ចាន់ រតនា, នៅ ស្រីពៅ និង ខុន ស៊ីចាន់ ចូលហាត់ពេញម៉ោងឬនៅពេលស្ងាត់ Covid-19?

មាស សុផាណារ៉ុង May 19, 2020


 

ភ្នំពេញ៖ ជំងឺ Covid-19 នៅកម្ពុជាកាន់តែអាចគ្រប់គ្រងបាន បន្ទាប់ពីអ្នកឆ្លងទាំង ១២២នាក់បានជាសះស្បើយ និងមិនមានករណីថ្មីកើតឡើងនោះទេក្នុងរយៈពេលប្រមាណមួយខែចុងក្រោយនេះ។

ព្រឹត្តិការណ៍កីឡាមានតែប្រដាល់មួយគត់ដែលមានសកម្មភាពផុសផុលលើការរៀបចំការប្រកួតពីសំណាក់សង្វៀនទូរទស្សន៍ក្នុងស្រុកពោលការប្រកួតកីឡាករខ្មែរ និងខ្មែរ។ ចុះ ចាន់ រតនា និង នៅ ស្រីពៅ ដែលមិនសូវបានឡើងសង្វៀន បានហ្វឹកហាត់កម្រិតណាទៅ? ចំណែក ខុន ស៊ីចាន់ ដែលជាប់កុងត្រានៅ ONE Championship បានហ្វឹកហាត់ដិតដល់ឬទេ?

តារាគុនចម្រុះប្រចាំប្រទេស ចាន់ រតនា មិនអាចទាក់ទងបានទេនាថ្ងៃអាទិត្យនេះ ប៉ុន្តែបានបង្ហើបនាលពេលថ្មីៗកន្លងមកយ៉ាងដូច្នេះ៖ «ទោះមិនបានហាត់ពេញម៉ោង តែខ្ញុំបានហាត់កម្លាំងអំណត់ជាមួយគ្រូបង្វឹកសញ្ជាតិអ៊ីតាលី Lorenzo ជាប្រចាំព្រោះគ្រូផ្សេងៗទៀតត្រូវផ្អាកសិនសិនមុនកូរ៉ូណាលែងរាលដាល។ ពេល Covid-19 ចប់ ខ្ញុំនឹងបើកក្លិបខ្ញុំឡើងវិញ និងហ្វឹកហាត់ជាមួយគ្រូជំនាញផ្សេងៗផងដែរ ព្រោះខ្ញុំត្រៀមប្រកួតនៅសង្វៀន ONE។»

កាលប្រទេសត្រូវបានរឹតត្បិតដោយសារ Covid-19 ចាន់ រតនា បានផ្អាកដំណើរការក្លិបតាំងពីខែមីនា មកម៉្លេះ និង មិនបានហ្វឹកហាត់ក្បាច់ឃ្លេ ជឺជិតស៊ូ និង Boxing នោះឡើយ។ យ៉ាងណាក្ដី កីឡាករវ័យ៣៤ឆ្នាំរូបនេះបានបញ្ជាក់ថា៖ «ខ្ញុំរក្សាកម្លាំងឲ្យនៅល្អ ដោយហាត់ខ្លួនឯង និង ហាត់ជាមួយគ្រូ Lorenzo។ ដូច្នេះបច្ចេកទេសនានាចាំហាត់តាមក្រោយមិនបញ្ហានោះទេ។»

ចំណែក នៅ ស្រីពៅ ដែលបានប្រឡូកនៅសង្វៀនលំដាប់ពិភពលោក ONE កន្លងមកបានថ្លែងបែបនេះ៖ «ខ្ញុំប្រហែលជាចូលហ្វឹកហាត់ធម្មតាវិញនៅអាទិត្យក្រោយនៅក្លិបរបស់ខ្ញុំ តាឡីដំរីមានរិទ្ធ។ ពេលមានកម្មវិធីប្រកួតអន្តរជាតិ ទើបខ្ញុំទៅហាត់នៅ Cambodian Top Team ព្រោះអាចហាត់ក្បាច់ឃ្លេ ឬ MMA ជាដើម។ ការចូលហ្វឹកហាត់របស់ខ្ញុំនៅក្លិបនាសប្ដាហ៍ក្រោយ គឺមានវេនព្រឹកនិងល្ងាច។»

រីឯ ខុន ស៊ីចាន់ ដែលជាកីឡាករគុនចម្រុះជាប់កិច្ចសន្យាប្រកួតនៅសង្វៀនអន្តរជាតិ ONE Championship នោះបានឲ្យដឹងថា៖ «ខ្ញុំហ្វឹកហាត់ជាមួយប្អូនជាប្រចាំនៅឯស្រុកអន្លង់វែង តែមិនហាត់ខ្លាំងណាស់ណាទេ។ ខ្ញុំហាត់ជាមួយប្អូន និងកូនសិស្សពីរ បីនាក់ផ្សេងទៀត។ ប៉ុន្តែមិនសូវបានហ្វឹកហាត់ដិតដល់ ដូច្នេះខ្ញុំបានប្រកួតចាញ់ ឃីម បូរ៉ា ដោយពិន្ទុនាពេលថ្មីៗនេះដែរ។ យ៉ាងណាក្ដី ខ្ញុំប្រកួតនេះ គឺខ្ញុំជំនួសគេទេ ហើយពេលប្រថុចញ៉ុចពេកនៅសង្វៀន CTN។» នៅថ្ងៃទី ៣១ ខែ ឧសភា ខាងមុខនេះ កូនសិស្សមកពីក្លិបអប់រំកាយ និង កីឡាស្រុកអន្លង់វែងនឹងប្រកួតកម្ដៅសាច់ដុំមួយប្រកួតទៀតដោយអាចជួបកីឡាករជើងខ្លាំង លាប រដ្ឋា។

ខុន ស៊ីចាន់ សង្កត់ធ្ងន់ថា៖ «បើសិន Covid-19 ស្រាកស្រាន្តមែនទែន មិនយូរនោះទេខ្ញុំនឹងឡើងវ៉ៃនៅសង្វៀន ONE Championship ជាថ្មីក្នុងរយៈពេលប្រមាណ ២ខែខាងមុខ។»

ព័ត៌មានផ្សេងៗអំពី ONE Championship សូមចូលទៅកាន់ www.onefc.com/about-us, follow លើ Twitter និង Instagram @ONEChampionship និង ហ្វេសប៊ុកONEChampionship៕

 

អត្ថបទ៖ ស៊ីធី

មតិយោបល់