ចាន់ រតនា ពន្យល់លម្អិតថា Xie Wei ខ្លាំងជាងដៃគូមុនៗទាំងអស់?

មាស សុផាណារ៉ុង December 3, 2020


 

ភ្នំពេញ៖ ជើងខ្លាំងគុនចម្រុះកម្ពុជា ចាន់ រតនា នឹងវិលត្រឡប់មកកាន់សង្វៀនជាថ្មីដោយជួបជើងខ្លាំងចិន Xie Wei នៅព្រឹត្តិការណ៍ប្រកួត ONE: COLLISION COURSE នៅកីឡដ្ឋាន Singapore Indoor Stadium នារាត្រីថ្ងៃសុក្រ ទី១៨ ខែធ្នូ ខាងមុខ។

ស្ថាប័នប្រដាល់ធំបំផុតក្នុងពិភពលោក ONE Championship នាំយកព្រឹត្តិការណ៍ផ្សាយផ្ទាល់នេះការប្រកួតចុងក្រោយបំផុតប្រចាំឆ្នាំ២០២០ ដែលមានការប្រកួតដណ្តើមខ្សែក្រវាត់មួយថៃពិភពលោក និងការប្រកួតគុនចម្រុះកម្រិតអន្តរជាតិសម្រាប់អ្នកគាំទ្រទូទាំងពិភពលោក។

មុនការប្រកួតមកដល់ តារាគុនចម្រុះកម្ពុជា និងជាទូតសុច្ឆន្ទៈសែលកាត ចាន់ រតនា បានសិក្សាស្វែងយល់យ៉ាងស៊ីជម្រៅពីកីឡាករចិន Xie Wei និងរៀបចំផែនការធ្វើយ៉ាងណាដើម្បីទប់ទល់ជាមួយនឹងដៃគូម្នាក់នេះ។ ប៉ុន្តែមុនការបង្ហាញផែនការប្រកួតដល់អ្នកគាំទ្រឲ្យបានដឹង កីឡាករគុនចម្រុះចំណាត់ថ្នាក់លេខ១ នៅកម្ពុជាបានចាត់ទុកកីឡាករ Xie Wei ជាដៃគូល្អបំផុត និងខ្លាំងជាងដៃគូមុនៗដែលរូបគេបានជួបប្រកួតកន្លងមក។

ចាន់ រតនា ពន្យល់ថា៖ «ខ្ញុំយល់ឃើញថា ដៃគូម្នាក់នេះពិតជាស័ក្តិសមឥតខ្ចោះជាមួយនឹងខ្ញុំ»។ «Xie Wei នៅក្មេង កម្លាំងស៊ុហ្វខ្លាំង។ គាត់មានចលនាចេញ-ចូលលឿន ជាមួយនឹងកណ្តាប់ដៃ និងទាត់។ ជាពិសេសក្បាច់វ៉ៃរបស់គាត់គឺជំនាញឃីកបុកសីង ដែលមិនសូវខុសប្លែកច្រើនពីជំនាញគុនខ្មែររបស់ខ្ញុំទេ។ គាត់ពិតជាស័ក្តិសមជាមួយខ្ញុំ»។

បើប្រៀបធៀបជាមួយដៃគូមុនៗ កីឡាករជាទូតសុឆន្ទៈរបស់ Cellcard បានចាត់ទុកថាដៃគូម្នាក់នេះគឺល្អ និងខ្លាំងជាងដៃគូមុនទាំងអស់។ ចាន់ រតនា លើកហេតុផលថា៖ «ធម្មតា ការផ្គូផ្គងកម្រិតអន្តរជាតិបែបនេះ ពីមួយលើកទៅមួយលើកគឺត្រូវតែជួបនឹងដៃគូដែលខ្លាំងៗជាងមុន។​ គេនឹងមិនផ្គូផ្គូងឲ្យយើងជួបនឹងដៃគូដែលមានកម្រិត ឬសមត្ថភាពទាបជាងដៃគូមុនៗដែលយើងទទួលបានជ័យជម្នះទេ។ គេត្រូវតែឲ្យជួបនឹងដៃគូដែលខ្លាំងជាងមុន ពីព្រោះគេវាស់ស្ទង់សមត្ថភាពរបស់យើងដែលបានប្រកួតឈ្នះមុនៗ ហើយរៀបឲ្យជួបអ្នកខ្លាំងទៀត»។

