ចាន់ រតនា ប្រាប់កត្តា៣ ដែលធ្វើឲ្យចាញ់កីឡាករចិន ២នាក់មុន មុនជួបកីឡាករចិនទី៣ នៅខែនេះ

មាស សុផាណារ៉ុង December 7, 2020


 

ភ្នំពេញ៖ អ្នកលេងគុនចម្រុះកម្ពុជា ចាន់ រតនា មានប្រវត្តិបរាជ័យ​ ២លើកជាមួយកីឡាករបរទេសនៅស្ថាប័នប្រដាល់ធំបំផុត ONE Championship គឺចាញ់កីឡាករចិនទាំងពីរ។ ពេលនេះកីឡាករដែលមានកំណើតនៅជំរំសាយធូ ត្រូវជួបកីឡាករចិនទី៣ Xie Wei នៅព្រឹត្តិការណ៍ប្រកួត ONE: COLLISION COURSE នៅកីឡដ្ឋាន Singapore Indoor Stadium នារាត្រីថ្ងៃសុក្រ ទី១៨ ខែធ្នូ ខាងមុខនេះ។

ទូតសុច្ឆន្ទៈសែលកាត ចាន់ រតនា ប្តេជ្ញាបញ្ចប់កំណត់ត្រាអាក្រក់ជាមួយអ្នកលេងគុនចម្រុះចិនដើម្បីសាងកេរ្តិ៍ឈ្មោះកាន់តែល្បីល្បាញលើឆាកអន្តរជាតិ និងអាចមានឱកាសចូលទៅកាន់តារាងចំណាត់ថ្នាក់អត្តពលិករបស់ ONE ក៏ដូចជាកាន់តែជិតចូលទៅការប្រកួតដណ្តើមខ្សែក្រវាត់ពិភពលោក World Title។

តារាប្រដាល់កម្ពុជាបានបរាជ័យដោយពិន្ទុលើកីឡាករ Ma Haobin នៅព្រឹត្តិការណ៍ ONE: Heroes of the World នៅទីកោះម៉ាកាវ ប្រទេសចិនកាលពីឆ្នាំ២០១៦ និងចាញ់ Xie Bin ដោយចុះចាញ់ក្នុងទឹកទី២ នៅព្រឹត្តិការណ៍ ONE: Kings of Destiny នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីនឆ្នាំ២០១៧។ ឥឡូវនេះ រូបគេត្រូវជួប Xie Wei ដែលជាកីឡាករចិនទី៣ ក្នុងអាជីពប្រដាល់របស់គាត់។

ម្ចាស់ក្លឹបប្រដាល់ «សិល្បៈ» បានប្រាប់ថា មានហេតុផលមួយចំនួនដែលធ្វើឲ្យរូបគេបានចាញ់កីឡាករចិនទាំងពីរនាក់នោះ។ «ពេលនោះ ខ្ញុំបានសាកល្បងវ៉ៃទម្ងន់ Bantamweight ដែលធ្ងន់ជាងគីឡូដែលខ្ញុំវ៉ៃបច្ចុប្បន្ន។ ខ្ញុំគិតថា ទម្ងន់នេះមិនសូវត្រូវនឹងកាយសម្បទា និងកម្ពស់របស់ខ្ញុំទេ។» ចាន់ រតនា បាននិយាយបែបនេះ៖ «ទម្ងន់ដែលខ្ញុំវ៉ៃបច្ចុប្បន្នគឺ Flyweight ដែលពិតជាស័ក្តិសមនឹងកម្ពស់ និងកាយសម្បទារបស់ខ្ញុំ។ ខ្ញុំបានខំប្រឹងហ្វឹកហាត់ពីទម្ងន់ Bantamweight ឲ្យមកនៅថេរទម្ងន់ត្រឹមទម្ងន់ Flyweight។ អីចឹងហើយខ្ញុំបានពិចារណាថា ទម្ងន់ជាកត្តាទី១ដែលខ្ញុំវ៉ៃមិនបានល្អ។»

ដោយសារទម្ងន់ខ្ពស់ ប៉ុន្តែកម្ពស់ហាក់ទាប ដូច្នេះហើយទើបបានជាតារាប្រដាល់គុនចម្រុះ ចាន់ រតនា យល់ឃើញថា កម្លាំងស៊ុហ្វពិតជាសំខាន់ណាស់ដែលមានតែសាច់ ប៉ុន្តែកម្លាំងស៊ុហ្វមិនសូវពេញខ្លាំងល្អ។

