TV5 Boxing Knock-Out Serie by K-Cement រកឃើញបេក្ខភាពឡើងទៅវគ្គផ្ដាច់ព្រ័ត្រ

មាស សុផាណារ៉ុង May 12, 2020


 

ភ្នំពេញ៖ អ្នកប្រដាល់ ពុយ វណ្ណៈ មកពីក្លិបឃ្លាំងមឿងកីឡា ដែលនរណាៗក៏មានជំនឿចិត្តថានឹងឆ្លងផុតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនោះបែរជាទទួលបរាជ័យដោយសារអ្នកប្រដាល់ សោម វិឆ័យ មកពីក្លិបពន្លឺវិបុល ក្នុងជំនួបវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃព្រឹត្តិការណ៍ TV5 Boxing Knock-Out Serie by K-Cement កាលពីយប់ថ្ងៃទី០៩ ខែឧសភា

ពុយ វណ្ណៈ បានបង្ហាញនូវភាពជឿជាក់ថាការប្រកួតនេះគេសង្ឃឹមថា ៧០ភាគរយជ័យជំនះនឹងធ្លាក់មកក្នុងកណ្ដាប់ដៃរបស់ខ្លួន ព្រោះគេត្រូវការនូវកៅអីសម្រាប់វគ្គផ្ដាច់ព្រ័ត្រ ។ ចំពោះ វិឆ័យ វិញបាននិយាយមុនពេលឡើងសង្វៀនប្រកួតថានេះជាការប្រកួតមួយដ៏តឹងតែងព្រោះទាំងរូបគេ ទាំងវិឆ័យ សុទ្ធតែមិនទាន់ស្គាល់ចាញ់ដូចគ្នានៅក្នុងព្រឹត្តិការណ៍នេះ។

ក្នុងការប្រកួតពិតជាមានលក្ខណៈតឹងតែង វណ្ណៈ បានសម្រុកចូលមករហូតព្រមទាំងវ៉ៃចេញច្រើនទៀតផងតែការវ៉ៃចេញរបស់គេហាក់ដូចជាមិនសូវចំគោលដៅនោះឡើយ ខណៈវិឆ័យ ដកថយតាមយុទ្ធសាស្ត្រក៏ពិតមែន ហើយស្ថិតិនៃការវ៉ៃចេញក៏មិនច្រើនដូចវណ្ណៈ តែការវ៉ៃចេញរបស់គេចំគោលដៅបានល្អ និងច្រើនជាង។

ដោយការប្រកួតមានតែ ៣ទឹកនោះ ពួកគេបានវ៉ៃគ្នាដោយមិនសំចៃកម្លាំងឡើយ ពិសេសនៅទឹកទី៣ អ្វីៗដែលគេមានគេបញ្ចេញទាំងអស់តែម្ដង។ ទីបំផុត សោម វិឆ័យ ក្លាយជាម្ចាស់កៅអីសម្រាប់វគ្គផ្ដាច់ព្រ័ត្រ ចំពោះវណ្ណៈ នៅសល់តែឱកាសប្រជែងយកកៅអីចំណាត់ថ្នាក់លេខ៣ ប៉ុណ្ណោះ។

ប្រកួតក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះផងដែរ អ្នកប្រដាល់ រិន សារដ្ឋ មកពីក្លិបបញ្ជាការដ្ឋានកងទ័ពជើងទឹក ក៏ប្រជែងបានកៅអីសម្រាប់វគ្គផ្ដាច់ព្រ័ត្រដូចគ្នា បន្ទាប់ពីប្រកួតឈ្នះអ្នកប្រដាល់ វ៉ែន ហុងជីវ៉ុង ក្លិបកងកេងកីឡាមានរិទ្ធ ខេត្តបាត់ដំបង ដោយពិន្ទុ។

ការប្រកួតរវាងអ្នកប្រដាល់ទាំង ២រូបនេះក៏តឹងតែងខ្លាំងដែរ ដោយជីវ៉ុង ជួបបរាជ័យមែនតែមួយព្រឹត្តិការណ៍នេះគេវ៉ៃបានល្អហើយគេបានធ្វើឲ្យគូប្រកួតទ្រមខ្លួនទៀតផង ខណៈសារដ្ឋ ដែលឈ្នះនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ គេត្រៀមខ្លួនប្រកួតផ្ដាច់ព្រ័ត្រជាមួយ សោម វិឆ័យ ដែលឈ្នះនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដូចគ្នា។ ចំពោះ វ៉ែន ហុងជីវ៉ុង នឹងត្រូវប្រកួតជាមួយ ពុយ វណ្ណៈ ដណ្ដើមចំណាត់ថ្នាក់លេខ៣ ដែលចាញ់នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដូចគ្នា ។

គូប្រកួតក្រៅព្រឹត្តិការណ៍ពានរង្វាន់វិញនោះ វេន សុភ័ក្រ្ត មកពីក្លិបទ័ពឆ័ត្រយោង៩១១ បានប្រកួតចាញ់ខ្លាកន្ដឿ ម៉ន សាម៉េត មកពីក្លិបកងចក្ររាជសីហ៍ដោយពិន្ទុ៕

 

អត្ថបទ៖ វ៉ាន្នី

មតិយោបល់