ចាន់ រតនា បង្ហើបគម្រោង ចង់បញ្ចប់ការប្រកួតជាមួយ Xie Wei មិនឲ្យដល់ទឹក៣

មាស សុផាណារ៉ុង December 15, 2020


 

សិង្ហបុរី៖ ទីបំផុត ការទន្ទឹងរង់ចាំអស់រយៈពេលជាច្រើនខែរបស់ ចាន់ រតនា ក្នុងការវិលមកកាន់សង្វៀនគុនចម្រុះពិភពលោក ONE Championship នឹងបង្ហាញនៅចុងសប្តាហ៍នេះហើយ។

អ្នកលេងគុនចម្រុះលេខ១កម្ពុជា ចាន់ រតនា ត្រូវឡើងសមរភូមិប្រយុទ្ធជាមួយជើងខ្លាំងចិន Xie Wei នៅព្រឹត្តិការណ៍ប្រកួត ONE: COLLISION COURSE ឯកីឡដ្ឋាន Singapore Indoor Stadium នារាត្រីថ្ងៃសុក្រ ទី១៨ ខែធ្នូ នេះ។

ទន្ទឹមជាមួយនឹងការត្រៀមខ្លួនរួចរាល់ និងបានដំណើរទៅដល់ប្រទេសសិង្ហបុរីរួចរាល់ហើយ តារាប្រដាល់ទូតសុច្ឆន្ទៈសែលកាត ចាន់ រតនា មានគោលដៅច្បាស់លាស់ក្នុងការបញ្ចប់ការប្រកួតជាមួយជើងខ្លាំងមកពីប្រទេសចិនដែលជាកីឡាករទី៣ សម្រាប់ប្រវត្តិប្រកួតរបស់ខ្លួន។

ចាន់ រតនា បាននិយាយថា៖ «ក្នុងចិត្តខ្ញុំគឺចង់ឲ្យការប្រកួតនេះអត់ដល់៣ទឹក។ ខ្ញុំនឹងព្យាយាមបញ្ចប់ការប្រកួតជាមួយ Xie Wei ឲ្យបានលឿនបំផុតតាមលទ្ធភាពដែលអាចទៅរួច។ ភាគរយខ្ពស់បំផុតសម្រាប់ការប្រកួតខាងមុខនេះគឺអត់ចប់៣ទឹកទេ។»

ចាន់ រតនា បានគិតក្នុងចិត្ត និងពន្យល់ថា៖ «ខ្ញុំស្គាល់ច្បាស់ហើយ កីឡាករចិន Xie Wei ជាកីឡាករអន្ទះសាម្នាក់។ គ្រាន់តែសំឡេងកណ្តឹងរោទិ៍ឡើងភ្លាម គាត់ច្បាស់ជារុលសម្រុកចូលវ៉ៃហើយ។» «ដូច្នេះខ្ញុំគិតថា ការប្រកួតនេះនឹងមានម្នាក់សន្លប់។ បើមិនគេទេ គឺយើង ព្រោះទាំងខ្ញុំ ទាំងគាត់អត់បណ្តោយពេលវេលាអូសន្លាយទេ។» ចាន់ រតនា បានសង្កត់ធ្ងន់បែបនេះ។

មុនការប្រកួតមកដល់ ចាន់ រតនា បានសម្លឹងឃើញពីភាពខ្លាំង និងចំណុចខ្សោយរបស់ដៃគូដើម្បីត្រៀមខ្លួនទប់ទល់។ ចំណុចខ្លាំងរបស់ Xie Wei គឺពូកែគ្រប់គ្រងលើដៃគូប្រកួតនៅពេលប្រឈមដៃគូនៅលើសង្វៀនជាមួយនឹងចលនាគ្រប់គ្រងដៃគូបានល្អ។ មួយទៀតកីឡាករចិនល្អក្បាច់ការពារ។ ជាមួយគ្នានេះ កម្លាំងស៊ុហ្វក៏ជាកត្តាសំខាន់ធ្វើឲ្យកីឡាករចិនលឿន និងរើដោះខ្លួនចេញពីគៀបសង្កត់របស់ដៃគូបាន។

បើនិយាយពីអាវុធវិញ ត្រូវបានអ្នលេងគុនខ្មែរលេខ១កម្ពុជារូបនេះមើលឃើញថា មិនសូវមានជំនាញច្បាស់លាស់ណាមួយទេដែលអាចចាត់ទុកជាចំណុចខ្សោយ និងអាចទប់ទល់បាន។
ម្ចាស់ក្លឹបប្រដាល់ «សិល្បៈ» រំពឹងថា លើកនេះរូបគេនឹងព្យាយាមបញ្ចប់កំណត់ត្រាអាក្រក់ជាមួយកីឡាករចិន បន្ទាប់ពីចាញ់២នាក់កន្លងមក។

ចាន់ រតនា ចាត់ទុកកីឡាករ Xie Wei ជាដៃគូស័ក្តិសមបំផុតសម្រាប់ខ្លួនដែលពូកែក្បាច់វ៉ៃឈរប្រយោល និងគុនចម្រុះដូចគ្នានៅព្រឹត្តិការណ៍ ONE: COLLISION COURSE នៅកីឡដ្ឋាន Singapore Indoor Stadium នារាត្រីថ្ងៃសុក្រ ទី១៨ ខែធ្នូខាងមុខនេះ៕

 

អត្ថបទ៖ ផ្ដល់ឲ្យ

មតិយោបល់