ISI STEEL ដាក់អ្នកប្រដាល់គុនខ្មែរ ៨រូប ប្រជែងគ្នាដណ្ដើមប្រាក់ ៣០លានរៀល នៅ PNN

មាស សុផាណារ៉ុង October 1, 2020


 

ភ្នំពេញ៖ អ្នកប្រដាល់ទាំង ៨រូប ដែលក្រុមហ៊ុន ISI STEEL និង PNN បានជ្រើសចេញពីក្លិបចំនួន៨ ផ្សេងគ្នានៅក្នុងប្រទេសកម្ពុជានោះ បាននឹងកំពុងហ្វឹកហាត់ត្រៀមខ្លួនក្នុងការប្រកួតប្រជែងដណ្ដើម ដណ្ដើមខ្សែក្រវាត់អធិរាជគុនខ្មែរ ISI PALM-ISI PIPE និងប្រាក់រង្វាន់ ៣០លានរៀល នាថ្ងៃទី០៤ ខែតុលា ចុងសប្ដាហ៍នេះ។ ខណៈជើងឯករងទទួលបានប្រាក់រង្វាន់ ១០លានរៀល។

អ្នកគ្រប់គ្រងកម្មវិធីកីឡារបស់ PNN លោក ស្រឺ ស្រេង បានថ្លែងថា៖ កីឡាករទាំង ៨រូបខាងលើនេះ ត្រូវចែកចេញជា ២ពូល និងត្រូវប្រកួតគ្នាដើម្បីសន្សំពិន្ទុ ឈានដល់ជុំចុងក្រោយ នឹងស្វែងរកជើងខ្លាំង ២រូបដែលមានពិន្ទុច្រើនជាងគេក្នុងពូលទាំងនីមូយៗឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដើម្បីធ្វើការប្រកួតខ្វែង និងស្វែងអ្នកខ្លាំងឡើងទៅវគ្គផ្ដាច់ព្រ័ត្រ។ អ្នកប្រដាល់គុនខ្មែរទាំង ៨រូប រួមមាន រិន ដេវីត, ពេជ្រ ប៊ុនសិដ្ឋ, ស៊ឺន ថៃសាន់, ខេម ចាន់, ភួន ឡាំងកូស៊ីន, ម៉ន ភារម្យ, ធន់ អៀនឡៃ និង យីប ឌុក។

លោកបន្តថាកម្មវិធីប្រកួតដណ្ដើមខ្សែក្រវាត់រដូវកាលទី៣ នេះអាចថាជាប្រវត្តិសាស្ត្រផងដែរ ព្រោះជាទូទៅគេផ្ដោតលើប្រភេទទម្ងន់ធ្ងន់ ចាប់ពី ៥៧, ៦០ ឬ ៦៣,៥ ឡើងទៅប៉ុណ្ណោះ។ ម្យ៉ាងទៀត ដោយមានការពេញចិត្តពីអ្នកគាំទ្រជាច្រើនចង់ឲ្យរៀបចំលើប្រភេទទម្ងន់ ៥៤គីឡូក្រាមនេះ រួមនិងការសម្លឹងឃើញពីសមត្ថភាពក៏ដូចជាទឹកចិត្តពុះកញ្ជ្រោលចង់ល្បីពីសំណាក់កីឡាករទៀតនោះទើបខាងស្ថានីយ ខាងម្ចាស់ឧបត្ថម្ភសម្រេចបង្កើតខ្សែក្រវាត់ទម្ងន់នេះតែម្ដង។

ជាមួយគ្នានេះដែរតំណាងក្រុមហ៊ុន ISI STEEL លោក ប៉ាន់ សុវុទ្ធី ក៏បានថ្លែងដែរថា៖ «ឆ្លងកាត់២រដូវកាលដំបូងជាមួយគ្នាយ៉ាងជោគជ័យ ក្រុមហ៊ុន ISI STEEL ពុំស្ទាក់ស្ទើរឡើយ ក្នុងការបន្តកិច្ចសន្យាជាមួយស្ថានីយទូរទស្សន៍PNN ក្នុងភាពជាដៃគូដ៏រីករាយដើម្បី បន្តដំណើរការ ការប្រកួតប្រដាល់ក្នុងកម្មវិធី អធិរាជគុនខ្មែរ ISI PALM – ISI PIPE រៀងរាល់ថ្ងៃអាទិត្យ វេលាម៉ោង១២ ថ្ងៃត្រង់។»

PNN និងISI STEEL តែងព្យាយាមគិតរកអ្វីដែលថ្មី និងអ្វីដែលផ្ដល់ផលប្រយោជន៍ដល់ការអភិរក្ស និងអភិវឌ្ឍគុនខ្មែរ ពិសេសការជួយកសាងធនធានមានសមត្ថភាព សម្រាប់កម្ពុជា ដើម្បីប្រជែងយកមេដាយលើឆាកអន្តរជាតិ ពិសេសស៊ីហ្គេម ២០២៣ និងឆ្នាំបន្តបន្ទាប់ ។ ក្រោមមូលហេតុនេះទើប PNN និងក្រុមហ៊ុន ISI STEEL បានឯកភាពគ្នា បង្កើតយុទ្ធនាការថ្មីក្នុងរដូវកាលទី៣ គឺការប្រកួតដណ្តើមជើងឯកម៉ារ៉ាតុន រៀងរាល់សប្ដាហ៍ដើម្បី ផ្ដល់ឱកាស និង ច្នៃជើងខ្លាំងរលកថ្មីឱ្យល្បីខ្ទរខ្ទារ ក្លាយជាពេជ្រ ចែងចាំង។

គួបញ្ជាក់ផងដែរថា៖ ការប្រកួតដណ្ដើមខ្សែក្រវាត់អធិរាជគុនខ្មែរ ISI PALM-ISI PIPE រដូវកាលទី៣ ផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ PNN និងផ្សាយបន្តលើផេកហ្វេសប៊ុក PNN Sports ផេកហ្វេសប៊ុក ISI STELL រៀងរាល់ថ្ងៃ អាទិត្យ ចាប់ពីម៉ោង ១២ថ្ងៃត្រង់តទៅ៕

 

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់