ក្បាច់គុនជួយឲ្យ អែម សុវណ្ណារី បាត់ភាពអៀនខ្មាស និងភាពភ័យខ្លាច

មាស សុផាណារ៉ុង June 30, 2020


 

អាមេរិក៖ កីឡាការិនីកូនខ្មែរនៅអាមេរិក អែម សុវណ្ណារី បានឈានជើងចូលសង្វៀនលំដាប់ពិភពលោក ONE Championship បាន ២លើករួចមកហើយគិតត្រឹមពេលនេះក្រោយមានបទពិសោធន៍នៅអាមេរិក។ សុវណ្ណារី ផ្ដួលកីឡាការិនីអ៊ុយក្រែន Iryna Kyselova ឲ្យសន្លប់ដោយកណ្ដាប់ដៃត្រឹម ៦១វិនាទី កាលខែធ្នូ ឆ្នាំ២០១៨ នៅប្រទេសម៉ាឡេស៊ី មុនពេលចាញ់ដោយក្បាច់ឃ្លេរបស់កីឡាការិនីប្រេស៊ីល Rayane Marques Bastos ត្រឹមទឹកទី១ វិញក្នុងរយៈពេលមួយឆ្នាំបន្ទាប់នៅសង្វៀនដដែលប្រទេសដដែល។

បែបណាក្ដី រឿងហាត់ក្បាច់គុននេះបានធ្វើឲ្យរូបគេមានភាពខុសប្លែក និងតស៊ូខ្លាំងក្លារួមទាំងទំនុកចិត្តដើម្បីលុបបំបាត់ភាពភ័យខ្លាច និង ភាពខ្មាសអៀន។ ក្នុងនោះមានរឿងរ៉ាវជាច្រើនមុនពេលរូបគេទទួលបានកិច្ចសន្យាប្រកួតនៅសង្វៀនអន្តរជាតិ ONE Championship។

សុវណ្ណារី បានរៀបរាប់យ៉ាងដូច្នេះ៖ «ក្បាច់គុន គឺជាផ្នែកសំខាន់ណាស់សម្រាប់ខ្ញុំ ព្រោះពីមុនខ្ញុំអៀនច្រើន និងមិនចូលចិត្តរករឿងរ៉ាវឈ្លោះគ្នាទេ។ ប៉ុន្តែពេលអ្នកនៅក្នុងទ្រុង ឬលើសង្វៀន អ្នកត្រូវតែប្រឈមមុខដាក់គ្នាដោយប្រើក្បាច់បច្ចេកទេសវ៉ៃ។»

ការប្រកួតបានធ្វើឲ្យ សុវណ្ណារី ក្លាយជាស្ត្រីដ៏រឹងមាំម្នាក់, មានទំនុកចិត្ត, និង ស្ដែងចេញនូវទេពកោសល្យក្នុងក្បាច់គុនចម្រុះ។ គេជាកីឡាការិនីជាប់កិច្ចសន្យានៅ ONE ដូចកីឡាករ ខុន ស៊ីចាន់ និង ចាន់ រតនា របស់កម្ពុជាដែរនាពេលបច្ចុប្បន្ន។

កីឡាការិនីរហស្សនាម «THE SWEET SAVAGE» តែងតែមានមោទនភាពប្រកួតតំណាងឲ្យកម្ពុជា ហើយរូបគេគ្រោងនិយាយភាសាខ្មែរមកកាន់ប្រជាជនកម្ពុជាពេលមានឱកាសឡើងប្រកួតលើកក្រោយបន្ទាប់ពីចាប់ផ្ដើមរៀនភាសាខ្មែរតាំងពីដើមឆ្នាំ២០២០ នេះ។

កាលដំបូងឡើយ សុវណ្ណារី មិនសូវមានភាពក្លាហាន និងទំនុកចិត្តទេ ហើយឥឡូវនេះខុសពីមុនឆ្ងាយណាស់។ កីឡាការិនីកូនខ្មែរនៅអាមេរិកសារភាពទៀតថាបច្ចុប្បន្នមិនមានភាពភ័យខ្លាច និងតែងតែគិតអំពីការអភិវឌ្ឍខ្លួនលៃលកយ៉ាងណាឲ្យជីវិតកាន់ប្រសើរខុសកាលពីមុនទាំងអារម្មណ៍ និងក្បាច់គុន។

សុវណ្ណារី ក៏ធ្លាប់នឹកភ្នកអំពីចាប់ដៃគូជាមួយអតីតកីឡាករគុនចម្រុះ Yves Edwards ដើម្បីចងក្រងសៀវភៅរឿងរ៉ាវកាលនៅក្មេងដែលជួយជែករំលែកនូវជំនាញបានមកពីការផ្ដល់ឲ្យរបស់ក្បាច់គុនផងដែរ។

សុវណ្ណារី គូសបញ្ជាក់ថា៖ «សៀវភៅនោះគឺរៀបរាប់អំពីតម្លៃជីវិតកាលនៅកុមារតាមរយៈក្បាច់គុន។ ពេលខ្លះ ក្បាច់គុនមានផលអាក្រក់។ ពេលខ្លះ ម៉ាក់ប៉ាបានគិតថា វាជាអំពើហិង្សា ឬវាជាការសម្លុតនិងគំរាមកំហែង ប៉ុន្តែតាមពិតវាផ្ទុយពីមតិនេះទេ។»

សុវណ្ណារី តែងតែគិតអំពីកាយវិការ និងផលប៉ះពាល់ជាវិជ្ជមានពីក្បាច់គុន។ កីឡាការិនីកូនខ្មែរនៅអាមេរិករូបនេះមានភាពដាក់ខ្លួន និង តម្រង់គោលដៅដើម្បីប្រកួត និងស្វែងរកជ័យជម្នះនៅកម្រិតខ្ពស់មួយ។

ព័ត៌មានផ្សេងៗអំពី ONE Championship សូមចូលទៅកាន់ www.onefc.com/about-us, follow លើ Twitter និង Instagram @ONEChampionship និង ហ្វេសប៊ុកONEChampionship។

 

អត្ថបទ៖ ស៊ីធី

មតិយោបល់