៥សំណួរអំពីផែនការរបស់ នៅ ស្រីពៅ និងរឿងចងចាំបំផុតឆ្នាំ២០២០

មាស សុផាណារ៉ុង December 14, 2020


 

ភ្នំពេញ៖ នៅ ស្រីពៅ ជាកីឡាការិនីគុនខ្មែរលេចធ្លោបំផុតប្រចាំព្រះរាជាណាចក្រកម្ពុជា រហូតដល់មានឈ្មោះទៅប្រកួតនៅសង្វៀនលំដាប់អន្តរជាតិរបស់មីយ៉ាន់ម៉ា និង ONE Championship ជាបន្តបន្ទាប់ និងចេញទៅប្រកួតនៅស៊ីហ្គេមកន្លងមកទៀតផង។

ស្រីពៅ អាចប្រកួតបាន​៣ប្រភេទកីឡាផ្សេងគ្នាដូចជាគុនខ្មែរ ,គុនចម្រុះ និងប្រដាល់សកល។ សិស្សគុនមកពីក្លិបតាឡីដំរីមានរិទ្ធិ ដែលឡើងប្រកួតនៅសង្វៀន ONE ចំនួន ៣លើកនោះ បានរៀបចំផែនការសម្រាប់ឆ្នាំ២០២១ និងប្រាប់រឿងល្អ ព្រមទាំងរឿងចងចាំបំផុតក្នុងឆ្នាំ២០២០ តាមរយៈ ៥សំណួរដូចខាងក្រោម។

ONE៖ ជម្រាបសួរ ស្រីពៅ ! តើឆ្នាំ២០២១ ខាងមុខ មានផែនការអ្វីខ្លះសម្រាប់អាជីពរបស់ខ្លួន?

ស្រីពៅ៖ ចាស៎ បង! នៅឆ្នាំ២០២១ បើអត់មានបញ្ហាកូវីដ-១៩ មកយាយីទៀត គឺខ្ញុំត្រៀមហ្វឹកហាត់ និងអភិវឌ្ឍខ្លួនបន្ថែមដើម្បីចូលរួមប្រកួតស៊ីហ្គេម ដែលរៀបចំនៅវៀតណាមនាចុងឆ្នាំក្រោយនេះបង។

ONE៖ ចុះ! ស្រីពៅ គិតថា អាចមានផែនការឡើងសង្វៀនប៉ុន្មានដងនៅឆ្នាំថ្មី?

ស្រីពៅ ៖ អត់ទាន់ដឹងច្បាស់បង ប៉ុន្តែខ្ញុំប្រហែលជាពិបាកក្នុងការចេញទៅប្រកួតនៅក្រៅប្រទេសដូចរាល់ដង ព្រោះវាកៀកស៊ីហ្គេមផង។ មួយវិញទៀត ខ្ញុំត្រូវបោះជំរំហ្វឹកហាត់នៅក្រុមជម្រើសជាតិរហូតដល់ថ្ងៃចេញស៊ីហ្គេមតែម្ដង។

ONE៖ អ្វីទៅជាការចងចាំដ៏ល្អរបស់ ស្រីពៅ នៅឆ្នាំ២០២០ នេះ?

ស្រីពៅ៖ ការចងចាំល្អបំផុតរបស់ខ្ញុំ គឺពេលខ្ញុំឮដំណឹងថាបានទៅប្រកួតនៅសង្វៀនធំបំផុត ONE Championship កាលថ្ងៃទី៣០ ខែតុលា នៅព្រឹត្តិការណ៍ ONE: INSIDE THE MATRIX។ ទោះត្រៀមខ្លួនមិនសូវបានល្អ ប៉ុន្តែខ្ញុំជាកីឡាការិនីដំបូងដែល ONE ចុចឈ្មោះទៅប្រកួតក្នុងអំឡុងវិបត្តិកូវីដ-១៩ មុនបង ចាន់ រតនា (ប្រកួតថ្ងៃទី១៨ ខែធ្នូ ខាងមុខ)។

ONE៖ តើរឿងណាដែល ស្រីពៅ ចងចាំអាក្រក់បំផុតក្នុងឆ្នាំ២០២០ នេះ?

ស្រីពៅ៖ រឿងចងចាំដ៏អាក្រក់របស់ខ្ញុំពេលចាញ់កីឡាការិនីឥណ្ឌា Ritu Phogat កាលខែតុលា នេះឯង។ វាជាការប្រកួតដ៏អាក្រក់របស់ខ្ញុំរហូតដល់សន្លប់នៅទឹកទី២។ បរាជ័យនេះ សូម្បីគ្រួសាររបស់ខ្ញុំ និងឪពុកម្ដាយខ្ញុំ ក៏និយាយដែរថា វាជាលើកទី១ ដែលទើបឃើញកូនរបស់ខ្លួនត្រូវធ្ងន់ក្នុងអាជីព។

ONE៖ ជាចុងក្រោយ តើ ស្រីពៅ មានអ្វីថ្លែងទៅកាន់អ្នកគាំទ្រទេ?

ស្រីពៅ៖ ចាស៎ សូមអរគុណ! ខ្ញុំសូមអរគុណដល់អ្នកគាំទ្រដែលបានផ្ដល់កម្លាំងចិត្ត និងទាំងអ្នកឧបត្ថម្ភដល់រូបខ្ញុំពេលចេញទៅប្រកួតនាពេលកន្លងមក និងអំឡុងឆ្នាំ២០២០ នេះ។ ខ្ញុំសូមអរគុណដល់ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ, ក្លិប, ក្រុមការងារគ្រូបង្វឹកទាំងក្លិប និងគ្រូជម្រើសជាតិដែលធ្វើឲ្យរូបខ្ញុំមានថ្ងៃនេះ។ ដើម្បីជាការតបស្នងចំពោះការយកចិត្តទុកដាក់ទាំងនេះ ខ្ញុំនឹងប្រឹងប្រែងបន្ថែមទៀតឲ្យអស់សមត្ថភាពនៅឆ្នាំ២០២១៕

 

អត្ថបទ៖ ផ្ដល់ឲ្យ

មតិយោបល់