ទីបំផុត ! ONE Championship ត្រលប់មកវិញនៅខែក្រោយ

មាស សុផាណារ៉ុង June 29, 2020


 

សិង្ហបុរី៖ លោក Chatri Sityodtong ដែលជាប្រធាន និងនាយកប្រតិបត្តិរបស់ ONE Championship បានឲ្យដឹងថា ONE ត្រឡប់មករៀបចំព្រឹត្តិការណ៍សាជាថ្មីវិញហើយបន្ទាប់ពីខកខានតាំងពីខែមីនា មកម៉្លេះដោយសារកូវីដ-១៩។

លោកនាយកប្រតិបត្តិគូសបញ្ជាក់ថា៖ «បន្ទាប់ពីជោគជ័យក្នុងការរៀបចំកម្មវិធី ONE Her Serie 13 និង 14 នៅប្រទេសចិនកាលសប្ដាហ៍មុន ឥឡូវនេះ ONE Championship ត្រលប់មករៀបចំព្រឹត្តិការណ៍ប្រកួតរបស់ខ្លួនវិញហើយនៅថ្ងៃទី៣១ ខែកក្កដា នាប្រទេសថៃ។ ចំណែក ការប្រកួតនឹងមិនអនុញ្ញាតឲ្យទស្សនិកជនចូលទស្សនាទេ (បិទទ្វារ) ប៉ុន្តែផ្សាយផ្ទាល់ជាសកល។ យើងមិនចុះចាញ់នោះឡើយ។ ជាមួយគ្នានោះ យើងក៏បន្ថែមការប្រកួត ១២ គូបន្ថែមទៀតសម្រាប់ការសម្ពោធកម្មវិធីថ្មី ONE Dark Series។ ការប្រកួតនេះនឹងត្រូវយកទៅផ្សាយបន្តសម្រាប់ដៃគូរបស់យើងទូទាំងពិភពលោក។ សូមអត់ធ្មត់បន្តិច និង រង់ចាំតាមដានទាំងអស់គ្នា។»

លោកសង្កត់ធ្ងន់ទៀតថា៖ «ខ្ញុំសូមសម្ដែងការដឹងគុណដ៏ស្មោះស្ម័គ្រអស់ពីបេះដូងចំពោះក្រុមការងារ ONE Championship ដែលបង្ហាញការគាំទ្រសព្វបែបយ៉ាង។ បច្ចុប្បន្ននេះពិភពលោកកំពុងតែរងគ្រោះដោយសារតែវិបត្តិអាក្រក់បំផុតក្នុងរយៈពេល ១០០ឆ្នាំ។ ប្រទេសជាច្រើនក្នុងលោកនៅតែបន្តបិទព្រំដែនរបស់ខ្លួន។ COVID-19 ធ្វើឲ្យប្រទេសនីមួយៗផ្លាស់ប្ដូរគោលការណ៍ជាប្រចាំ ហើយយើងមិនអាចរៀបចំផែនការបានទាល់តែសោះ។ យ៉ាងណាក្ដី ខ្ញុំសូមអរគុណដល់ក្រុមការងារដ៏អស្ចារ្យក្នុងលោកសម្រាប់ភាពស្មោះស្ម័គ្រ និង រុញច្រានឲ្យព្រឹត្តិការណ៍ប្រកួតកើតឡើងជាថ្មី។»

ព័ត៌មានផ្សេងៗអំពី ONE Championship សូមចូលទៅកាន់ www.onefc.com/about-us, follow លើ Twitter និង Instagram @ONEChampionship និង ហ្វេសប៊ុកONEChampionship៕

 

អត្ថបទ៖ ស៊ីធី

មតិយោបល់