គុនខ្មែរ គឺជាមោទកភាពទាំងពីអតីតកាល និងបន្តដល់បច្ចុប្បន្នរបស់កម្ពុជា លើឆាកអន្តរជាតិ

មាស សុផាណារ៉ុង April 29, 2020


 

ភ្នំពេញ៖ ក្បាច់គុនខ្មែរ មានដំណើរដើមទងតាំងពីបុរាណនៃអរិយធម៌ដ៏រុងរឿង និងឈានចូលប្រឡូកលើសង្វៀនលំដាប់ពិភពលោកនាពេលបច្ចុប្បន្ន និងទៅអនាគត។ បច្ចុប្បន្ននេះអ្នកគាំទ្រជុំវិញពិភពលោកបានចងចាំមិនភ្លេចនៅពេលអ្នកលេងគុនខ្មែរមួយចំនួនចូលប្រឡូកនៅសង្វៀនកម្រិតអន្តរជាតិ ONE Championship។ តើគុនខ្មែរមានបែបផែនយ៉ាងណា ខុសពីក្បាច់គុននៅតំបន់អាស៊ាន?

  • គុនខ្មែរមានប្រវត្តិយូរលង់

នៅប្រាង្គប្រាសាទអង្គរវត្ត ដែលមានអាយុកាលរហូត ៩០០ឆ្នាំស្ថិតនៅភាគខាងជើងនៃព្រះរាជាណាចក្រកម្ពុជា មានចម្លាក់ក្បាច់គុនយុទ្ធគុនខមនៅលើជញ្ជាំងប្រសាទ។ នោះហើយគឺជាការកកើតនៃក្បាច់គុនបុរាណ។ ដោយប្រើក្បាច់ទាត់ជាច្រើនប្រភេទ, កណ្ដាប់ដៃ, ជង្គង់ និងកែងដ៏កាចសាហាវ យុទ្ធគុនខមអាចដើរតួយ៉ាងសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងសត្រូវនៅសម័យអាណាចក្រអង្គរ។ ក្នុងនាមជាអាណាចក្រដ៏រុងរឿងនៅតំបន់អាស៊ីអាគ្នេយ៍ អាណាចក្រអង្គរបានក្លាយជាក្រុងដ៏ធំបំផុតនាពេលនោះ និងបន្សល់ទុកនូវក្បាច់គុនជាច្រើនតាមជញ្ជាំងប្រាសាទ។

ចាន់ រតនា ដែលប្រកួតក្នុងទម្ងន់ Flyweight គឺបានរៀនសូត្រក្បាច់យុទ្ធគុនខមពីឪពុករបស់ខ្លួន និងរក្សាកេរ្តិ៍ដំណែលក្បាច់គុនឲ្យរស់រានមានជីវិតរហូតដល់បច្ចុប្បន្នហើយក្លាយជាក្បាច់ប្រយុទ្ធបែបប្រពៃណីដ៏មានប្រជាប្រិយភាព។ តើក្បាច់គុនបុរាណបានផ្លាស់ប្ដូរទៅគុនខ្មែរសព្វថ្ងៃដោយរបៀបណា?

  • មោទកភាពជាតិ និងអតីតកាល

នៅកម្ពុជា គុនខ្មែរបានពុះពារគ្រប់បែបយ៉ាងដើម្បីក្លាយជាកីឡាប្រយុទ្ធដ៏អស្ចារ្យ។ គុនខ្មែរល្អសម្រាប់អ្នកប្រកួត និងក្ដីស្រលាញ់ដល់អ្នកគាំទ្រ ហើយវាធ្វើឲ្យគេមិនអាចបំភ្លេចបានក្នុងជីវភាពរស់នៅ។ ព្រឹត្តិការណ៍ប្រកួតលើសង្វៀនទូរទស្សន៍នានាបានធ្វើឲ្យគុនខ្មែរមានប្រជាប្រិយភាពខ្លាំងណាស់ក្នុងមួយរយៈចុងក្រោយនេះ។

ក្នុងនោះអ្នកលេងគុនខ្មែរដ៏លេចធ្លោដែលគេស្គាល់គ្រប់គ្នាគឺ សុខ ធី។ សុខ ធី ដែលជាកីឡាករជើងឯកប្រចាំនៅសង្វៀនបាយ័ន និងភីអិនអិន បានតំណាងឲ្យកម្ពុជាក្នុងការប្រកួត ONE Super Series របស់សង្វៀន ONE Championship។ គុនខ្មែរទទួលបានការចាប់អារម្មណ៍ជាច្រើនពីសំណាក់មហាជន ទាំងប្រុសស្រី និងក្មេងចាស់។

បែបណាក្ដី គុនខ្មែរកាន់តែរីកចម្រើនទូទាំងប្រទេស និងបង្កើតបានធនធានកីឡាការិនីជាច្រើនក្នុងនោះក៏មាន នៅ ស្រីពៅ។ ស្រីពៅ បានធ្វើឲ្យកីឡាការិនីថៃមានពិសោធន៍ច្រើន Rika “Tiny Doll” Ishige ចុះចាញ់ក្នុងការបង្ហាញខ្លួនដំបូងនៅកម្មវិធី ONE: CLASH OF LEGENDS កាលដើមឆ្នាំ ២០១៩ និង បន្តខំប្រឹងថែមទៀតដើម្បីទទួលបានការគាំទ្រ។ «ខ្ញុំចង់បង្ហាញថាកីឡាការិនីកម្ពុជា គឺខ្លាំង។ ហើយខ្ញុំចង់ប្រាប់ឲ្យនារីៗគ្រប់រូប សូមបន្តក្ដីស្រមៃរបស់ខ្លួន។» នៅ ស្រីពៅ ថ្លែងបែបនេះ។

