ចាន់ រតនា បង្ហាញគុណសម្បត្តិសំខាន់ពីការបង្ហាញខ្លួនលើឆាកសកល

មាស សុផាណារ៉ុង December 11, 2020


 

ភ្នំពេញ៖ អ្នកលេងគុនចម្រុះកម្ពុជា ចាន់ រតនា នឹងឡើងសមរភូមិប្រយុទ្ធអន្តរជាតិជាថ្មីដោយនឹងត្រូវប្រឈមជាមួយនឹងជើងខ្លាំងឃីកបុកសីងចិន Xie Wei នៅសមរភូមិប្រយុទ្ធ ONE: COLLISION COURSE ដែលជាព្រឹត្តិការណ៍កីឡាអន្តរជាតិផ្សាយផ្ទាល់ចេញពីកីឡដ្ឋាន Singapore Indoor Stadium នារាត្រីថ្ងៃសុក្រ ទី១៨ ខែធ្នូនេះនៅប្រទេសសិង្ហបុរី ដើម្បីកសាងកេរ្តិ៍ឈ្មោះរបស់ខ្លួនឲ្យកាន់តែល្បីល្បាញខ្លាំងថែមទៀត។

មុនការប្រកួតមកដល់ កីឡាករសំបូរក្បាច់ ចាន់ រតនា បានប្រាប់ឲ្យដឹងពីអត្ថប្រយោជន៍ដែលរូបគេទទួលបានពីការឡើងសង្វៀនអន្តរជាតិ ONE Championship។ អត្ថប្រយោជន៍នោះគឺទទួលបានសម្រាប់ខ្លួនឯងផ្ទាល់ និងសម្រាប់ប្រទេសជាតិថែមទៀតផង។ «ប្រដាល់គុនចម្រុះដែលខ្ញុំបានវ៉ៃនៅ ONE បានផ្តល់អត្ថប្រយោជន៍ដល់ខ្ញុំជាច្រើន។ ពីមុន ខ្ញុំកាយសម្បទាខ្ញុំមិនសូវមាំមួនខ្លាំងដូចប៉ុន្មានឆ្នាំចុងក្រោយនេះទេ។ ប៉ុន្តែនៅពេលខ្ញុំចូលប្រដាល់គុនចម្រុះ ខ្ញុំមានការតាំងចិត្ត និងប្តេជ្ញាច្បាស់លាស់ដែលធ្វើឲ្យខ្ញុំកាន់តែល្អពីមួយថ្ងៃទៅមួយថ្ងៃទាំងផ្លូវចិត្ត និងកាយសម្បទា»។ សម្ដីរបស់​រតនា។

«ខ្ញុំមានកិត្តិយស និងកេរ្តិ៍ឈ្មោះទាំងនៅក្នុងប្រទេស និងក្រៅប្រទេស។ និយាយទៅ ដោយសារប្រដាល់បានធ្វើឲ្យគេស្គាល់ខ្ញុំច្រើនណាស់។ កេរ្តិ៍ឈ្មោះ និងកិត្តិយសពិតជាសំខាន់ណាស់»។ ចាន់ រតនាបាននិយាយ។

ចាន់ រតនា បានបន្តឲ្យដឹងថា៖ «ជាពិសេសទៀតនោះ ខ្ញុំរកចំណូលបានគួរសមដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសាររបស់ខ្ញុំ។ ពេលខ្ញុំចេញទៅប្រកួត ខ្ញុំទទួលបានតម្លៃខ្លួន។ ម្យ៉ាងទៀតដោយសារ ខ្ញុំមានកេរ្តិ៍ឈ្មោះល្បីទាំងនៅក្នុងប្រទេស និងអន្តរជាតិ ក្រុមហ៊ុនឯកជនមួយចំនួនបានទាក់ទងខ្ញុំថតផ្សាយពាណិជ្ជកម្ម និងក្លាយជាទូតសុច្ឆន្ទៈសែលកាត។ បើយើងមិនល្បី គេមិនយកយើងទេ»។

មិនត្រឹមតែទទួលបានអត្ថប្រយោជន៍សម្រាប់ខ្លួនឯងប៉ុណ្ណោះទេ ចាន់ រតនា ក៏អាចនាំអត្ថប្រយោជន៍ជូនជាតិផងដែរ។ «ខ្ញុំពិតជាមានមោទកភាពណាស់ដែលខ្ញុំបានកាន់ទង់ជាតិកម្ពុជានៅលើឆាកអន្តរជាតិ។ មិនថា ខ្ញុំទទួលបានលទ្ធផលបរាជ័យ ឬក៏ជ័យជម្នះទេ ប៉ុន្តែខ្ញុំនៅតែអាចកាន់ទង់ជាតិកម្ពុជាដើម្បីឲ្យប្រជាជនទូទាំងពិភពលោកបានឃើញ និងស្គាល់ប្រទេសកម្ពុជា»។

«ជាងនេះទៀតនោះ ពិភពលោកបានដឹងថា ប្រទេសកម្ពុជាក៏មានកីឡាករខ្លាំងៗដែលមានសមត្ថភាពប្រកួតនៅលើឆាកអន្តរជាតិដែរ។ លើសពីនេះ ក៏ជាផ្នែកមួយដែលខ្ញុំអាចជួយផ្សព្វផ្សាយ និងលើកកម្ពុជាកីឡាគុនខ្មែរឲ្យពិភពលោកបានស្គាល់ដែរ ពីព្រោះប្រភពដើមរបស់ខ្ញុំគឺកីឡាករគុនខ្មែរ»។

សូមបញ្ជាក់ថា Xie Wei ជាកីឡាករចិនទី៣ដែលអ្នកលេងគុនខ្មែររូបនេះជួបប្រកួត និងមិនទាន់ស្គាល់ជ័យជម្នះឡើយរាល់ការប្រកួតជាមួយកីឡាករចិនទេ បន្ទាប់ពីជួបពីរលើកកន្លងមកចាញ់ពិន្ទុ Ma Haobin នៅព្រឹត្តិការណ៍ ONE: Heroes of the World នៅទីកោះម៉ាកាវ កាលឆ្នាំ២០១៦ និងចាញ់ Xie Bin ដោយចុះចាញ់ក្នុងទឹកទី២នៅព្រឹត្តិការណ៍ ONE: Kings of Destiny នៅទីក្រុងម៉ានីល កាលពីឆ្នាំ២០១៧៕

មតិយោបល់