ONE Championship ដាក់គម្រោងត្រឡប់មកសង្វៀនប្រកួតវិញ

មាស សុផាណារ៉ុង June 11, 2020


 

សិង្ហបុរី៖ លោក Chatri Sityodtong ប្រធាន និងជានាយកប្រតិបត្តិរបស់ ONE Championship បានលើកសរសើរដល់លោក Dana White ប្រធាន UFC ដែលអាចចាប់ផ្ដើមរៀបចំការប្រកួតកាលខែមុនអំឡុងពេលមេរោគ Covid-19 កំពុងតែវាយលុក ខណៈដែលលោក និងក្រុមការងារកំពុងដុតដៃដុតជើងដើម្បីត្រៀមខ្លួនមករៀបចំព្រឹត្តិការណ៍វិញ។

លោក Sityodtong កំពុងគិតលើវិធានការផ្ទាល់ខ្លួនដើម្បីឲ្យ ONE Championship ត្រលប់មករកការប្រកួតជាថ្មីក្នុងវិបត្តិសុខភាពសាធារណៈមិនធ្លាប់មានពីមុនមកនេះ។ យ៉ាងណាក្ដី លោក Sityodtong បានប្រាប់សារព័ត៌មាន AP នាពេលថ្មីៗនេះថា កម្មវិធីប្រកួតរបស់ ONE Championship ត្រូវតែចាប់ផ្ដើមនារដូវក្ដៅនេះ។ ប៉ុន្តែការវិលត្រលប់មកវិញនៅមិនទាន់កំណត់ថ្ងៃប្រកួត ឬទីតាំងច្បាស់លាស់សម្រាប់ការប្រកួតដំបូងអំឡុងពេល Covid-19 លុកលុយនោះទេ។

លោក Sityodtong កំពុងធ្វើការជាមួយរដ្ឋាភិបាលនានា និងអ្នកជំនាញសុខភាពមកពីចិន ថៃ និងសិង្ហបុរី ជាដើមដើម្បីធ្វើឲ្យការប្រកួតដំណើរការវិញឆាប់ៗនេះ។ នៅពេលអ្វីៗរួចរាល់ លោករៀបចំឲ្យការប្រកួតកើតឡើងនៅឆ្នាំ២០២០ នេះ។ ព្រឹត្តិការណ៍ចុងក្រោយរបស់ ONE Championship រៀបចំឡើងកាលថ្ងៃទី២៨ ខែកុម្ភៈ កន្លងទៅនៅសិង្ហបុរី មុនពេលមេរោគផ្ទុះខ្លាំងរហូតដល់បិទប្រទេសរៀងៗខ្លួន។

លោកគូសបញ្ជាក់ប្រាប់ AP បែបនេះ៖ «ការពិតណាស់ ខ្ញុំសម្ដែងការគោរពដល់ Dana White ប្រធាន UFC ដែលលើកទឹកចិត្ត និងរៀបចំព្រឹត្តិការណ៍ឡើងវិញបានក្នុងពេលដ៏លំបាកនេះ។ ONE Championship របស់យើងមានកម្រិតប្រហែលគ្នា ប៉ុន្តែខ្ញុំអាចនិយាយថាយើងមានការប្រុងប្រយ័ត្នខ្ពស់បន្តិច ព្រោះសុវត្ថិភាព គឺជាអាទិភាពខ្ពស់របស់យើង។ យើងមិនរហ័សពេកដើម្បីវិលវិញ និងដើម្បីគ្រាន់តែផ្សាយអំពីម៉ាកយីហោរបស់យើងនោះទេ ប៉ុន្តែយើងត្រលប់មកវិញអមដោយបរិយាកាសដែលមានសុវត្ថិភាពទាំងអស់គ្នាពីគ្រប់ផ្នែកដែលពាក់ព័ន្ធ។»

Sityodtong ប្រឈមនឹងបញ្ហាសុខភាពសាធារណៈខុសគ្នាជាង UFC ដែលមានការបន្ធូរបន្ថយខ្លាំងសម្រាប់អត្តពលិកនៅរដ្ឋផ្លរីដា និង Nevada។ ONE Championship មានអត្តពលិកមកពីជុំវិញអាស៊ី-ប៉ាស៊ីហ្វិក និងរៀបចំរហូតដល់ ៩ប្រទេសនៅឆ្នាំ២០១៩។ ដូច្នេះប្រទេសនីមួយៗមានកង្វល់សុខភាពផ្សេងគ្នា បញ្ហាទិដ្ឋាការរបស់អត្តពលិក និងមានច្បាប់តឹងរ៉ឹងពីសំណាក់ប្រទេសទាំងនោះ មិនដូចការរៀបចំកម្មវិធីនៅកន្លែងដែលសម្បូរដោយកីឡាករនោះទេ។