កីឡាការិនីខ្មែរអាមេរិក អែម សុវណ្ណារី ឬ គេស្គាល់ថា “The Sweet Savage” ក៏ទទួលបានការលើកទឹកចិត្តពីសំណាក់អ្នកគាំទ្រជាតិ និងអន្តរជាតិជាច្រើន។ ទោះបីរូបគេកើត និងធំដឹងក្ដីនៅអាមេរិក ប៉ុន្តែរូបគេទទួលបានអារម្មណ៍ពិសេសពីទឹកដីដូនតារបស់ខ្លួន។ សុវណ្ណារី រំលឹកបែបនេះ៖ «ខ្ញុំគិតថាខ្ញុំអាចមកប្រកួតនៅកម្ពុជា។ ខ្ញុំមិនទាន់បានធ្វើឲ្យក្នុងការតបស្នង។ ខ្ញុំពិតជាអរគុណណាស់សម្រាប់ក្ដីស្រលាញ់ និង ការគាំទ្រ។»

  • ការប្រើកែងក្នុងគុន

រិន សារ័ត្ន បង្ហាញខ្លួនយ៉ាងល្អដោយប្រើកែងបញ្ចប់ Mario Satya Wirawan នៅក្នុងកម្មវិធី ONE: PINNACLE OF POWER កាលខែ មិថុនា ឆ្នាំ២០១៨។ បែបណាក្ដី គេជឿថារូបគេមិនទាន់ដល់ចំណុចកំពូលនៅឡើយទេ។

ជាមួយគ្នានោះ ខុន ស៊ីចាន់ គឺជាកីឡាករដ៏មានសកម្មភាពច្រើនបំផុតនៅសង្វៀន ONE Championship បានអះអាងថាការប្រើកែងក្នុងគុនខ្មែរ និង មានស្ទិលផ្សេងៗគ្នាជាច្រើន និង មានភាពរំភើប។ ស៊ីចាន់ បានឲ្យដឹងថា៖ «ខ្ញុំគិតថាការប្រើកែងគឺផ្សេងគ្នាច្រើន។ យើងចូលចិត្តប្រើវា ហើយប្រើដើម្បីផុតពីការចូលចាប់អុកជង្គង់។ វាពិតជារីករាយនិងធ្វើឲ្យការប្រកួតល្អមើលណាស់ដែលឃើញគេប្រើកែងម្ដង។»

  • កម្លាំងចិត្ត ឬព្រលឹងអ្នកហាត់គុនខ្មែរ

អស់រយៈពេលជាច្រើនឆ្នាំគុនខ្មែរបានត្រលប់មកវិញបន្ទាប់ពីប្រទេសជាតិសុខសាន្តត្រាណ។ អតីតកីឡាករជើងចាស់បានរក្សាទុកក្បាច់គុនមរតកដូនតានេះឲ្យរស់រានមានជីវិតនិងបណ្ដុះដល់ក្មេងៗជំនាន់ក្រោយ។ តាំងពីមិនមានធនធាន រហូតដល់បច្ចុប្បន្ន មានកីឡាករជួរមុខជាច្រើន ក្នុងនោះ ចាន់ រតនា បានបង្កើតភាពភ្ញាក់ផ្អើលដោយឈ្នះ ៣ លើកជាប់គ្នាទល់នឹងគូប្រជែងខ្លាំងៗនៅសង្វៀនលំដាប់ពិភពលោក ONE Championship។

នៅក្នុងកម្មវិធី ONE: DREAMS OF GOLD កាលខែ សីហា ២០១៩ ចាន់ រតនា បានបង្ហាញឆន្ទៈ និងកម្លាំងចិត្តដើម្បីឈ្នះកីឡាករគុយបា Gustavo “El Gladiador” Balart។ ជ័យជម្នះនេះធ្វើឲ្យការប្រកួតតំណាងឲ្យកម្ពុជាបញ្ចប់លទ្ធផលខ្ពស់បំផុត និងត្រៀមខ្លួនសម្រាប់ឆ្នាំ ២០២០ បន្ថែមទៀត។ ចាន់ រតនា ថ្លែងបែបនេះ៖ «ខ្ញុំសុខចិត្តឈឺសាច់ជាជាងឈឺចិត្តនៅពេលឡើងប្រកួតគុនខ្មែរលើសង្វៀន។ អ្នកគាំទ្រគឺជាកម្លាំងចិត្ត។ ពួកគេចង់ឲ្យខ្ញុំឈ្នះគ្រប់ការប្រកួត។ នេះជារឿងធ្វើឲ្យខ្ញុំសប្បាយចិត្តតស៊ូយកឈ្នះរាល់ការប្រកួត។»

កុំភ្លេចទស្សនា កម្មវិធីប្រកួតបន្តបន្ទាប់របស់ស្ថាប័ន ONE Championship មានការផ្សាយផ្ទាល់តាមរយៈ Facebook, Twitter, YouTube,និង ONE Super App៕

 

អត្ថបទ៖ ស៊ីធី

មតិយោបល់