ONE Championship ចុះកិច្ចសន្យាកីឡាករលំដាប់ពិភពលោក ១៤នាក់

មាស សុផាណារ៉ុង June 5, 2020


 

សិង្ហបុរី៖ ទោះជាកូវីដ-១៩ បានយាយីក្នុងប៉ុន្មានខែចុងក្រោយនេះ ប៉ុន្តែ ONE Championship បានចុះកិច្ចសន្យានាំយកតារាល្បីៗលំដាប់ពិភពលោកជាបន្តបន្ទាប់ដើម្បីយកមកប្រកួតក្នុងកម្មវិធីនានារបស់ ONE ជាពិសេស ONE Super Series លើប្រភេទទម្ងន់ featherweight។ ONE បាននាំយកកីឡាករល្បីៗថែមទៀតដើម្បីឲ្យអ្នកគាំទ្រកាន់តែរំភើបរីករាយពេលប្រកួតម្ដងៗ។

ជើងខ្លាំងលំដាប់ពិភពលោកទាំងផ្នែកគុនចម្រុះ, ឃីកបុកសីង, និង មួយថៃចំនួន១៤ រូបបានចុះកិច្ចសន្យាប្រកួតឲ្យ ONE Championship បន្ថែមពីលើកីឡាករល្បីៗដែលមានស្រាប់។

Hyeon Woo Ko

តារាកំពុងរះ Hyeon Woo Ko មកពីប៊ូសាន នៃប្រទេសកូរ៉េខាងត្បូង ដែលឈ្នះ ៧ លើកជាប់គ្នាចុងក្រោយនេះត្រូវបានផ្ដល់កិច្ចសន្យានៅសង្វៀនលំដាប់ពិភពលោក។ ជើងខ្លាំងវ័យ ២៧ ឆ្នាំក្នុងទម្ងន់ featherweight មានកំណត់ត្រាប្រកួតឈ្នះ៨លើក និង ចាញ់ ១ លើកគត់។

Daniyal Zainalov

Daniyal Zainalov មិនចាញ់ទាល់តែសោះក្នុងទម្ងន់ light heavyweight ក្នុងពិភពគុនចម្រុះ ដែលកាន់កំណត់ត្រា ៧-០ ពោលគឺឈ្នះ ៧ ដងមិនដែលចាញ់។ ជើងខ្លាំងមកពីរុស្សីបានបញ្ចប់គូប្រជែងចំនួន៦នាក់ក្នុងចំណោមប្រកួត៧លើក។

Hyun Man Myung

កីឡាករទម្ងន់ light heavyweight មានទេពកោសល្យម្នាក់ទៀតពីកូរ៉េខាងត្បូង គឺ Hyun Man Myung។ គេជាម្ចាស់ខ្សែក្រវាត់ Max FC Heavyweight Kickboxing Champion។ ក្នុងអាជីព ឃីកបុកសីង គេមានកំណត់ត្រាឈ្នះ ៥៥ លើក ចាញ់ ៥ លើក និង ស្មើ ២ លើក។ ចំណែកកំណត់ត្រាគុនចម្រុះវិញ ឈ្នះ ៥ដង និង ចាញ់ ៣ លើក ហើយលទ្ធផលមោឃៈម្ដង។ Hyun ត្រូវបានគេផ្ដល់ឈ្មោះក្រៅថា “The Iron Gentleman” ហើយគេអាចប្រកួតបានទាំងឃីកបុកសីង និងគុនចម្រុះ។

Courtney Martin

Courtney Martin ទទួលបានឱកាសកាន់តែខ្ពស់ថែមទៀតនៅពេលកីឡាការិនីរូបនេះឈ្នះខ្សែក្រវាត់ 2019 GAMMA World Championships នៅសិង្ហបុរីកាលខែ វិច្ឆិកា និងបានក្លាយជាកីឡាករការិនីល្អបំផុតនៅក្នុងកម្មវិធីទៀតផង។ កីឡាការិនីអូស្ត្រាលីមានកំណត់ត្រាល្អដោយឈ្នះ ៨ លើ និង ចាញ់ ១ លើក។ គេនឹងបង្ហាញខ្លួនលើកដំបូងក្នុងការប្រកួតពេល ONE Championship ដំណើរការជាថ្មីនៅឆ្នាំ២០២០ នេះ។

