នាយកប្រតិបត្តិ ONE Championship គាំទ្រចលនា «Black Lives Matter»

មាស សុផាណារ៉ុង June 10, 2020


 

សិង្ហបុរី៖ ប្រធាន និងជានាយកប្រតិបត្តិ ONE Championship លោក Chatri Sityodtong បានបង្ហាញអំពីការគាំទ្រចលនា «Black Lives Matter» ឬ ប្រែជាខេមរភាសាថា គាំទ្រចលនា «បញ្ហារស់នៅរបស់ជនជាតិស្បែកខ្មៅ» នៅលើ blog និងបណ្ដាញសង្គមផ្ទាល់ខ្លួនកាលថ្ងៃពុធ ទី០៣ ខែមិថុនា កន្លងទៅ។

យុទ្ធនាការនេះគឺដើម្បីបំបាត់ភាពរើសអើងជនជាតិអាមេរិកកាំងកាត់អាហ្វ្រិក ដែលចាប់ផ្ដើមកក្រើកពីឆ្នាំ២០១៣ មកម៉្លេះ។ ហើយវាបានចាប់ផ្ដើមផ្ទុះជាថ្មីទៀតនាពេលថ្មីៗនេះក្រោយពីការសម្លាប់ទៅលើ George Floyd ពីសំណាក់ប៉ូលិសស្បែកសនៅរដ្ឋ មីនីសូតានៃសហរដ្ឋអាមេរិក។ អ្នកតវ៉ាជាច្រើនបានផ្ទុះឡើង និងបន្តរីករាលដាលជុំវិញពិភពលោកអំពីការរើសអើងជាតិសាសន៍នេះ។
ទន្ទឹមគ្នាដែរ នាពេលថ្មីៗនេះលើបណ្ដាញសង្គមសម្បូរ hashtags ដោយដាក់ពាក្យថា #BlackLivesMatter និង #BlackoutTuesday ជាដើមពីសំណាក់កីឡាករ ឬអ្នកមានឈាមជ័រពីអាហ្វ្រិក។

លោកនាយកប្រតិបត្តិខាងលើបានពិពណ៌នាថា៖ «ខ្ញុំមិនពាក់ព័ន្ធនឹងនយោបាយ និងមិនចាត់ទុកខ្លួនឯងជាអ្នកនយោបាយនោះទេ។ ខ្ញុំជឿជាក់យ៉ាងមុតមាំថា មនុស្សទាំងអស់ត្រូវមានភាពស្មើគ្នា។ ខ្ញុំក៏ជឿជាក់ឱកាសស្មើភាពសម្រាប់អ្នករាល់គ្នា។ វាមិនមែនជាពេលដែលត្រូវរើសអើងជាតិសាសន៍នោះឡើយ, មិនរើសអើងសាសនា, ភេទ, សញ្ជាតិ, ការអប់រំ, និងឋានៈនៅក្នុងសង្គម។ ខ្ញុំមិនបានគិតរឿងនេះពេលខ្ញុំជួបមនុស្ស។ ខ្ញុំមានមិត្តភ័ក្ដច្រើនក្នុងជីវិត ,មានសញ្ជាតិច្រើន, សាសន៍ផ្សេងគ្នា និង មានសណ្ឋានខុសៗគ្នា។ ខ្ញុំមានមិត្តល្អៗនិងជាសេដ្ឋីច្រើន ហើយអ្នករាល់គ្នាត្រូវស្មើភាពគ្នាក្នុងភ្នែករបស់ខ្ញុំ។ យើងម្នាក់ៗជាមនុស្សជាតិ។ យើងមានប្រវត្តិផ្សេងៗគ្នា វប្បធម៌ផ្សេង, សាសនាផ្សេងគ្នា, សាសន៍ផ្សេងគ្នា និងជំនឿផ្សេងគ្នាដែរ ប៉ុន្តែក្ដីសុបិន, ការសើចសប្បាយ, ក្ដីស្រលាញ់, និង ការយំសោកគឺដូចគ្នា។ សៀវភៅ ‘WE ARE ALL ONE’ របស់ Genki Sudo គឺបានបង្រៀនយើងជាយូរមកហើយ។»

