យាយាមវ៉ៃមួយៗដើម្បីសន្សំពិន្ទុ ខណៈកីឡាករចិនហាក់ដូចជាដឹងខ្លួនចាញ់ប្រៀបក៏ចាប់ផ្តើមវ៉ៃសម្រុក។ នៅពេលកីឡាករកម្ពុជាចន្លោះប្រហោងការពារខាងលើ Xie Wei បានវ៉ៃចូលមួយដៃឆ្វេងដែលបណ្តាលឲ្យ រតនា ដួល និងវ៉ៃថែមពីលើជាច្រើនដៃរហូតអាជ្ញាកណ្តាលបញ្ឈប់នៅនាទីទី១:៣៩ នៃទឹកទី៣។

ក្រោយចប់ការប្រកួតម្ចាស់ក្លិប «សិល្បៈ» បានឲ្យដឹងថា រូបគេពិតជាសោកស្តាយណាស់ដែលធ្វើប្រហែសបន្តិចក៏ត្រូវបានកីឡាករចិនវ៉ៃចូលបណ្តាលឲ្យដួល។ ទូតសុច្ឆន្ទៈសែលកាតនិយាយថា៖ «បន្ទាប់ពីខ្ញុំស្ទង់ដឹងសមត្ថភាពរបស់ដៃគូពីរទឹកកន្លងទៅ ខ្ញុំអាចយល់ពីសមត្ថភាពរបស់ដៃគូ។ ខ្ញុំដូចជាមើលស្រាលដៃគូនៅទឹក៣ ហើយក៏មិនសូវប្រុងប្រយ័ត្នដែលត្រូវដៃគូវ៉ៃដៃឆ្វេងត្រូវ។ នេះជាមេរៀនមួយដែលខ្ញុំត្រូវប្រុងប្រយ័ត្នទៅថ្ងៃក្រោយ។»

ទោះបីជាយ៉ាងណា អ្នកគាំទ្រជាច្រើននៅតែគាំទ្រ និងលើកទឹកចិត្ត ចាន់ រតនា ទាំងផ្នែកស្មារតី និងថវិកា បើទោះបីជាចាញ់ក៏ដោយ។ រតនា បាននិយាយថា៖ «ខ្ញុំមានអារម្មណ៍សប្បាយចិត្ត និងមានកម្លាំងចិត្តដើម្បីខិតខំប្រឹងប្រែងបន្តទៀត។ ខ្ញុំតាំងចិត្តធ្វើឲ្យបានល្អលើសមុន ព្រោះមិនចង់ឲ្យបងប្អូនខកបំណង។ ខ្ញុំសូមអរគុណច្រើនដល់បងប្អូនទាំងអស់ដែលបានឧបត្ថម្ភគាំទ្រ និងលើកទឹកចិត្ត។ ខ្ញុំពិតជាត្រេកអរដែលនៅតែគាំទ្រខ្ញុំ ទោះជាខ្ញុំបានចាញ់។»

នេះជាបរាជ័យលើកទី៣របស់ ចាន់ រតនា ទៅកីឡាករចិន បន្ទាប់ពីលើកទី១ចាញ់ពិន្ទុ Ma Haobin នៅព្រឹត្តិការណ៍ ONE: Heroes of the World នៅទីកោះម៉ាកាវ ប្រទេសចិនកាលពីឆ្នាំ២០១៦ និងលើកទី២ចាញ់ Xie Bin ដោយចុះចាញ់ក្នុងទឹកទី២នៅព្រឹត្តិការណ៍ ONE: Kings of Destiny នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីនឆ្នាំ២០១៧៕

 

អត្ថបទ៖ ផ្ដល់ឲ្យ

មតិយោបល់