Edson Marques

Edson “Panico” Marques មិនចាញ់ទាល់តែសោះមុនពេលចុះកិច្ចសន្យាប្រកួតឲ្យ ONE។ កីឡាករប្រេស៊ីលឈ្នះទាំង ៩ លើកមិនដែលចាញ់ក្នុងអាជីព ហើយគេជាម្ចាស់ខ្សែក្រវាត់ NP Fight Welterweight Champion។ គេមានប្រវត្តិខ្លាំងទាំងប្រដាល់សកល និងមួយថៃ។ Marques នឹងធ្វើឲ្យរង្គើ ONE Super Series ជាមិនខាន។

Muaina Manase

កីឡាករសញ្ជាតិនូវែលសេឡង់ Muaina Manase ទទួលបានកិច្ចសន្យានៅសង្វៀន ONE ក្រោយឈ្នះជើងឯក 2019 GAMMA World Championships ទម្ងន់ middleweight និងឈ្នះពានកីឡាករល្អបំផុតក្នុងកម្មវិធីនាគ្រានោះ។ គេបានបញ្ចប់គូប្រកួតទាំងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងវគ្គផ្ដាច់ព្រ័ត្រ។ ប៉ុន្តែពេលគេបង្ហាញខ្លួនដំបូងនៅសង្វៀន ONE គឺនឹងចូលប្រកួតក្នុងទម្ងន់ welterweight។

Hiroba Minowa

តារាគុនចម្រុះជប៉ុន Hiroba Minowa បានត្រៀមខ្លួនរួចជាស្រេចដើម្បីឈានជើងចូលសង្វៀនលំដាប់អន្តរជាតិ។ ម្ចាស់ខ្សែក្រវាត់ Shooto Strawweight World Champion អាចនឹងប៉ះគូសត្រូវចាស់ Yosuke “The Ninja” Saruta ដើម្បីជាគោលដៅដល់ចំណុចកំពូល។ Hiroba មានកំណត់ត្រាឈ្នះ ១១ លើក និងចាញ់ ២ លើក ហើយក្នុងនោះ បញ្ចប់ដៃគូឲ្យចុះចាញ់ចំនួន ៨លើក។

Shamil Abdulaev

អ្នកលេងគុនចម្រុះមកពីរុស្សី Shamil Abdulaev នឹងប្រកួតប្រជែងខ្លាំងនៅប្រភេទទម្ងន់ middleweight។ កីឡាករមកពីក្រុងមូស្គូ មានកំណត់ត្រាឈ្នះ ១២ លើក និងចាញ់ ១ លើក។ គេជា ម្ចាស់ខ្សែក្រវាត់ World Champion ពីរសម័យកាល និងអាចផ្ដួលគូប្រកួតឲ្យចុះចាញ់រហូតដល់ ៧លើកក្នុងអាជីព។

Anatoly Malykhin

Anatoly Malykhin នឹងចូលខ្លួនមកដាក់អម្រែកដល់អ្នកលេងគុនចម្រុះទម្ងន់ heavyweight ជាមួយនឹងក្បាច់ចំបាប់សេរីរបស់គេ។ កីឡាកររុស្សីរូបនេះក៏មិនណយដែរព្រោះមិនទាន់ចាញ់សោះដោយឈ្នះទាំង ៨លើក ហើយជ័យជម្នះកន្លងទៅគឺ ធ្វើឲ្យដៃគូចុះចាញ់ ឬ ផ្ដួលឲ្យសន្លប់តែម្ដង។ Anatoly ឈ្នះខ្សែក្រវាត់ WMMAA Amateur World Championships នៅឆ្នាំ២០១៧។

