នៅ ស្រីពៅ ប៉ះនារីលេខ១ របស់ឥណ្ឌា Ritu Phogat នៅសង្វៀន ONE
មាស សុផាណារ៉ុង October 13, 2020
សិង្ហបុរី៖ ស្ថាប័ន ONE Championship បានប្រកាសជាផ្លូវការនូវសមាសភាពគូប្រកួតក្នុងព្រឹត្តិការណ៍ ONE: INSIDE THE MATRIX ក្នុងនោះនារីជើងខ្លាំងគុនចម្រុះលេខ១ របស់កម្ពុជា នៅ ស្រីពៅ ត្រូវប៉ះនារីជើងខ្លាំងគុនចម្រុះលេខ១ ឥណ្ឌា Ritu Phogat។ នេះបើយោងតាមការចេញផ្សាយនៅលលវេបសារផ្លូវការរបស់សង្វៀន One (onefc.com)។
កីឡាការិនីគុនចម្រុះលេខ១ របស់ឥណ្ឌា Ritu “The Indian Tigress” Phogat ដែលមានជំនាញចំបាប់បានវិលត្រឡប់មកកាន់សង្វៀនវិញដោយត្រូវជួបជើងឯកគុនខ្មែរអន្តរជាតិ និងអ្នកលេងគុនចម្រុះលេខ១ កម្ពុជា នៅ ស្រីពៅ ដែលនឹងធ្វើឡើងនាកីឡដ្ឋាន Singapore Indoor Stadium នៅថ្ងៃទី៣០ ខែតុលា ខាងមុខ ពីប្រទេសសិង្ហបុរី។
ដំណឹងនេះបានកើតមានឡើង បន្ទាប់ពីព្រឹត្តិការណ៍ប្រកួត ONE: REIGN OF DYNASTIES កាលពីថ្ងៃទី០៩ ខែតុលា កន្លងទៅថ្មីៗនេះទទួលបានជោគជ័យ។ ព្រឹត្តិការណ៍ប្រកួតផ្សាយផ្ទាល់នោះបានក្លាយជាព្រឹត្តិការណ៍កីឡាអន្តរជាតិលើកទី១ នៅប្រទេសសិង្ហបុរី ចាប់តាំងពីជំងឺកូវីដ-១៩ បានផ្ទុះឡើងកាលពីដើមឆ្នាំ។
សូមបញ្ជាក់ថា នៅ ស្រីពៅ ធ្លាប់ឡើងសង្វៀន ONE បាន ២លើករួចមកហើយ ពោលគឺលើកទី១ ឈ្នះកីឡាការិនីថៃ Rika Ishige និងលើកទី២ ចាញ់ពិន្ទុកីឡាការិនីឥណ្ឌូណេស៊ី Priscilla Hertati Lumban៕
ប្រភព៖ onefc.com