សហព័ន្ធប្រដាល់គុណខ្មែរ ឧបត្ថម្ភក្លិបប្រដាល់គុនខ្មែរ ចំនួន៣ ដែលជួបវិបត្តិដោយសារកូវីដ-១៩

មាស សុផាណារ៉ុង May 2, 2020


 

ភ្នំពេញ៖ ក្លិបប្រដាល់គុនខ្មែរ ចំនួន៣ ដែលកំពុងជួបការលំបាកនោះត្រូវបានលោកឧត្តមសេនីយ៍ឯក តែម ម៉ឺន ដែលជាប្រធានសហព័ន្ធផ្ដល់នូវគ្រឿងឧបភោគបរិភោគ និងសម្ភារៈហ្វឹកហាត់ និងថវិកាមួយចំនួនសម្រាប់ដោះស្រាយនូវការលំបាក។

រសៀលថ្ងៃទី០១ ខែឧសភា លោក ហេង សុឃន អនុប្រធានសហព័ន្ធ និងលោកឧត្តមសេនីយ៍ និន ភិរម្យ ដែលជាតំណាងលោកប្រធានសហព័ន្ធ បានធ្វើពិធីផ្ដល់នូវជំនួយឧបត្ថម្ភទាំងនេះដល់តំណាងក្លិបទាំង៣ នៅទីស្នាក់ការសហព័ន្ធក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក តែម្ដង។

ជំនួយឧបត្ថម្ភទាំងនោះរួមមាន អង្ករ, ទឹកត្រី, ទឹកស៊ីអ៊ីវ, ភេសជ្ជៈ, សម្ភារៈហ្វឹកហាត់ ព្រមទាំងថវិការមួយចំនួនឧបត្តម្ភដល់តំណាងក្លិបប្រដាល់ទាំង៣ ដែលកំពុងរងខ្វះខាតគឺ ក្លិបអាណាចក្រគុនខ្មែរ, ក្លិប ថ្មគោលខណ្ឌពោធិសែនជ័យ និងក្លិបឃ្លាំងមឿងកីឡា ខេត្តពោធិសាត់។

លោក ហេង សុខឃន និងលោកឧត្តមសេនីយ៍ និន ភារម្យ ក៏បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ឯកឧត្ដមសេនីយ៍ឯក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ព្រមទាំងសំណូមពរដល់តំណាងក្លិបទាំង៣ ឲ្យណែនាំដល់កីឡាករ ទាំងអស់ ខិតខំហ្វឹកហាត់ និងជាពិសេសបង្កើនការធ្វើអនាម័យជាប្រចាំ ការរក្សាគម្លាតពីគ្នា ជៀសវាងការប្រមូលផ្ដុំគ្នាជាដើមដើម្បីការពារជំងឺឆ្លង Covid-19 ផងដែរ៕

 

រូបភាព៖ ផ្ដល់ឲ្យ

អត្ថបទ៖ វ៉ាន្នី

មតិយោបល់