នាយកប្រតិបត្តិ ONE Championship បានបន្តថា ៖ «ចលនា «Black Lives Matter» ខ្ញុំសូមអរគុណដល់មិត្តភ័ក្ដិអាហ្វ្រិក-អាមេរិក ដែលបានបង្រៀនខ្ញុំអំពីប្រវត្តិសាស្ត្រ។ យើងជាមនុស្សជាតិ។ យើងត្រូវមានយុត្តិធម៌គ្រប់គ្នា។ រយៈពេល ២៤០ឆ្នាំហើយដែលជនជាតិអាមេរិកកាត់អាហ្វ្រិកជាទាសករ។ ១០០ឆ្នាំក្រោយមកជនជាតិអាមេរិកកាត់អាហ្វ្រិក ត្រូវបានគេដាក់ឲ្យនៅដោយឡែក។ ប៉ុន្តែវាគ្រាន់តែអតីតកាលប៉ុណ្ណោះហើយប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ពួកគេមានសិទ្ធិស្មើគ្នា។ យ៉ាងណាការរើសអើងនៅតែមានជាបន្ត និងអយុត្តិធម៌បន្តកើតឡើង។ ជនជាតិអាមេរិក-កាត់អាហ្វ្រិក មិនទទួលភាពស្មើគ្នា, ត្រូវរំលោភបំពាន និង ដាក់ឲ្យនៅមួយចំហៀងដោយអាជ្ញាធរនិងសង្គម។ គេមិនមានជីវិតចាប់ផ្ដើមស្មើគ្នាដូចអ្នកដទៃ។ នេះជាពេលត្រូវតតាំងនឹងភាពអយុត្តិធម៌ និងភាពឈឺចាប់។ ខ្ញុំនៅខាងជនជាតិស្បែកខ្មៅ។»

លោកសង្កត់ធ្ងន់ថា៖ «ជាការពិតទៅខ្ញុំជំពាក់អាមេរិកច្រើន។ ប្រទេសនេះបានផ្ដល់ឱកាសឲ្យខ្ញុំរស់នៅក្នុងក្ដីសុបិន។ ខ្ញុំពិតជាតស៊ូណាស់តាំងពីរកលុយ ៤ដុល្លារក្នុង១ថ្ងៃ រហូតទទួលជីវិតក្នុងក្ដីសុបិនរបស់ខ្ញុំ។ ខ្ញុំអាចប្រាប់អ្នកអំពីបទពិសោធន៍ផ្ទាល់ខ្លួន ថាអាមេរិកជាប្រទេសដ៏អស្ចារ្យ។ ប្រទេសនេះកសាងបាននូវតម្លៃ និងគោលការណ៍ត្រឹមត្រូវ។ យ៉ាងណាក្ដីថ្ងៃនេះប្រែជាអួអាប់ ប៉ុន្តែអាមេរិកនឹងស្វែងរកវិធីដើម្បីរួបរួមជាថ្មី និង ព្យាបាលជំងឺរើសអើងជាតិសាសន៍។»

លោក Sityodtong ដែលបានរស់នៅ, សិក្សា និង ធ្វើការនៅសហរដ្ឋអាមេរិករយៈពេល ១៨ឆ្នាំ បានពិពណ៌នាអំពីការប៉ះពាល់អារម្មណ៍នាពេលបច្ចុប្បន្ន ចំពោះពលរដ្ឋអាមេរិកកាត់អាហ្វ្រិកនាពេលនេះ។ «នេះជាពេលដែលត្រូវក្រោកឈរប្រឆាំងនឹងភាពអយុត្តិធម៌។ វាត្រូវតែប្រឆាំងនឹងភាពឈឺចាប់។ វាត្រូវតែដល់ពេលប្រឆាំងនឹងភាពរើសអើងជាតិសាសន៍។ ខ្ញុំឈរខាងកូនកាត់អាមេរិកកាត់អាហ្វ្រិក។ ខ្ញុំនៅខាងមនុស្សស្បែកខ្មៅនាគ្រប់ទីកន្លែង។ ខ្ញុំឈរលើគោលការណ៍មនុស្សជាតិ។»

ព័ត៌មានផ្សេងៗអំពី ONE Championship សូមចូលទៅកាន់ www.onefc.com/about-us, follow លើ Twitter និង Instagram @ONEChampionship និង ហ្វេសប៊ុកONEChampionship៕

 

អត្ថបទ៖ ស៊ីធី

មតិយោបល់