ចាន់ រតនា ប្រាប់ថា៖ «កត្តាទី២ គឺកម្លាំងរបស់ខ្ញុំអត់មានពេញល្អ។ ដូច្នេះហើយបានជាពេលនោះជួបកីឡាករចិនដែលមិនសូវពូកែក្បាច់ក្រោម ឬហៅថាក្បាច់ MMA ក៏ខ្ញុំតែចាញ់គេ។ រហូតដល់ពេលនេះ ខ្ញុំគិតឃើញថា កីឡាករចិនទាំងពីរនោះមិនពូកែជំនាញក្រោមដូចកីឡាករបរទេសផ្សេងដែលខ្ញុំបានឈ្នះក្រោយៗទេ តែកម្លាំងគេល្អជាងខ្ញុំ។»

ការហ្វឹកហាត់ និងការត្រៀមខ្លួនជាកត្តាសំខាន់បំផុតមុនពេលការប្រកួតមកដល់។ ប្រសិនបើការហ្វឹកហាត់រយៈពេលខ្លីដើម្បីត្រឹមតែឡើងសង្វៀនគឺមិនល្អប្រសើរឡើយសម្រាប់កីឡាករប្រដាល់ ជាពិសេសក្បាច់គុនចម្រុះដែលទាមទារឲ្យមានការហ្វឹកហាត់ខ្លាំងបំផុត។

កីឡាករ Ma Haobin

តារាប្រដាល់ទូតសុឆន្ទៈ Cellcard លើកឡើងថា៖ «និយាយត្រង់ចុះ កត្តាទី៣ គឺខ្ញុំហាត់អត់ដល់កម្រិត។ ខ្ញុំទទួលស្គាល់ថា ការហ្វឹកហាត់មិនដល់កម្រិតនោះហើយដែលធ្វើឲ្យទម្ងន់ខ្ញុំនៅខ្ពស់ ហើយកម្លាំងស៊ុហ្វក៏អត់ពេញល្អ។» «ចាប់ពីឆ្នាំ២០១៨មក ខ្ញុំបានខិតខំហ្វឹកហាត់ដិតដល់ ហើយកាយសម្បទាខ្ញុំក៏រឹងមាំល្អ។ ជាពិសេសកម្លាំងស៊ុហ្វក៏ល្អ»។ ចាន់ រតនា បានបន្ថែម។

ដើម្បីឲ្យកាយសម្បទារឹងមាំ និងកម្លាំងស៊ុហ្វពេញល្អ កីឡាករអាយុ៣៤ឆ្នាំបានប្រើពេលវេលាស្ទើរទាំងស្រុងនៅក្លឹបហ្វឹកហាត់។ រូបគេបានឃ្លាតឆ្ងាយពីការដើរកម្សាន្តខាងក្រៅជាមួយមិត្តភក្តិ និងការចូលរួមក្នុងកម្មវិធីសប្បាយផ្សេងៗដែលទាំងនេះហើយជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ជាកីឡាករឆ្ពោះទៅរកភាពជោគជ័យ។

សម្រាប់ដៃគូចិនទី៣ Xie Wei ត្រូវបានអ្នកលេងគុនចម្រុះលេខ១កម្ពុជាប្រាប់ថា ក៏មានកម្លាំងស៊ុហ្វល្អ និងកាយសម្បទាក៏រឹងមាំជាងដៃគូរបស់ខ្លួនមុនៗទៀត។ រតនា ប្រាប់ថា៖ «Xie Wei ល្អជាងដៃគូមុនៗទេ ពីព្រោះគាត់មានជំនាញពីរគឺឃីកបុកសីង និងគុនចម្រុះ។ ចំពោះដៃគូមុនៗ ដូចជា Ma Haobin និង Xie Bin ចេះវ៉ៃល្អតែក្បាច់ក្រោម តែលើកនេះគេជំនាញឃីកបុកសីង និងចេះវ៉ៃគុនចម្រុះថែមទៀត។»

ដៃគូចិនទី៣ របស់​រតនា (កីឡាករ Xie Wei)

ស្របពេលដែលការហ្វឹកហាត់ពេញល្អ និងដិតដល់ផងនោះ ចាន់ រតនា ចាត់ទុកថា កីឡាករ Xie Wei ជាដៃគូស័ក្តិសមបំផុតសម្រាប់ខ្លួនដែលពូកែក្បាច់វ៉ៃឈរប្រយោល និងគុនចម្រុះដូចគ្នានៅព្រឹត្តិការណ៍ ONE: COLLISION COURSE នៅកីឡដ្ឋាន Singapore Indoor Stadium នារាត្រីថ្ងៃសុក្រ ទី១៨ ខែធ្នូខាងមុខនេះ៕

 

អត្ថបទ៖ ផ្ដល់ឲ្យ

មតិយោបល់