គ្រូបង្វឹករបស់ ចាន់ រតនា ថ្លែង ២ចំណុចអំពីកីឡាករ Xie Wei ដែលត្រូវតតាំងជាមួយកូនសិស្សខ្លួន

មាស សុផាណារ៉ុង December 8, 2020


 

ភ្នំពេញ៖ អ្នកលេងគុនចម្រុះ ចាន់ រតនា ដែលមានជំនាញយុទ្ធគុនខម និងគុនខ្មែរត្រូវបើកទំព័រថ្មីមួយទៀតពេលឡើងសង្វៀនអន្តរជាតិ ONE Championship បន្ទាប់ពី នៅ ស្រីពៅ បង្ហាញខ្លួនក្នុងវិបត្តិកូវីដ-១៩ នេះកាលខែតុលា។

ក្រោយការអាក់ខានឡើងសង្វៀនរយៈពេលប្រមាណមួយឆ្នាំកន្លះមកនេះ សិស្សគុនមកពីក្លិប «សិល្បៈ» ត្រូវប្រឈមនឹងជើងខ្លាំងមកពីចិន Xie Wei ក្នុងទម្ងន់ Flyweight នៅព្រឹត្តិការណ៍ ONE: COLLISION COURSE នាថ្ងៃទី១៨ ខែធ្នូ ខាងមុខនៅកីឡដ្ឋាន Singapore Indoor Stadium ប្រទេសសិង្ហបុរី។

មុនការប្រកួតមកដល់ គ្រូបង្វឹក Lorenzo ដែលបានធ្វើការងារស្និទ្ធស្នាលជាងគេក្នុងចំណោមគ្រូបង្វឹកផ្សេងទៀតបានថ្លែងអំពី Xie Wei លើពីរចំណុចថា៖ «ទី១ ខ្ញុំមើលឃើញចំណុចខ្លាំងរបស់ Wei …គេមានកម្លាំងស៊ុហ្វ និងថាមពលប្រកួតក៏ខ្លាំងដែរ។ ទី២ ចំណុចខ្សោយគេ ដូចជាការការពាររបស់គេនៅមានកម្រិត។ ការឃុំការពាររបស់គេនៅខាងលើពេក។ ប៉ុន្តែ វាជាឱកាសល្អដើម្បីងាយស្រួលឲ្យយើងវាយប្រហារទៅវិញ។»

គ្រូបង្វឹក Lorenzo បានត្រៀមខ្លួនយ៉ាងល្អចំពោះ រតនា មុនចេញទៅប្រកួតប្រកបដោយទំនុកចិត្តខ្ពស់។ ក្នុងវិបត្តិកូវីដ-១៩ ផ្ទុះនៅកម្ពុជានាដើមឆ្នាំ២០២០ បុរសវ័យ ៣៥ឆ្នាំ បានបំប៉នផ្នែកកម្លាំងជាពិសេសជាមួយគ្រូបង្វឹកសញ្ជាតិអ៊ីតាលីដដែលនេះ។ ព្រោះ រតនា និង លោក Lorenzo មានលំនៅឋាន និងកន្លែងហ្វឹកហាត់ក្បែរគ្នា ដែលជាអំណោយផលល្អដល់ការការពារជំងឺកូវីដ-១៩ ផង។

គ្រូបង្វឹកផ្នែកកម្លាំងរូបនេះបានគូសបញ្ជាក់ថា៖ «មិនត្រឹមតែការហ្វឹកហាត់ធម្មតា ប៉ុន្តែរតនា បានឡាំគ្នា ឬសមគ្នាជាហូរហែជាមួយអ្នកជំនាញ ជឺជិតស៊ូ និង MMA ច្រើនរូប។ ក្នុងនោះការហាត់កម្លាំង និងភាពអំណត់ គឺហាត់ខ្លាំងនៅក្លិប LLFitness។ ទោះមិនបានឡើងប្រកួតជាងមួយឆ្នាំ ប៉ុន្តែក្នុងនាមកីឡាករអាជីពរតនា បានខំប្រឹងហ្វឹកហាត់ត្រៀមខ្លាំងក្លា ហើយរង់ចាំការប្រកួតយ៉ាងអន្ទះសាបំផុត។»

ចាន់ រតនា ដែលទូតសុច្ឆន្ទៈនៃក្រុមហ៊ុនសែលកាតបានដាក់គោលដៅយកឈ្នះលើកទី៤ ជាប់គ្នានៅសង្វៀន ONE ដែលកាដូសម្រាប់អ្នកគាំទ្រមុនដាច់ឆ្នាំ២០២០។ រតនា ឡើងប្រកួតនៅសង្វៀនធំបំផុតនៅអាស៊ីបានចំនួន ១០ ដងក្នុងនោះ ឈ្នះ ៧ ដង និងចាញ់ ៣ដង។

Xie Wei ឡើងប្រកួតនៅសង្វៀន ONE Championship ចំនួន ៦ដងក្នុងនោះឈ្នះ រហូតដល់ ៥ដងឯនោះ។ អ្វីដែលកាន់តែភ្ញាក់ផ្អើលនោះ គឺ កីឡាករវ័យ ២៤ឆ្នាំរូបនេះឈ្នះជាប់គ្នារហូតដល់ ៥លើកនៅសង្វៀនលំដាប់ពិភពមួយ មុនចាញ់ជើងខ្លាំង ហ្វីលីពីន Danny Kingad នៅក្នុងការប្រកួតចុងក្រោយនាចុងខែមករា ឆ្នាំ២០២០ នេះ។ បែបណាក្ដី បើសរុបការប្រកួតទាំងក្នុងនិងក្រៅសង្វៀន ONE ជើងខ្លាំងមកពីចិនឡើងសង្វៀនគុនចម្រុះបាន ៨ ដង (ឈ្នះ ៥ និង ចាញ់ ៣ដង)។

គួរដឹងថា គ្រូបង្វឹក Lorenzo និង រតនា នឹងចាកចេញពីប្រទេសកម្ពុជា ទៅកាន់សិង្ហបុរីនៅថ្ងៃសុក្រ ចុងសប្ដាហ៍នេះ ដើម្បីត្រៀមខ្លួន, ហ្វឹកហាត់, តេស្តសុខភាព និងធ្វើតេស្តកូវីដ-១៩ នៅទីនោះ៕

មតិយោបល់