ចាន់ រតនា ប្រាប់ចំណុចពិសេសរបស់ខ្លួនមានប្រៀបលើ Xie Wei

មាស សុផាណារ៉ុង December 16, 2020


 

សិង្ហបុរី៖ អ្នកលេងគុនចម្រុះកម្ពុជា ចាន់ រតនា ត្រូវប្រកួតជាមួយជើងខ្លាំងចិន Xie Wei នៅព្រឹត្តិការណ៍ ONE: COLLISION COURSE នៅកីឡដ្ឋាន Singapore Indoor Stadium រាត្រីថ្ងៃសុក្រទី១៨ ខែធ្នូនេះ។

មុនសមរភូមិប្រយុទ្ធកក្រើកសង្វៀននៅប្រទេសសិង្ហបុរីមកដល់ តារាទូតសុច្ឆន្ទៈសែលកាត ចាន់ រតនា បានសិក្សាស្វែងយល់លំអិតពីដៃគូរបស់ខ្លួនលើកនេះ និងបានឃើញពីលក្ខណៈពិសេសរបស់ខ្លួនដែលមានប្រៀបលើកីឡាករចិន។

ចាន់ រតនា និយាយថា៖ «ការហ្វឹកហាត់របស់ខ្ញុំរលូនជាងកាលនៅពីក្មេង។ កាលពីក្មេង ខ្ញុំហាត់មិនដិតដល់ ធ្វើឲ្យខ្ញុំឆាប់អស់កម្លាំង។ ប៉ុន្តែពេលហាត់គុនចម្រុះ ខំប្រឹងខ្លាំងធ្វើឲ្យខ្ញុំមានកម្លាំងស៊ុហ្វល្អជាងនៅពីក្មេង។ សម្រាប់ការហាត់ដិតដល់របស់ខ្ញុំនាពេលនេះ គឺខ្ញុំគិតថា Xie Wei ពិតជាមិនស្រួលធ្វើខ្ញុំ ហើយខ្ញុំអាចនិយាយថា ការហ្វឹកហាត់ដិតដល់គឺអាចឲ្យខ្ញុំមានប្រៀបលើគាត់។»

ជាពិសេសទៀតនោះ អ្នកលេងគុនចម្រុះកម្ពុជា ចាន់ រតនា គិតថា ក្បាច់វ៉ៃគុនខ្មែររបស់ខ្លួនគឺមានប្រៀបលើដៃគូលើកនេះ។ «តាមមើលអាវុធរបស់គាត់ (Xie Wei) គឺជំនាញវ៉ៃឃីកបុកសីង គឺមិនមានអ្វីពិសេសទេ។ ខ្ញុំគិតថា អាវុធរបស់គាត់ធម្មតា។ ប្រៀបធៀបជាមួយនឹងក្បាច់វ៉ៃគុនខ្មែរ ខ្ញុំគិតថា ខ្ញុំល្អជាង។ ខ្ញុំអាចទាត់ និងវ៉ៃកណ្តាប់ដៃបានល្អ ហើយខ្ញុំក៏អាចប្រើកែង និងជង្គង់បានទៀត។» ចាន់ រតនា បានពន្យល់។

អ្នកទាំងពីរជាកីឡាករដែលមានជំនាញវ៉ៃឈរ និងប្រយោលដូចគ្នា ខណៈក្បាច់គុនចម្រុះឬក្បាច់ក្រោមមិនសូវល្អដូច។ ប៉ុន្តែកីឡាករទាំងពីរមានស្នៀតការពារក្បាច់ក្រោមល្អដូចគ្នា។

Xie Wei ត្រូវបានមើលឃើញថា មានកម្លាំងស៊ុហ្វខ្លាំងជាង ចាន់ រតនា ហើយចលនាបម្លាស់ទីក៏លឿនថែមទៀត ពីព្រោះគាត់ទើបអាយុ ២៤ឆ្នាំ ដែលក្មេងជាងអ្នកលេងគុនខ្មែរ ១០ឆ្នាំ។ រតនា ប្រាប់ថា៖ «ចំណុចខ្លាំងរបស់គាត់គឺពូកែគ្រប់គ្រងលើដៃគូប្រកួតនៅពេលប្រឈមដៃគូនៅលើសង្វៀន ដោយសារល្បឿនលឿន។ គាត់ល្អក្បាច់ការពារគឺមិនងាយឲ្យដៃគូដាក់គំនាប ឬគៀបសង្កត់លើគាត់បានងាយស្រួល ពីព្រោះកម្លាំងគាត់ខ្លាំង។»

សម្រាប់ការប្រកួតជាមួយ Xie Wei ដែលជាកីឡាករចិនទី៣ត្រូវបាន ចាន់ រតនា សង្ឃឹមថា នឹងព្យាយាមប្រើជំនាញគុនខ្មែរដែលមានបទពិសោធរាប់ឆ្នាំរបស់ខ្លួន។ ទោះជាយ៉ាងណា ប្រសិនបើកីឡាករចិនម្នាក់នេះព្យាយាមវ៉ៃក្បាច់ក្រោមក៏គេមិនខ្លាចដែរ។

ម្ចាស់ក្លិបប្រដាល់ «សិល្បៈ» រំពឹងថា លើកនេះរូបគេនឹងព្យាយាមបញ្ចប់កំណត់ត្រាអាក្រក់ជាមួយកីឡាករចិន និងបើកផ្លូវទៅរកជួបប្រកួតជាមួយជើងខ្លាំងលំដាប់ពិភពលោក បន្ទាប់ពីចាញ់ពិន្ទុកីឡាករចិនទាំងពីរគឺ Ma Haobin និង Xie Bin ដែលជាកំណត់ត្រាមិនទាន់ឈ្នះកីឡាករចិន។

អ្វីដែលពិសេសទៀតនោះ ចាន់ រតនា ចាត់ទុកកីឡាករ Xie Wei ជាដៃគូស័ក្តិសមបំផុតសម្រាប់ខ្លួនដែលពូកែក្បាច់វ៉ៃឈរប្រយោល និងគុនចម្រុះដូចគ្នានៅព្រឹត្តិការណ៍ ONE: COLLISION COURSE នៅកីឡដ្ឋាន Singapore Indoor Stadium នារាត្រីថ្ងៃសុក្រ ទី១៨ ខែធ្នូខាងមុខនេះ៕

 

អត្ថបទ៖ ផ្ដល់ឲ្យ

មតិយោបល់