Mihajlo Kecojevic

កីឡាករសញ្ជាតិស៊ែប Mihajlo Kecojevic នឹងដាក់ទម្ងន់ដល់ជើងខ្លាំងជាច្រើននៅកម្មវិធី ONE Super Series kickboxing លើប្រភេទទម្ងន់ light heavyweight។ ម្ចាស់ជើងឯក FEA Heavyweight Grand Prix Champion កាន់កំណត់ត្រាឈ្នះ ១៣ លើក និង ចាញ់ ១ លើក។ Kecojevic ជាកីឡាករម្នាក់ដែលប្រកួតមិនចេះដកឃ្លា ពោលដើរចូលរហូត។

Murat Aygun

Murat “The Butcher” Aygun ជាតារាប្រយុទ្ធមួយផ្សេងទៀតដែលនឹងមកប្រយុទ្ធក្នុងទម្ងន់ light heavyweight។ កីឡាករជំនាញឃីកបុកសីង មានកំណត់ត្រាឈ្នះ ១៦ លើក និងចាញ់ ១ លើក ហើយគេជាម្ចាស់ខ្សែក្រវាត់ ISKA និង WFL Heavyweight World Champion។ Aygun ត្រូវបង្វឹកដោយលោក Said El Badaoui គ្រូបង្វឹកដែលនាំឲ្យ Ilias Ennahachi ឈ្នះខ្សែក្រវាត់ ONE Flyweight Kickboxing World Champion។

Jonathan Di Bella

Jonathan Di Bella ដែលជាជើងខ្លាំងមកពីកាណាដាជាកីឡាករវ័យក្មេងជំនាញ ឃីកបុកសីង។ ក្រោយពេលឈ្នះក្នុងស្រុកនិងជើងឯកថ្នាក់ជាតិជាច្រើននៅទ្វីបអាមេរិកភាគខាងជើង Di Bella បានឈានដល់កម្រិតខ្ពស់មួយទៀតនៅសង្វៀនលំដាប់ពិភពលោក។ កីឡាករសញ្ជាតិកាណាដាមិនទាន់ចាញ់ក្នុងអាជីពដោយឈ្នះ ១០ ដង មិនដែលចាញ់។ គេនឹងចូលប្រកួតក្នុងទម្ងន់ strawweight ។

Capitan Petchyindee Academy

ម្ចាស់ខ្សែក្រវាត់ Lumpinee Stadium និង WPMF Muay Thai World Champion កីឡាករ Capitan Petchyindee Academy បានចុះកុងត្រាប្រកួតនៅកម្មវិធី ONE Super Series Muay Thai ក្នុងទម្ងន់ bantamweight។ កីឡាករថៃរូបនេះមានកំណត់ល្អដោយឈ្នះ ១៤០ ដង ចាញ់ ៤០ ដង និង ស្មើ ១ ដង។ សិស្សរួមគ្រូរបស់ Petchmorakot Petchyindee Academy និងPetchdam “The Baby Shark” Petchyindee Academy ដាក់គោលដៅស្វែងរកជើងឯកលំដាប់ពិភពលោក។

Jacob Smith

អ្នកលេងមួយថៃមកពីចក្រភពអង់គ្លេស Jacob Smith ត្រូវបានគេស្គាល់ថាជាកីឡាករមានឆន្ទៈខ្លាំងក្លាលើសង្វៀនក្នុងនោះគេឈ្នះ ១០ ដង ចាញ់ ១ ដង និងស្មើ ១ដងនៅក្នុងអាជីពរបស់ខ្លួន។ Smith ចូលខ្លួនមកបន្ថែមជើងខ្លាំងមួយរូបទៀតក្នុងទម្ងន់ flyweight។

ព័ត៌មានផ្សេងៗអំពី ONE Championship សូមចូលទៅកាន់ www.onefc.com/about-us, follow លើ Twitter និង Instagram @ONEChampionship និង ហ្វេសប៊ុកONEChampionship។

 

អត្ថបទ៖ ស៊ីធី

មតិយោបល់