Xie Wei ថានឹងបញ្ចប់ ចាន់ រតនា នៅទឹកទី២នាយប់នេះ
មាស សុផាណារ៉ុង December 18, 2020
សិង្ហបុរី៖ តារាគុនចម្រុះចិន Xie Wei បានដាក់គោលដៅផ្ដួល ចាន់ រតនា នៅត្រឹមទឹកទី២ នៅយប់នេះនាប្រទេសសិង្ហបុរី។
Xie Wei ជួប រតនា នៅព្រឹត្តិការណ៍ប្រកួត ONE: COLLISION COURSE ឯកីឡដ្ឋាន Singapore Indoor Stadium នារាត្រីថ្ងៃសុក្រ ទី១៨ ខែធ្នូនេះ ដែលផ្សាយផ្ទាល់ពីផេកហ្វេសប៊ុក និង YouTube ផ្លូវការរបស់ ONE Championship ចាប់ពីម៉ោង ៧:៣០ យប់តទៅ។
Xie Wei បានឲ្យដឹងថា៖ «ខ្ញុំមានកិត្តិយសខ្លាំងណាស់ក្នុងការប្រកួតនៅសង្វៀនលំដាប់ពិភពលោក និងប្រកួតតំណាងឲ្យប្រទេសរបស់ខ្ញុំ។ ខ្ញុំបានឆ្លងកាត់បទពិសោធន៍ដ៏លំបាកមួយក្នុងលោកពីសង្វៀន ONE HERO SERIES នៅចិន និងមានឱកាសធំបំផុតនៅសង្វៀនលំដាប់ពិភពលោក ONE Championship។»
តារាគុនចម្រុះចិនបានសង្កត់ធ្ងន់ទៀតថា៖ «ពេលនេះ ខ្ញុំគិតថា ខ្ញុំល្អជាងលើកមុន។ ខ្ញុំបានរៀបចំនិងត្រៀមខ្លួនប្រកួត ៣ទឹកឲ្យល្អបំផុតជាមួយគូប្រកួតរបស់ខ្ញុំនាពេលនេះ។ ខ្ញុំហ៊ានទាយថា ខ្ញុំនឹងបញ្ចប់ ចាន់ រតនា ត្រឹមទឹកទី២។ បច្ចុប្បន្ននេះ ក្ដីស្រមៃរបស់ខ្ញុំគឺកើនចំណាត់ថ្នាក់នៅទម្ងន់ flyweight ។ ហើយបន្ទាប់ទៀត ខ្ញុំនឹងចាប់ផ្ដើមក្ដីសុបិនធំទៅថ្ងៃមុខ។»
ជាមួយគ្នានោះ តារាគុនចម្រុះទូតសុច្ឆន្ទៈរបស់ក្រុមហ៊ុនសែលកាត ចាន់ រតនា យល់ឃើញថា ការប្រកួតរបស់ខ្លួននាយប់នេះនេះនឹងមិនបាន៣ទឹកពេញទេ ហើយក៏ជាគោលបំណងដែលខ្លួនចង់បានដែរ។
ចាន់ រតនា បញ្ជាក់៖ «ការប្រកួតនេះនឹងមានម្នាក់សន្លប់។ បើមិនគេទេ គឺយើង។ ខ្ញុំស្គាល់ច្បាស់ហើយ Xie Wei ជាកីឡាករអន្ទះសាម្នាក់។ គ្រាន់តែសំឡេងកណ្តឹងរោទិ៍ឡើងភ្លាម គាត់ច្បាស់ជារុលសម្រុកចូលវ៉ៃហើយ។»