ជ័យជម្នះដ៏អស្ចារ្យទាំង៥ របស់កីឡាករ-កីឡាការិនីកម្ពុជា នៅសង្វៀន ONE Championship

មាស សុផាណារ៉ុង June 1, 2020


 

ភ្នំពេញ៖ គុនចម្រុះ គឺជាក្បាច់គុនថ្មីរបស់កម្ពុជាប្រមាណជា ១០ឆ្នាំចុងក្រោយនេះ ប៉ុន្តែកីឡាករ-កីឡាការិនី មួយចំនួនកំពុងរះនៅសង្វៀនលំដាប់ពិភពលោក ONE Championship។ ជាធម្មតា កីឡាករ-កីឡាការិនីកម្ពុជា មានក្បាច់បាត ឬជំនាញក្បាច់គុនប្រពៃណីរបស់ខ្លួន «គុនខ្មែរ» ដែលធ្វើឲ្យពួកគេអាចបត់បែន និងអភិវឌ្ឍខ្លួនបានល្អនៅក្នុងវិស័យគុនចម្រុះ។ ខាងក្រោមនេះសូមបង្ហាញអំពីជ័យជម្នះដ៏ធំបំផុតចំនួន ៥ របស់កីឡាករ-កីឡាការិនីកម្ពុជា នៅសង្វៀនលំដាប់ពិភពលោក ONE Championship។

១. ចាន់ រតនា ផ្ដួល Fernandes ត្រឹមទឹកទី២ ដ៏អស្ចារ្យ

នេះជាការប្រកួតដ៏ល្អមួយក្នុងទម្ងន់ flyweight រវាង ចាន់ រតនា និង Abro “The Black Komodo” Fernandes ក្រោមក្រសែភ្នែកកុះកររបស់ទស្សនិកជននៅកម្មវិធី ONE: DESTINY OF CHAMPIONS កាលខែធ្នូ ឆ្នាំ២០១៨ ជាពេលដែលអ្នកលេងគុនចម្រុះរបស់កម្ពុជា អាចផ្ដួលគូប្រកួតឲ្យសន្លប់នៅទឹកទី២។ ចាន់ រតនា អាចរក្សាលំនឹងបានល្អនៅសង្វៀនលំដាប់ពិភពលោកមួយនេះ ទោះគូប្រជែងខំប្រើក្បាច់ចំបាប់ដើម្បីបំបាក់ក៏ដោយ ប៉ុន្តែជាផលតបសង គឺបានផ្ដល់ឲ្យ Fernandes នូវកណ្ដាប់ដៃត្រលប់ទៅវិញភ្លាមៗ។

កីឡាករតំណាងឲ្យកម្ពុជា ការពារបានល្អពីការចូលចាប់របស់ “The Black Komodo” នៅទឹកទី២។ បន្ទាប់មក Fernandes ក៏បានព្យាយាមប្រើក្បាច់ឃ្លេក ប៉ុន្តែមិនអាចទៅរួច។ រតនា បានដើរចូល និងប្រើកណ្ដាប់ដ៏មានប្រសិទ្ធភាព។ រតនា បានប្រើកណ្ដាប់ដៃខាវឆ្វេងស្ដាំ និងរក្សាការគាបសង្កត់របស់គូបដិបក្ខ មុនពេលម៉ាត់ និងអុកជង្គង់ដើម្បីយកឈ្នះតែម្ដង។

២. អែម សុវណ្ណារី ឈ្នះក្នុងការបង្ហាញខ្លួនដំបូងលើលើ Kyselova

អែម សុវណ្ណារី ឬ រហស្សនាមថា “The Sweet Savage” ទទួលជ័យជម្នះក្នុងការបង្ហាញខ្លួនលើកដំបូងលើកីឡាការិនីអ៊ុយក្រែន Iryna “Delsa” Kyselova នៅក្នុងកម្មវិធី ONE: DESTINY OF CHAMPIONS។

គ្រាន់តែចូលទឹកទី១ កីឡាការិនីកូនកាត់កម្ពុជា-អាមេរិក បានចូលទៅចាប់ផ្ដួល និងប្រើកណ្ដាប់ដៃពីលើយ៉ាងលឿន ស្របពេលជើងទាំងពីរគាបគូប្រជែងឲ្យទៅក្បែររេញ។ ទោះ Kyselova ខំព្យាយាមរើបម្រាស់ពីការចាប់ និងចង់គេចឲ្យផុតពីគ្រោះថ្នាក់ ក៏ “The Sweet Savage” អាចប្រើជង្គង់យ៉ាងខ្លាំង និងគ្រប់គ្រងស្ថានការណ៍បាន។ សុវណ្ណារី មានឱកាសប្រយុទ្ធតាមចិត្ត និងប្រើកណ្ដាប់ដៃធ្ងន់ៗពីលើរហូតផ្ដួលដៃគូឲ្យសន្លប់ត្រឹម ៨១ វិនាទី ប៉ុណ្ណោះ។

