គ្រូបង្វឹកខ្សែក្រវាត់ខ្មៅ៣ដាន់ ព្យាករថា ចាន់ រតនា អាចផ្ដួល Xie Wei នៅទឹកទី៣

មាស សុផាណារ៉ុង December 15, 2020


 

សិង្ហបុរី៖ លោក Fernando Salvador ដែលគេស្គាល់ថាជាគ្រូបង្វឹកកម្រិតខ្សែក្រវាត់ខ្មៅក្បាច់គុនជឺជិតស៊ូ ៣ដាន់បានចេញមកព្យាករថា អ្នកលេងគុនចម្រុះលេខ១កម្ពុជា ចាន់ រតនា អាចនឹងផ្ដួលជើងខ្លាំងចិន Xie Wei ឲ្យសន្លប់នាទឹកទី៣។

ការព្យាករនេះកើតឡើងមុនពេលសិស្សគុនមកពីក្លិប «សិល្បៈ» ត្រូវប្រឈមនឹងជើងខ្លាំងមកពីចិន Xie Wei ក្នុងទម្ងន់ Flyweight នៅព្រឹត្តិការណ៍ ONE: COLLISION COURSE នាថ្ងៃទី១៨ ខែ ធ្នូ ខាងមុខនៅកីឡដ្ឋាន Singapore Indoor Stadium នៃ ប្រទេសសិង្ហបុរី។

គ្រូបង្វឹកដែលបានហ្វឹកហាត់ជាមួយគ្រូគុនស្ថាបនិក MMA នៅសហរដ្ឋអាមេរិករូបនេះបានពន្យល់លក្ខណៈទូទៅថា៖ «រតនា បានបោះជំរំហ្វឹកហាត់បានល្អ។ ស្នៀតប្រយុទ្ធ និងកម្លាំងរបស់គេជាកត្តាដ៏សំខាន់មួយ។ ខ្ញុំជឿជាក់ថា Xie Wei ប្រហែលនឹងប្រើវិធីវាយបកលើក្បាច់ប្រដាល់របស់ រតនា តាមរយៈការចាប់អុកជង្គង់ និងចាប់បោកដោយប្រើក្បាច់ចំបាប់មិនខាន។»

គ្រូបង្វឹកវ័យ ៥០ឆ្នាំបន្តទៀតថា៖ «Xie Wei មានកម្លាំងស្ទុះល្អណាស់ និងខ្លាំងទៀតផង។ ហើយបើគអាចរក្សាការគាបលើ រតនា មិនឲ្យរើរួចនៅលើក្ដាររេញ នោះជាបញ្ហាសម្រាប់ជើងខ្លាំងកម្ពុជាមិនខាន។»

នាពេលកន្លងទៅ លោកសរសើរដល់ ចាន់ រតនា ថាជាអ្នកប្រកួតគុនចម្រុះដ៏អស្ចារ្យម្នាក់តំណាងឲ្យកម្ពុជាតាមរយៈការទទួលជ័យជម្នះ៣លើកជាប់គ្នានៅសង្វៀនអន្តរជាតិ ONE Championship។ រតនា ហ្វឹកហាត់ល្អ តមអាហារ និងមានការគាំទ្រពីសំណាក់គ្រូបង្វឹកពាក់ព័ន្ធជាពិសេសគ្រូបង្វឹក Lorenzo បានរួមចំណែកធំធេងដល់ភាពជោគជ័យនេះ។

គ្រូបង្វឹកជំនាញជឺជិតស៊ូតសង្កត់ធ្ងន់ដូច្នេះ៖ «ក្នុងករណីដែល រតនា អាចបន្តប្រកួតបាន៣ទឹក នោះកីឡាករកម្ពុជាយើងច្បាស់ជាមានឱកាសដើម្បីផ្ដួលឲ្យសន្លប់មិនខានឡើយ។ បើ Wei គេប្រកួតនៅលើក្ដាររេញ វាជាការដោះប្រស្នារបស់ រតនា មួយ ប៉ុន្តែគេធ្លាប់ធ្វើបានជោគជ័យ និងមានបទពិសោធន៍គេចផុតពីឃ្លេសម្លាប់ជាច្រើនមកហើយ។ ខ្ញុំគិតថាវាមិនជាបញ្ហាចោទសម្រាប់អ្នកលេងគុនខ្មែររបស់យើងទេ។»

លោក Fernando Salvador បានបង្ហាត់ចំបាប់តាំងពីឆ្នាំ១៩៨៩ ហើយបន្ទាប់មកទៀតបន្តទៅបង្ហាត់ ជឺជិតស៊ូ (Jiu jitsu) និងគុនចម្រុះ (MMA) ដល់បច្ចុប្បន្ន៕

 

អត្ថបទ៖ ស៊ីធី

មតិយោបល់