លោក Sityodtong សង្កត់ធ្ងន់បែបនេះ៖ «រដ្ឋាភិបាលខុសគ្នា មានគោលការណ៍ផ្សេងគ្នាក្នុងកម្រិតរបស់គេ ដូចជាការដាក់ប្រទេសក្នុងគ្រាអាសន្នដែរ។ ដូច្នេះវាលំបាកបន្តិចដើម្បីរៀបចំឲ្យបានឆាប់ និងដំណើរការកម្មវិធី។ ប៉ុន្តែខ្ញុំបានធ្វើការមិនឈប់ឈរទេ និងមានអារម្មណ៍កាន់តែល្អឡើង។»

ងាកមកកាន់សិង្ហបុរី ដែលជាទីស្នាក់ការធំរបស់ ONE Championship គឺថាគ្រប់កម្មវិធីកីឡាត្រូវផ្អាកប្រហែលជា ៣ខែមកហើយដោយសារ COVID-19។ ព្រឹត្តិការណ៍ ២លើកចុងក្រោយរបស់ ONE Championship គឺរៀបចំនៅសិង្ហបុរីកាលខែកុម្ភៈ ហើយលោក Sityodtong កំពុងធ្វើការងារជាមួយរដ្ឋាភិបាលប្រទេសនេះដើម្បីឈានទៅរកការចូលមកប្រកួតក្នុងប្រទេសប្រកបដោយសុវត្ថិភាព។

Sityodtong មិនបារម្ភអំពី UFC ដែលរៀបចំព្រឹត្តិការណ៍មុន ONE និងកម្មវិធីប្រកួត MMA ផ្សេងនោះទេ។ UFC នឹងរៀបចំព្រឹត្តិការណ៍ទី៦ ក្នុងអំឡុងវិបត្តិ Covid-19 នាសប្ដាហ៍នេះនៅរដ្ឋ Las Vegas និងបន្តរៀបចំ ២លើកទៀតមុនពេលទៅរៀបចំនៅក្រុងអាប៊ុយដាប៊ី នៅលើកោះ Yas Island សម្រាប់ការប្រកួត ៤លើកពីប្រទេស អេមីរ៉ាតអារ៉ាប់រួម។

Sityodtong គិតថាការត្រលប់របស់ ONE យឺតបន្តិច ប៉ុន្តែលៃលកយ៉ាងណាឲ្យសមស្របទៅហ្នឹងប្រទេសជាច្រើននៅតំបន់អាស៊ី។ ក្រោយស្ងប់ស្ងាត់មួយរយៈនេះ Sityodtong ក៏តាមដានរឿងប្រទូសរ៉ាយកើតឡើងពីសំណាក់កីឡាករកម្រិតពិភពលោករបស់ UFC ដែលលោកប្រធាន White មានបញ្ហាជាមួយដូចជា Jon Jones និង Jorge Masvidal មុនពេលម្ចាស់ខ្សែក្រវាត់លំដាប់ពិភពលោកពីរប្រភេទទម្ងន់ Conor McGregor ប្រកាសចូលនិវត្តន៍ដ៏ភ្ញាក់ផ្អើល។

គួរដឹងថា ONE Championship បានចុះកុងត្រាអតីតម្ចាស់ខ្សែក្រវាត់របស់ UFC ជាច្រើនដូចជាអតីតម្ចាស់ខ្សែក្រវាត់ UFC Champions កីឡាករ Demetrious Johnson និង Eddie Alvarez ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។ Sityodtong មិនទាញយកកីឡាករជាប់កិច្ចសន្យានៅ UFC ទេ ប៉ុន្តែលោកតែងតែផ្ដោតអារម្មណ៍ខ្ពស់។ នាយកប្រតិបត្តិខាងលើពិពណ៌នាថា៖ «យើងតែងតែជជែកអំពីកីឡាករកំពូលដែលផុតកិច្ចសន្យានៅជុំវិញពិភពលោក។ អ្នកចាត់ការជាច្រើនបានទាក់ទងមកយើង ហើយយើងក៏ចាប់អារម្មណ៍ដើម្បីឲ្យប្រកួតប្រជែងខ្លាំងនៅសង្វៀនរបស់យើង។ ខ្ញុំជាអ្នកគាំទ្រម្នាក់របស់ Jorge Masvidal។ ហើយមានតារាល្បីៗច្រើននៅទីនោះ។ ប៉ុន្តែយើងមិនធ្វើអ្វីដែលរំលោភកិច្ចសន្យាជាមួយ UFC ទេ។»

ព័ត៌មានផ្សេងៗអំពី ONE Championship សូមចូលទៅកាន់ www.onefc.com/about-us, follow លើ Twitter និង Instagram @ONEChampionship និង ហ្វេសប៊ុកONEChampionship។

 

អត្ថបទ៖ ស៊ីធី

មតិយោបល់