៣. សរ សី ឈ្នះពិន្ទុ Victorio Senduk

អ្នកលេងគុនចម្រុះជើងចាស់ សរ សី ធ្វើបានល្អបំផុតក្នុងអាជីពរបស់ខ្លួនពេលឈ្នះពិន្ទុជាឯកច្ឆន្ទ លើ Victorio “Indra” Senduk នៅក្នុងកម្មវិធី ONE: GRIT AND GLORY កាលខែឧសភា ឆ្នាំ២០១៨។ កីឡាករមកពីក្លិប Cambodian Top Team ប៉ះកីឡាករម្ចាស់ផ្ទះឥណ្ឌូណេស៊ី មិនដែលចាញ់នាគ្រានោះនៅមុខអ្នកគាំទ្រពីទីក្រុងក្រុងហ្សាកាតា ប៉ុន្តែរូបគេនៅតែធ្វើបានល្អ។ សរ សី ផ្ដោតលើការទាត់ជើងនៅទឹកទី២ ដែលជាជំនាញរបស់គុនខ្មែរ ហើយរូបគេក៏ប៊ិះនឹងបញ្ចប់កីឡាករឥណ្ឌូណេស៊ីទៅហើយ ពេលនៅពីលើក្នុងជំហរដេក និងប្រើកណ្ដាប់តប់ពីលើយ៉ាងច្រើន។

បែបណាក្ដី នៅទឹកទី៣ សរ សី នៅតែមានប្រសិទ្ធភាពលើការប្រើជើង និងការប្រកួតក្នុងជំហរដេកលើក្ដាររេញ។ គេនៅតែអាចប្រើជើងបានល្អលើកីឡាកររហស្សនាម “Indra” និងប្រើក្បាច់ប្រយុទ្ធលើក្ដាររេញយ៉ាងមានប្រៀប មុនពេលកីឡាករមកពីខេត្តកណ្ដាលរូបនេះត្រូវអាជ្ញាកណ្ដាលប្រកាសឈ្នះពិន្ទុជាឯកច្ឆន្ទ។

៤. ខុន ស៊ីចាន់ ឈ្នះ Umar

ការប្រកួតរវាង ខុន ស៊ីចាន់ និង Riski Umar ប្រដេញគ្នាមែនទែនទាំង ៣ទឹកនៅក្នុងកម្មវិធី ONE: VISIONS OF VICTORY កាលខែមីនា ឆ្នាំ២០១៨ ប៉ុន្តែ កីឡាករកម្ពុជាប្រើក្បាច់ប្រយុទ្ធបានល្អជាងដើម្បីឈ្នះពិន្ទុមិនឯកច្ឆន្ទ។ Umar គំរាមកំហែងដល់ ស៊ីចាន់ ក្នុងការបញ្ចប់ដោយក្បាច់ឃ្លេ នៅទឹកដំបូង ប៉ុន្តែកីឡាករមកពីក្លិប Phnom Penh MMA និង PRODAL Fight Gym ក៏តបវិញបានល្អនៅទឹកទី២ ដោយក្បាច់ឃ្លេដែរ។

យ៉ាងណាក្ដី ស៊ីចាន់ បានដាល់យ៉ាងខ្លាំងៗ និងទាត់ចំគោលដៅនៅទឹកទី៣ដើម្បីធានាបានជ័យជម្នះលើកដំបូងនៅសង្វៀនលំដាប់ពិភពលោក ONE។

៥. នៅ ស្រីពៅ ឈ្នះ Rika ក្នុងការបង្ហាញខ្លួនលើកដំបូង

នៅ ស្រីពៅ បានធ្វើឲ្យចាប់អារម្មណ៍ក្នុងការប្រកួតទម្ងន់ women’s atomweight នៅពេលកីឡាការិនីកម្ពុជារូបនេះយកឈ្នះពិន្ទុ Rika “Tiny Doll” Ishige ក្នុងការបង្ហាញខ្លួនដំបូងនៅ ONE: CLASH OF LEGENDS កាលខែកុម្ភៈ ឆ្នាំ ២០១៩។

ស្រីពៅ មានក្បាច់ប្រយុទ្ធដ៏មានថាមពលលើកីឡាការិនីថៃ។ ម្ចាស់ខ្សែក្រវាត់របស់កម្ពុជាបានប្រើជំនាញវ៉ៃថ្ពក់របស់លើខ្លួនលើ “Tiny Doll” ដោយប្រើដៃឆ្វេង-ស្ដាំពីចម្ងាយ។ ក្នុងនោះ ស្រីពៅ ក៏មានជំនាញចាប់អុកជង្គង់ផងដែរ។ ស្រីពៅ មិនឲ្យកីឡាការិនីដែលមានមូលដ្ឋាននៅបាងកកចាប់បោកទៅក្ដាររេញបានងាយៗនោះឡើយ និង បន្តប្រើជើងដើម្បីដាក់គំនាបលើគូប្រកួតនៅទឹកទឹ២។ Ishige បានប្រើគ្រប់មធ្យោបាយសម្រាប់អ្នកគាំទ្ររបស់ខ្លួននៅរាជធានី បាងកក ប៉ុន្តែ ស្រីពៅ នៅតែប្រើកណ្ដាប់ដៃ និង ការទាត់ជើងក្រោមបានល្អដើម្បីឈ្នះពិន្ទុជាឯកច្ឆន្ទ។

ព័ត៌មានផ្សេងៗអំពី ONE Championship សូមចូលទៅកាន់ www.onefc.com/about-us, follow លើ Twitter និង Instagram @ONEChampionship និង ហ្វេសប៊ុកONE Championship៕

 

អត្ថបទ៖ ស៊ីធី

មតិយោបល់