ក្លិបប្រដាល់គុនខ្មែរ រិះគន់សហព័ន្ធ ក្នុងការផ្ដល់ជំនួយដល់ក្លិបជួបការលំបាកមិនចំគោលដៅ

មាស សុផាណារ៉ុង May 6, 2020


 

ភ្នំពេញ៖ បន្ទាប់ពីមានការផ្ដល់ជំនួយដល់ក្លិបប្រដាល់ចំនួន៣ នៅក្នុងស្រុកដែលត្រូវគេមើលឃើញថាមិនស្មើភាពនោះ សហព័ន្ធប្រដាល់គុនខ្មែរ ត្រូវបានក្លិបប្រដាល់ក្រីក្រមួយចំនួន រិះគន់យ៉ាងខ្លាំង ហើយបានចាត់ទុកការផ្ដល់ជំនួយនេះ តាមបក្ខពួក ខណៈជំនួយដែលសហព័ន្ធបានផ្ដល់ជំនួយនោះត្រូវបានគេទម្លាយថា គឺជាក្លិបមានធនធានប្រសើរ គឺមិនមែនក្រលំបាកពិតប្រាកដនោះទេ ។ នេះបើយោងតាមការចុះផ្សាយរបស់ការសែតក្នុងស្រុកមួយ កាលពីម្សិលមិញនេះ។

ពាក់ព័ន្ធការរិះគន់នេះ ប្រធាសហព័ន្ធកីឡា្រដាល់គុនខ្មែរឯកឧត្តម តែម ម៉ឺន បានឱ្យដឹងថា៖ «អ្វីដែលសហព័ន្ធជួយបាន គឺតាមលទ្ធភាព មិនអាចបានតាមសំណូមពរទេ ព្រោះអ្វីៗទាំងនេះ បានមកពីទឹកចិត្តរបស់សប្បុរសជនជាលក្ខណៈបុគ្គលឯកជនទេ មិនមែនរបបបានពីក្រសួងនោះឡើយ ក្នុងនោះលោក ហេង សុឃន តែងតែយកថវិកាផ្ទាល់ខ្លួន ដើម្បីជួយទៅតាមលទ្ធភាព ហើយក៏មិនទាន់បានតាមការខ្វះខាតរបស់ក្លិបដែរ។ ហេតុនេះសូមមេត្តាយោគយល់ផង។»

ក្លិបទាំង៣ ដែលសហព័ន្ធបានផ្ដល់ជំនួយជាគ្រឿងឧបភោគបរិភោគ សម្ភារហ្វឹកហាត់ និងថវិកាមួយចំនួននោះ គឺក្លិបអាណាចក្រគុនខ្មែរ ក្លិបថ្មគោលខណ្ឌពោធិ៍សែនជ័យ និងក្លិបឃ្លាំងមឿងកីឡា។

ចំណែកគ្រូបង្វឹក និងជាប្រធានក្លិបវាលស្បូវច្បារអំពៅ លោក ម៉ៃ សុភា ដែលមិនគាំទ្រការផ្ដល់ជំនួយរបស់សហព័ន្ធនោះបានលើកឡើងថា៖ «មានក្លិបក្រីក្រជាងនេះច្រើនណាស់ ដែលសហព័ន្ធមើលមិនឃើញ ហើយកន្លងមកក្លិបរបស់ខ្ញុំ មិនដែលទទួលបានអ្វីឡើយ។ ហេតុនេះខ្ញុំបានស្នើសុំឲ្យលោកប្រធានសហព័ន្ធមេត្តាកុំជឿលើរបាយការណ៍ ឬមន្ត្រីថ្នាក់ក្រោមពេក ព្រោះការពិតមានក្លិបក្រច្រើនណាស់ ដែលលំបាកតោកយ៉ាកជាងនោះ។»

លោកបន្តថា៖ «ខាងសហព័ន្ធ មើលមិនឃើញក្លិបដែលក្រីក្រពិតប្រាកដនោះទេ គឺគេជួយតែក្លិបជាបក្ខពួក និងមានខ្សែរយៈប៉ុណ្ណោះ ចំណែកក្លិបក្រមែនទែន ដូចក្លិបរបស់ខ្ញុំ ក្លិបកងចក្ររាជសីហ៍ របស់លោកគ្រូ ជួន សំណាង ក្លិបប្រដាល់រស្មីកុមារកំព្រារបស់លោកគ្រូ មាស យ៉ាម និងក្លិបតាឯកដំបងដែករបស់លោកគ្រូ ប្រាក់ យ៉ា ជាដើម គឺរកតែអង្ករច្រកឆ្នាំងមិនចង់បានផង គឺរកកលនឹងរលាយ ប៉ុន្តែសហព័ន្ធលោកនៅតែមើលមិនទាន់ឃើញ។» ជាងនេះទៅទៀត «ក្លិបអាណាចក្រគុនខ្មែរគ្រប់គ្រងដោយលោកគ្រូ ធី ណារិទ្ធ ជាជំនួយការផ្គូផ្គងប្រចាំសង្វៀនបាយ័នទាំងមូលចេះតែថា ក្រទៅកើត រីឯក្លិបថ្មគោលខណ្ឌពោធិ៍សែនជ័យ ដែលជាមរតកពីលោកគ្រូ ឯម ច័ន្ទសុផល និងមាន ឯម វុត្ថា ជាអ្នកគ្រប់គ្រង ជាក្លិបមួយ ស្និទ្ធជាមួយនឹងសង្វៀនបាយ័នដូចគ្នាចាប់គូប្រកួតបានរាល់សប្តាហ៍ ហេតុអីបានគេថា ក្រជាងគេ? ចំណែកក្លិបឃ្លាំងមឿងកីឡា ដែលលោកស្រី សុខា ទទួលមរតកពី លោក សុខ វិជ័យ មានកីឡាករល្អៗ និងមានទំនាក់ទំនងជួយពីសង្វៀន CNC ថ្មីៗនេះ ហេតុអីគេថាក្រជាងគេនោះ?»។

ជាមួយគ្នានេះដែរប្រធានសហព័ន្ធប្រដាល់គុនខ្មែរបានសង្កត់ធ្ងន់ថា៖ «តាមពិតសហព័ន្ធមានតួនាទីទទួលរ៉ាប់រងគ្រប់គ្រងតែមន្ត្រីបច្ចេកទេស និងកីឡាករទេ មិនមែនជាស្ថាប័នរកលុយ ដើម្បីផ្គត់ផ្គង់ក្លិបនោះទេ ប៉ុន្តែអ្វីដែលជួយបាន គឺនៅតែប្រឹងប្រែងជាចិត្តសប្បុរសតាមលទ្ធភាព»

 

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់