ជើងខ្លាំងលេខ១ កម្ពុជា ចាន់ រតនា រកឃើញចំណុចខ្លាំង ៣សំខាន់ៗរបស់ Xie Wei

មាស សុផាណារ៉ុង December 9, 2020


 

ភ្នំពេញ៖ ក្រោយខកខានឡើងសង្វៀនអស់រយៈពេលជាច្រើនខែពោលចាប់តាំងពីខែសីហា ឆ្នាំ២០១៩ មក ចាន់ រតនា បានបញ្ចប់ការទន្ទឹងរង់ចាំរបស់អ្នកគាំទ្ររបស់ខ្លួនហើយដែលនឹងវិលទៅកាន់សង្វៀន ONE Championship សាជាថ្មី។

កីឡាករគុនខ្មែរកំពុងល្បីឈ្មោះនៅក្នុងប្រទេសកម្ពុជា ចាន់ រតនា ត្រូវឡើងសមរភូមិប្រយុទ្ធជាមួយជើងខ្លាំងចិន Xie Wei នៅព្រឹត្តិការណ៍ប្រកួត ONE: COLLISION COURSE ឯកីឡដ្ឋាន Singapore Indoor Stadium នារាត្រីថ្ងៃសុក្រ ទី១៨ ខែធ្នូខាងមុខ។

មុនការប្រកួតឈានមកដល់ តារាប្រដាល់ទូតសុឆ្ឆន្ទៈសែលកាត ចាន់ រតនា បានសិក្សាស្វែងយល់យ៉ាងច្បាស់លាស់អំពីដៃគូប្រកួតនាពេលខាងមុខនេះដើម្បីរៀបចំផែនការទប់ទល់ និងរកវិធីសាស្ត្រដើម្បីវ៉ៃលុកវិញ។

ចាន់ រតនា បានឲ្យដឹងថា ដៃគូចិនម្នាក់នេះមានសមត្ថភាពខ្ពស់ និងខ្លាំងជាងដៃគូមុនៗដែលរូបគេបានជួបប្រកួតនៅសង្វៀន ONE។ «ខ្ញុំនៅមិនទាន់បានស្គាល់គាត់ច្បាស់លាស់នៅឡើយទេ ប៉ុន្តែរហូតដល់ពេលនេះ ខ្ញុំបានឃើញពីចំណុចខ្លាំង និងចំណុចខ្សោយមួយចំនួនតាមរយៈការមើលវីដេអូប្រកួតរបស់គាត់កន្លងមក។» ចាន់ រតនា បាននិយាយ។ «ខ្ញុំឃើញចំណុចខ្លាំងរបស់គាត់ពីរសំខាន់ៗដែលនឹងលំបាកសម្រាប់ខ្ញុំ។ ទី១ គាត់ពូកែគ្រប់គ្រងលើដៃគូប្រកួត។ ពេលប្រឈមដៃគូនៅលើសង្វៀន គាត់មានចលនាគ្រប់គ្រងដៃគូបានល្អ។ ទី២ គាត់ល្អក្បាច់ការពារដែលមិនងាយឲ្យដៃគូដាក់គំនាប ឬគៀបសង្កត់លើគាត់បានងាយស្រួលទេ ជាពិសេសក្បាច់ក្រោម។»

Xie Wei បែរខ្នង

ចាន់ រតនា យល់ថា មូលដ្ឋានគ្រឹះដ៏សំខាន់ដែលជួយដល់ភាពខ្លាំងលើកត្តាពីរខាងលើគឺកត្តាទី៣ កម្លាំងស៊ុហ្វដែលធ្វើឲ្យគាត់មានចលនាលឿន និងរើដោះខ្លួនចេញពីគៀបសង្កត់របស់ដៃគូបាន។ «គាត់ទើបអាយុ២៤ឆ្នាំ ក្មេងជាងខ្ញុំ១០ឆ្នាំគឺវ័យកម្លាំងស៊ុហ្វល្អ។ អីចឹងកម្លាំងគាត់ខ្លាំងណាស់ដែលពិបាកវ៉ៃលុកគាត់ ជាពិសេសក្បាច់ក្រោមតែម្តង។» ចាន់ រតនា បានសង្កត់ធ្ងន់។

បើនិយាយពីអាវុធវិញ ត្រូវបានអ្នកលេងគុនខ្មែរលេខ១កម្ពុជារូបនេះមើលឃើញថា មិនសូវមានជំនាញច្បាស់លាស់ណាមួយទេដែលអាចចាត់ទុកជាចំណុចខ្សោយ និងអាចទប់ទល់បាន។ «ទោះជាគាត់មានជំនាញវ៉ៃឃីកបុកសីងតាំងពីដើមមក តែខ្ញុំមើលឃើញថា អាវុធរបស់គាត់ធម្មតា។ និយាយរួមទាំងកណ្តាប់ដៃ និងទាត់គឺមិនសូវគ្រោះថ្នាក់ ឬធ្ងន់ច្បាស់នោះទេ។» នេះជាការលើកឡើងរបស់កីឡាករដើមកំណើតនៅជំរំសាយធូ។

Xie Wei ជាកីឡាករចិនទី៣ដែលកីឡាករទូតសុឆ្ឆន្ទៈសែលកាតរូបនេះបានជួបប្រកួត និងមិនទាន់ស្គាល់ជ័យជម្នះលើកីឡាករចិនទេ បន្ទាប់ពីជួបពីរលើកកន្លងមកចាញ់ពិន្ទុ Ma Haobin នៅព្រឹត្តិការណ៍ ONE: Heroes of the World នៅទីកោះម៉ាកាវ កាលឆ្នាំ២០១៦ និងចាញ់ Xie Bin ដោយចុះចាញ់ក្នុងទឹកទី២នៅព្រឹត្តិការណ៍ ONE: Kings of Destiny នៅទីក្រុងម៉ានីល កាលពីឆ្នាំ២០១៧។

ម្ចាស់ក្លឹបប្រដាល់ «សិល្បៈ» រំពឹងថា លើកនេះរូបគេនឹងព្យាយាមបញ្ចប់កំណត់ត្រាអាក្រក់ជាមួយកីឡាករចិន និងបើកផ្លូវទៅរកជួបប្រកួតជាមួយជើងខ្លាំងលំដាប់ពិភពលោក។ ជាពិសេសធ្វើយ៉ាងណាដើម្បីមានឈ្មោះឡើងទៅកាន់តារាងចំណាត់ថ្នាក់ដែលងាយនឹងមានឱកាសប្រកួតដណ្តើមខ្សែក្រវាត់ពិភពលោក។

ចាន់ រតនា ចាត់ទុកកីឡាករ Xie Wei ជាដៃគូស័ក្តិសមបំផុតសម្រាប់ខ្លួនដែលពូកែក្បាច់វ៉ៃឈរប្រយោល និងគុនចម្រុះដូចគ្នានៅព្រឹត្តិការណ៍ ONE: COLLISION COURSE នៅកីឡដ្ឋាន Singapore Indoor Stadium នារាត្រីថ្ងៃសុក្រ ទី១៨ ខែធ្នូខាងមុខនេះ៕

 

អត្ថបទ៖ ផ្ដល់ឲ្យ

មតិយោបល់