គ្រូឧទ្ទេសជនជាតិអង់គ្លេស សង្ឃឹមសិក្ខាកាម ២៩នាក់ នឹងធ្វើឲ្យប្រដាល់សកលកម្ពុជារីកចម្រើននាពេលខាងមុខ

មាស សុផាណារ៉ុង September 5, 2020


 

ភ្នំពេញ៖ លោក Russell Stutely គ្រូឧទ្ទេសជនជាតិអង់គ្លេស ដែលបានមកធ្វើការបណ្ដុះបណ្ដាលគ្រូបង្វឹកកីឡាប្រដាល់សកលកម្ពុជា ចំនួន ២៩នាក់ បានថ្លែង កោតសសើរដល់សិក្ខាកាមទាំងអស់ដែលប្រឹងប្រែងយកចិត្តទុកដាក់ ក្នុងការសិក្សារយៈពេល ៤ថ្ងៃកន្លងមក ទាំងទ្រឹស្ដី និងការអនុវត្តជាក់ស្ដែង។

គ្រូបង្វឹកកម្រិតអន្ដរជាតិ លោក Russell Stutely បានវាយតម្លៃខ្ពស់ ចំពោះការខិតខំ និងយកចិត្តទុកដាក់សិក្សារបស់សិក្ខាកាម ដោយលោកជឿជាក់ថា សិក្ខាកាមទាំង ២៩រូប នឹងក្លាយជាធនធានដ៏សំខាន់ ដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាប្រដាល់សកលកម្ពុជានាពេលខាងមុខ។ លើសពីនេះ លោកក៏បង្ហាញនូវក្ដីរីករាយ បើសិនសហព័ន្ធផ្ដល់ឱកាសឲ្យលោកចូលរួមជួយផ្នែកណាមួយ នៃវិស័យកីឡានេះផងដែរ។

បើតាមអគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា លោក ប៊ុយ សុភ័ណ្ឌ បានឱ្យដឹងថា៖ «តាមការសន្និដ្ឋានជារួមសិក្ខាកាមទាំងអស់ បានបង្ហាញស្មារតីចូលរួមសិក្សាយ៉ាងផុលផុស និងបានស្វែងយល់ បទបញ្ជាបច្ចេកទេសហ្វឹកហាត់ កីឡាប្រដាល់សកល ការរៀបចំកម្មវិធីហ្វឹកហាត់ ស្របតាមស្តង់ដាអន្តរជាតិ ការអនុវត្តផ្ទាល់ស្តីពីវិធីសាស្រ្តបង្វឹក យល់ដឹងច្បាស់ពីក្រមសីលធម៌ ក្នុងនាមជាគ្រូបង្វឹក និងសម្រាប់កីឡាករ-កីឡាការិនី ក៏ធ្នូ ជាអាហារូបត្ថម្ភសំខាន់ៗ សម្រាប់កីឡាករ-កីឡាការិនី។»

លោកបន្តថា ឆ្លងកាត់ការសិក្សាដោយយកចិត្តទុកដាក់រយៈពេល ៤ថ្ងៃ សមិទ្ធផលទទួលបាន គឺមានសិក្ខាកាម ៤នាក់ទទួលបាននិទ្ទេសល្អ សិក្ខាកាម ២០នាក់ ទទួលបាននិទ្ទេសមធ្យម និងសិក្ខាកាម ៥នាក់ ទទួលបាននិទ្ទេសខ្សោយ។

ជាមួយគ្នានេះ លោក ឆឹង យ៉ៅយ៉េន ប្រធានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានចាត់ទុកសិក្ខាសាលាបណ្ដុះបណ្ដាលនេះពិតជាមានសារៈសំខាន់យ៉ាងខ្លាំងដើម្បីពង្រឹងសមត្ថភាពធនធានគ្រូបង្វឹក និងកីឡាករប្រដាល់សកលនៅកម្ពុជាកាន់តែប្រសើរ។ បន្ទាប់ពីទទួលបានការបណ្ដុះបណ្ដាល ត្រូវយកចំណេះដឹងទៅចែករំលែក និងខិតខំផលិតធនធានកីឡាករឲ្យបានច្រើន ស្របពេលសហព័ន្ធនឹងជំរុញការបង្កើតក្លិបឲ្យបានច្រើន ដើម្បីពង្រឹងការអភិវឌ្ឍន៍ប្រភេទកីឡាអូឡាំពិកនេះឲ្យកាន់តែរឹងមាំ ក្នុងដំណើរឆ្ពោះទៅរកភាពជោគជ័យ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា៕

 

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់