«One World: Together At Home» រៃអង្គាសបានជាង ១២៧លានដុល្លារអាមេរិក យកទៅទប់ស្កាត់ COVID-19

មាស សុផាណារ៉ុង May 1, 2020


 

សិង្ហបុរី៖ កាលថ្ងៃទី១៩ ខែមេសា កន្លងទៅ ONE Championship បានចាប់ដៃគូជាមួយ Global Citizen ដើម្បីរៀបចំការប្រគំតន្ត្រីសប្បុរសធម៌ «One World: Together At Home» ដើម្បីប្រឆាំងនឹងមេរោគ COVID-19 ដោយមានការសម្ដែងដ៏អស្ចារ្យពីសំណាក់តារាល្បីៗជុំវិញពិភពលោក។

តន្ត្រីសប្បុរសធម៌ «Together At Home» ពិតជាបង្កភ្ញាក់ផ្អើលមែនទែន និងរៃអង្គាសថវិកាបានរហូតដល់ ១២៧,៩លានដុល្លារអាមេរិក ដែលជាធនធានដ៏មានតម្លៃរួមចំណែកជូនដល់អង្គការសុខភាពពិភពលោ យកទៅប្រើប្រាស់ទប់ស្កាត់មេរោគរាលដាលខាងលើ។

លោក Chatri Sityodtong ជាប្រធាន និងនាយកប្រតិបត្តិរបស់ ONE Championship បានឲ្យដឹងថា៖ «ONE WORLD: Together At Home រៃអង្គាសបាន ១២៧,៩ លានដុល្លារអាមេរិក ដើម្បីជួយដល់ស្ថាប័នជួរមុខក្នុងការប្រយុទ្ធប្រឆាំងនឹង COVID-19។ សូមចូលរួមអបអរសាទរជាមួយគ្នា និងអរគុណដល់ដៃគូសហការដ៏យូរអង្វែងរបស់យើង Global Citizen ដែលជាអង្គការធំបំផុតក្នុងលោកមានឆន្ទៈកាត់បន្ថយភាពក្រីក្រ។ កម្មវិធីរៃអង្គាសថវិកានេះពិតជាអស្ចារ្យណាស់។ ខ្ញុំសូមថ្លែងអំណរគុណដល់មិត្តភ័ក្ដិ Hugh Evans ស្ថាបនិក/នាយកប្រតិបត្តិនៃអង្គការ Global Citizen ដែលបានសហការគ្នាជាធ្លុងមួយ។ ខ្ញុំពិតជារីករាយដែល ONE Championship និងដៃគូ Global Citizen បានធ្វើឲ្យទង់ជាតិអាស៊ីផុសឡើង។ យើងជាដៃគូស្អិតល្មួតក្នុងរយៈពេលពីរបីឆ្នាំចុងក្រោយនេះ និងរួមគ្នារៃអង្គាសថវិកាបានច្រើនលានដុល្លារដើម្បីបេសកកម្មកំចាត់កូវីដ-១៩។ ក្រុមរបស់ខ្ញុំ និងក្នុងនាមខ្ញុំផ្ទាល់មានក្ដីរំភើបចំពោះអង្គការ Global Citizen ដែលតែងតែមានគោលដៅកាត់បន្ថយភាពក្រីក្រជុំវិញពិភពលោក និងសប្បុរសធម៌នានា។»

«One World: Together At Home» ពិតជាធ្វើឲ្យកក្រើកពិភពលោកតាមរយៈការសម្របសម្រួលរបស់ Lady Gaga រួមទាំងការសម្ដែងពីតារាកំពូលៗរួមមាន Alicia Keys, Andrea Bocelli, Elton John, Jennifer Lopez, John Legend, Kacey Musgraves, Keith Urban, LL Cool J, Paul McCartney, The Rolling Stones, Sam Smith, Stevie Wonder, Taylor Swift, និង តារាជាច្រើនទៀត។

វាមិនយឺតពេលឡើយក្នុងការបរិច្ចាគថវិកាដើម្បីទប់ស្កាត់ជំងឺនេះ។ អង្គការសុខភាពពិភពលោក (WHO) កំពុងនៅទទួលជំនួយជាហូរហែដើម្បីប្រឆាំង COVID-19។ ជាមួយគ្នានោះ ONE Championship បានបរិច្ចាគ ១០% នៃប្រាក់ចំណេញពីការលក់ទំនិញអនឡាញ ONE.SHOP ជូនទៅ WHO ដើម្បីរួមចំណែកទប់ស្កាត់ COVID-19។ ចំណែកការលក់អាវយឺតពីរប្រភេទ «We Are ONE’ T-shirts» ហើយប្រាក់ចំណេញ១០០ ភាគរយបរិច្ចាគទប់ស្កាត់ជំងឺនេះ។

កុំភ្លេចទស្សនា កម្មវិធីប្រកួតបន្តបន្ទាប់របស់ស្ថាប័ន ONE Championship មានការផ្សាយផ្ទាល់តាមរយៈ Facebook, Twitter, YouTube,និង ONE Super App៕

 

អត្ថបទ៖ ស៊ីធី

មតិយោបល់