ការផ្គូផ្គងឲ្យជួបដៃគូដែលមានកម្រិតខ្លាំងពីមួយទៅមួយគឺដើម្បីដឹងពីកម្រិតសមត្ថភាពរបស់ ចាន់ រតនា កើតឡើងកម្រិតណា។ វាក៏អាចប្រៀបធៀបនឹងជើងខ្លាំងផ្សេងៗទៀត ជាពិសេសដើម្បីវាស់ស្ទង់កម្រិតសមត្ថភាពដែលឈានទៅប្រកួតជាមួយនឹងកីឡាករដែលមានឈ្មោះនៅក្នុងតារាងចំណាត់ថ្នាក់ មុនពេលជួបម្ចាស់ជើងឯកដើម្បីប្រកួតដណ្តើមខ្សែក្រវាត់ពិភពលោក។

ការប្រកួតចុងក្រោយរបស់ Xie Wei គឺបានចាញ់ជើងខ្លាំង Danny Kingad ដោយពិន្ទុប៉ុណ្ណោះ។ ដឹងស្រាប់ហើយកីឡាករហ្វីលីពីន Danny Kingad មានជំនាញគុនចម្រុះខ្ពស់ដែលធ្លាប់ប្រកួតវគ្គផ្តាច់ព្រ័ត្រខ្សែក្រវាត់ពិភពលោក ONE Championship Flyweight Grand Prix ជាមួយកីឡាករ Demetriouss Johnson ដែលជាជើងខ្លាំងអាមេរិកធ្លាប់ឈ្នះខ្សែក្រវាត់ពិភពលោកច្រើនគ្រឿង។

ចាន់ រតនា ប្រៀបធៀបថា៖ «ពេលនោះ Danny Kingad ចាញ់កីឡាករ Demetriouss Johnson ដោយពិន្ទុប៉ុណ្ណោះ ហើយ Danny Kingad បានយកឈ្នះ Xie Wei ដោយពិន្ទុដែរ ដូច្នេះខ្ញុំអាចនិយាយបានថា ដៃគូលើកនេះខ្លាំងជាងមុន។ លទ្ធផលប្រកួតជាមួយ Xie Wei ចេញបែបណា ខ្ញុំអាចវាស់ស្ទង់សមត្ថភាពខ្លួនឯងបានជាមួយនឹងជើងខ្លាំងផ្សេងៗដូចជា Danny Kingad និង Demetrious Johnson ជាដើម»។ ចាន់ រតនា បានសង្កត់ធ្ងន់។

គូឯកប្រចាំព្រឹត្តិការណ៍ ONE: COLLISION COURSE គឺខ្លាចាស់ថៃ Nong-O Gaiyanghadao ត្រូវឡើងការពារខ្សែក្រវាត់មួយថៃពិភពលោករបស់ខ្លួន ONE Bantamweight Muay Thai World Championship ទល់នឹងមិត្តរួមជាតិជាជ័យលាភីលេខ១ ពីកម្មវិធីប្រកួតស្វែងរកជើងខ្លាំង ONE Bantamweight Muay Thai Tournament គឺកីឡាករ Rodlek PK.Saenchai Muaythaigym ខណៈជើងខ្លាំង Lowen Tynanes វិលមកកាន់សង្វៀនវិញជាមួយនឹងអតីតជើងឯកពិភពលោក Marat Gafurov៕

 

អត្ថបទ៖ ផ្ដល់ឲ្យ

មតិយោបល់