PNN៖ កម្មវិធី អធិរាជគុនខ្មែរ គឺជាការជួយដល់ការអភិរក្សគុនខ្មែរ និងស៊ីហ្គេម២០២៣

មាស សុផាណារ៉ុង July 13, 2020


 

ភ្នំពេញ៖ បន្ទាប់ពីបញ្ចប់ការប្រកួតប្រដាល់គុនខ្មែរ ដណ្ដើមពានរង្វាន់ ISI PALM – ISI PIPE រដូវកាលទី១ និង ទី២ រួចមក ខ្សែក្រវ៉ាត់មាស ប្រាក់ និងរង្វាន់ជាប្រាក់ ៤០លានរៀល បានទៅកីឡាករ ឡៅ ចិត្រា ក្នុងប្រភេទទម្ងន់ ៦០គីឡូក្រាម និង (អេលីត ចំរេីន / វ៉ាន់ វឿន ) ក្នុងប្រភេទទម្ងន់ ៥៧គីឡូក្រាម ខណៈដែលពួកគេសុទ្ធសឹងតែជាធនធនាដ៏ល្អ សម្រាប់ឆ្នាំ២០២៣ ដែលកម្ពុជាទទួលបានសិទ្ធធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម។

បើតាម លោក ស្រឺ ស្រេង ប្រធានកីឡារបស់ទូរទស្សន៍ PNN បានឱ្យដឹងថា៖ PNN និង ISI STEEL តែងព្យាយាមគិតគូរកអ្វីដែលថ្មី និងអ្វីដែលផ្ដល់ផលប្រយោជន៍ ដល់ការអភិរក្ស និង អភិវឌ្ឍន៍គុនខ្មែរ ពិសេសគឺការជួយកសាងធនធានមានសមត្ថភាពសម្រាប់កម្ពុជា ដើម្បីប្រជែងយកមេដាយលើឆាកអន្តរជាតិ ពិសេសព្រឹត្តិការណ៍ជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម ២០២៣។

លោកបន្តថា៖ ក្រោមមូលហេតុនេះហើយ ទើប PNN និង ISI STEEL បានឯកភាពគ្នាបង្កេីតយុទ្ធនាការថ្មី ក្នុងរដូវកាលទី៣ គឺការប្រកួតដណ្តើមជេីងឯកម៉ារ៉ាតុន រៀងរាល់សប្ដាហ៍ដេីម្បីផ្ដល់ឱកាស និងច្នៃជេីងខ្លាំងរលកថ្មីឱ្យល្បីខ្ទរខ្ទារក្លាយជាពេជ្រចែងចាំងនៅចន្លោះជំនួបគូឯកមិត្តភាពជាតិ និងអន្តរជាតិលំដាប់ ក (A) ដ៏កក្រើកគ្រប់អាទិត្យ ចាប់ពីថ្ងៃអាទិត្យ ទី១២ ខែកក្កដា ឆ្នាំ២០២០ តទៅ។

រៀងរាល់សប្តាហ៍ អ្នកប្រដាល់គុនខ្មែរជេីងថ្មី ទឹកដៃមិនធម្មតា ចំនួន ៤រូបនឹងត្រូវបានជ្រេីសរេីសមកប្រកួតគ្នាក្នុង គូទី១ និងគូទី២ លេីសង្វៀនអធិរាជគុនខ្មែរ ISI PALM- ISI PIPE ដេីម្បីស្វែងរក អ្នកឈ្នះទៅប៉ះគ្នាក្នុងគូទី៥ ដណ្ដេីមជេីងឯកម៉ារ៉ាតុនប្រចាំសប្ដាហ៍។ អ្នកឈ្នះគូទី៥ នេះនឹងទទួលបានមេដាយមាស និងប្រាក់រង្វាន់ ២លាន៦សែនរៀល។ រីឯអ្នកចាញ់វគ្គផ្ដាច់ព្រ័ត្រនេះ ក៏នឹងទទួលបានមេដាយប្រាក់ និងថវិកា ១លាន២សែនរៀលផងដែរ។

ក្រៅពីការប្រកួតដណ្តើមជេីងឯកម៉ារ៉ាតុន រវាងជេីងខ្លាំងជំនាន់ថ្មីក៏មានផងដែរការប្រកួតមិត្តភាពគូរងឯក និងគូឯកលំដាប់ ក (A) នៅគូទី៣ និងគូទី៤។ សរុបទៅ រៀងរាល់សប្តាហ៍ លោកអ្នក នឹងបានទស្សនាការប្រកួតជក់ចិត្តដិតអារម្មណ៍ ៥គូ ទាំងគូម៉ារ៉ាតុន គូពិសេស និងគូឯកមិត្តភាព នៅ PNN។

អធិរាជគុនខ្មែរ ISI PALM-ISI PIPE រដូវកាលទី៣ ផ្សាយផ្ទាល់ នៅលើកញ្ចក់ទូរទស្សន៍ PNN ផេកហ្វេសប៊ុក PNN Sports និងផេកហ្វេសប៊ុក ISI STELL នៅថ្ងៃអាទិត្យចាប់ពីម៉ោង ១២ថ្ងៃត្រង់តទៅ៕

 

អត្ថបទ៖ ប៉ាវឡុងជីង

មតិយោបល់