គ្រូបង្វឹកជំនាញគុនចម្រុះមួយរូប ជឿជាក់លើ ចាន់ រតនា ក្នុងការប្រឈមនឹងជើងខ្លាំងមកពីចិន Xie Wei

មាស សុផាណារ៉ុង December 4, 2020


 

ភ្នំពេញ៖ បន្ទាប់ពីការខំប្រឹងប្រែងឲ្យមានឈ្មោះបោះសំឡេងលើឆាកអន្តរជាតិ លោក Alan Mccune បានសរសើរគ្រូបង្វឹក Lorenzo និង ចាន់ រតនា មិនដាច់ពីមាត់អំពីការប្រឹងប្រែងហ្វឹកហាត់ និងការត្រៀមខ្លួនយ៉ាងល្អទោះមានការយាយីក្នុងវិបត្តិកូវីដ-១៩ ក៏ដោយ។

ការសរសើរនេះក្រោយឮដំណឹងថា អ្នកលេងគុនចម្រុះកម្ពុជា ចាន់ រតនា ត្រូវប្រឈមនឹងជើងខ្លាំងមកពីចិន Xie Wei ក្នុងការប្រកួតលើកទី១១ របស់ខ្លួននៅព្រឹត្តិការណ៍ ONE: COLLISION COURSE ដែលរៀបចំដោយស្ថាប័ន ONE Championship នាថ្ងៃទី១៨ ខែធ្នូ ខាងមុខនៅប្រទេសសិង្ហបុរី។

គ្រូបង្វឹកសញ្ជាតិស្កុតឡែនបានលើកសរសើរដូច្នេះ៖ «រហូតដល់ពេលនេះ ចាន់ រតនា ជាកំពូលកីឡាករម្នាក់ប្រចាំព្រះរាជាណាចក្រកម្ពុជា ហើយខ្ញុំរំពឹងថាគេនឹងឡើងចំណុចកំពូលថែមទៀតលើឆាកអន្តរជាតិ និងកើនចំណាត់ថ្នាក់លើសង្វៀន ONE។ ក្រៅពីនោះគ្រូបង្វឹករបស់គេជាច្រើនបានរៀបចំបានល្អជាពិសេស គ្រូបង្វឹក Lorenzo ដែលខិតខំពុះពារយ៉ាងខ្លាំងលើ រតនា ទាំងការហ្វឹកហាត់ និង ការហូបចុកជាដើម។»

ចាន់ រតនា និងគ្រូបង្វឹក Lorenzo

មិនត្រឹមតែជាកីឡាករគុនចម្រុះកំពូល ប៉ុន្តែ រតនា ជាកីឡាករមានវ័យវិន័យសម្រាប់ខ្លួនឯង។ ទោះបីកូវីដ-១៩ លុកលុយយ៉ាងណាក្ដី ក៏ រតនា នៅខិតខំប្រឹងប្រែងដោយខ្លួនឯង និងហ្វឹកហាត់ជាមួយគ្រូបង្វឹក Lorenzo ដែលស្គាល់គ្នាជិតស្និទ្ធក្នុងស្ថានភាពដ៏លំបាកនេះ។ ចាប់តាំងពីកូវីដ-១៩ ផ្ទុះនៅកម្ពុជានាដើមឆ្នាំ២០២០ នេះ គេបានបំប៉នផ្នែកកម្លាំងយ៉ាងច្រើនជាមួយគ្រូបង្វឹកសញ្ជាតិអ៊ីតាលី។

លោក Alan Mccune ដែលមកបង្វឹកជំនាញគុនចម្រុះ (MMA) ដល់កូនសិស្សកម្ពុជាតាំងពីឆ្នាំ២០១៣ មកបានគូសបញ្ជាក់ទៀតថា៖ «រតនា បច្ចុប្បន្នមានជំនាញពេញលេញក្នុងក្បាច់ MMA។ គេបានរក្សាការហ្វឹកហាត់ជាប្រចាំរយៈពេលជាងមួយឆ្នាំមកនេះ។ គេមានជំនាញប្រយុទ្ធដ៏អង់អាច, បូករួមទាំងការការពារលើជំហរដេកដ៏មានប្រសិទ្ធភាពទៀតផង។»

គ្រូបង្វឹកសញ្ជាតិស្កុតឡែនរួបនេះបង្ហាញភាពជឿជាក់ថា៖ «ខ្ញុំបានជជែកជាមួយលោក Lorenzo ហើយ រតនា កំពុងស្រេកឃ្លានក្នុងការប្រកួតនាពេលខាងមុខ ក្រោយខកខានប្រមាណជា ១ឆ្នាំកន្លះមកហើយ។ ដូច្នេះខ្ញុំរំពឹងថាកម្លាំងរបស់គេប្រកបដោយថាមពល និងទទួលជ័យជម្នះត្រលប់មកផ្ទះវិញ។ ខ្ញុំមើលឃើញថា គូប្រជែងរបស់ រតនា ពិតជាខ្លាំង និង បង្កការលំបាកមួយ។ សម្រាប់ខ្ញុំ រតនា អាចនឹងឈានទៅរកបទពិសោធន៍កម្រិតខ្ពស់មួយទៀត និង ទទួលបានជ័យជម្នះដោយពិន្ទុ»។

ក្រោយល្បីខ្ទរខ្ទារជុំវិញពិភពលោក និងឈ្នះ ៣លើកជាប់គ្នានៅសង្វៀន ONE ក្នុងចំណោមការឡើងសង្វៀន ១០លើកកន្លងមក ចាន់ រតនា បានក្លាយជាទូតសុច្ឆន្ទៈនៃក្រុមហ៊ុនសែលកាតកាលពីដើមខែ សីហា កន្លងទៅក្នុងក្នុងកិច្ចសន្យាពីរឆ្នាំ។ ការងារជាទូតសុច្ឆន្ទៈនេះ គឺដើម្បីផ្សព្វផ្សាយគុនខ្មែរទៅកាន់ឆាកអន្តរជាតិ និងរួមចំណែកបណ្ដុះស្មារតីឲ្យយុវជនជំនាន់ក្រោយស្រលាញ់ក្បាច់គុនខ្មែរ អភិរក្សក្បាច់កេរដូនតា និងចង់ក្លាយជាកីឡាករអាជីពទៅថ្ងៃអនាគត៕

 

អត្ថបទ៖ ផ្ដល់ឲ្យ

មតិយោបល់