TV5 Boxing Knock-Out Series by K-Cement ត្រលប់មកវិញ ឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ

មាស សុផាណារ៉ុង May 5, 2020


 

ភ្នំពេញ៖ ព្រឹត្តិការណ៍ TV5 Boxing Knock-Out Series by K-Cement ដែលផ្អាកមួយរយៈ ដោយសារកូវីដ១៩ នោះ នៅថ្ងៃទី០៩ ខែឧសភា ខាងមុខ នឹងត្រូវបន្តឡើងវិញតែជាការប្រកួតបិទទ្វារមិនអនុញ្ញាតឲ្យមានអ្នកចូលទស្សនាឡើយ ។

ពុយ វណ្ណៈ មកពីក្លិបឃ្លាំងមឿងកីឡា ដែលជាអ្នកខ្លាំងស្រករក្រោយត្រូវជួបប្រកួតជាមួយរៀមច្បង សោម វិឆ័យ មកពីក្លិបពន្លឺវិបុលដារិទ្ធ ខ័ណ្ឌពោធិ៍សែនជ័យ ដែលជាអ្នកប្រដាល់កើនសមត្ថភាពខ្លាំងបានមួយរយៈ ក៏ថមថយសមត្ថភាពមកវិញ។

វិឆ័យ ប្រាកដជាលំបាកជាមួយវណ្ណៈ ព្រោះវណ្ណៈ មួយរយៈនេះគេបានក្លាយជាអ្នកប្រដាល់ដ៏ខ្លាំងមួយរូបដែលសូម្បីតែអ្នកប្រដាល់ឆ្លងដែនមកពីប្រទេសថៃ ក៏គេយកឈ្នះបានច្រើននាក់ផងដែរ។

រំឭកទៅកាលពីប្រកួតនៅវគ្គជម្រុះជុំទី១ សោម វិឆ័យ បានយកឈ្នះអ្នកប្រដាល់កណ្ដាប់ដៃរន្ទះ ផាន រះ មកពីក្លិបតាព្រហ្មមានជ័យ ដោយពិន្ទុក្នុងខណៈដែល ពុយ វណ្ណៈ យកឈ្នះ លីន សុខឈុន នៅទឹកទី២។ នៅជុំទី២ វិឆ័យ ឈ្នះ គង់ សំបូរ មកពីក្លិបអាណាចក្រគុនខ្មែរ ដោយពិន្ទុ រីឯវណ្ណៈ វិញឈ្នះ សូត្រ ខេវិន ក្លិបបក្សីស្លាបដែក ដោយពិន្ទុ។

នៅជុំទី៣ សោម វិឆ័យ បានយកឈ្នះអ្នកប្រដាល់ចិត្តស្លុយ រឿម វណ្ណៈ មកពីក្លិបអប់រំកាយស្រុកអន្លង់វែង ដោយពិន្ទុ។ ចំពោះ ពុយ វណ្ណៈ វិញបានយកឈ្នះ ឡុង បេនលឿន ក្លិបសាលវ័ន្ដកីឡាដោយពិន្ទុ។

ប្រកួតក្នុងវគ្គវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះដែរ រិន សារដ្ឋ ក្លិបកងទ័ពជើងទឹកប្រកួតជាមួយអ្នកប្រដាល់ វ៉ែន ហុងជីវ៉ុង ក្លិបកងកេងកីឡាខេត្តបាត់ដំបង។ សម្រាប់ រិន សារដ្ឋ ក្នុងការប្រកួតជម្រុះ ៣ជុំកន្លងមក នៅជុំទី១ បានយកឈ្នះ សល់ ពិសិដ្ឋ មកពីក្លិបកុសលកីឡា ដែលរក្សាទម្ងន់មិនបាន ជុំទី២ឈ្នះ អ៊ុង កំសត់ មកពីក្លិបព្រៃទទឹងកីឡា ដោយពិន្ទុ និងវគ្គជម្រុះជុំទី៣ យកឈ្នះ ខាំ សាបាន ក្លិបរ៉ាហាប់ស្វាយប៉ាកដោយពិន្ទុដែរ។

ចំពោះ វ៉ែន ហុងជីវ៉ុង វិញនៅជុំទី១ ប្រកួតឈ្នះ សុខ សុវណ្ណ មកពីក្លិបកងពលធំអន្តរាគមន៍លេខ២ ដោយពិន្ទុ ជុំទី២ឈ្នះ សោម ស៊ីថៃ ក្លិបអេភូថងកីឡា ដោយពិន្ទុ និងជុំទី៣ បានបន្តយកឈ្នះ ណាម ម៉ូរ៉ាក់ មកពីក្លិបពន្លឺសាមគ្គីខេត្តបាត់ដំបង ដោយពិន្ទុ។

វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដែលជាវគ្គដ៏សំខាន់នេះ វ៉ែន ហុងជីវ៉ុង ឬ រិន សារដ្ឋ ជាអ្នកប្រជែងបានកៅអីសម្រាប់វគ្គផ្ដាច់ព្រ័ត្រ?

 

អត្ថបទ៖ វ៉ាន្នី

មតិយោបល់