ONE បើកហាងលក់ទំនិញអនឡាញ ខណៈចំណែកពីការលក់បានយកទៅប្រយុទ្ធប្រឆាំងកូវីដ១៩

មាស សុផាណារ៉ុង April 24, 2020


 

សិង្ហបុរី៖ ONE Championship™ (ONE) ដែលជាស្ថាប័នរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាធំបំផុតក្នុងប្រវត្តិសាស្ត្រទ្វីបអាស៊ីបានសម្ពោធហាងទំនិញអនឡាញថ្មីជាផ្លូវការ កាលថ្ងៃទី២០ ខែមេសា កន្លងទៅនេះឈ្មោះថា ONE.SHOP។ ហាងនេះអ្នកគាំទ្រអាចចូលទៅមើលមុខទំនិញថ្មីៗរបស់ ONE Championship រួមទាំងសម្លៀកបំពាក់ដែលកីឡាករល្បីៗស្លៀក។

ការរចនាម៉ូដរួមទាំងសាច់ក្រណាត់នៃសម្លៀកបំពាក់នេះមើលទៅស្រស់ស្អាតខ្លាំងណាស់។ អ្នកគាំទ្រអាចទិញអាវតារាជួរមុខដែលខ្លួនស្រលាញ់ដូចជាម្ចាស់ខ្សែក្រវាត់ ONE Flyweight World Grand Prix Champion កីឡាករ Demetrious “Mighty Mouse” Johnson, ម្ចាស់ខ្សែក្រវាត់ ONE Middleweight & Light Heavyweight World Champion កីឡាករ “The Burmese Python” Aung La N Sang, ម្ចាស់ខ្សែក្រវាត់ ONE Women’s Atomweight World Champion កីឡាការិនី “Unstoppable” Angela Lee, ម្ចាស់ខ្សែក្រវាត់ ONE Heavyweight World Champion កីឡាករ Brandon “The Truth” Vera, ម្ចាស់ខ្សែក្រវាត់ ONE Featherweight World Champion កីឡាករ Martin “The Situ-Asian” Nguyen, និងម្ចាស់ខ្សែក្រវាត់ ONE Lightweight World Champion កីឡាករ Christian “The Warrior” Lee និងមានកីឡាករ-កីឡាការិនីផ្សេងទៀត។

អ្នកគាំទ្រអាចកុម្ម៉ង់ទិញផលិតផលម៉ាក Limited Edition ជាមុនបានដែលមានការរចនាម៉ូដដ៏លេចធ្លោ និងអស្ចារ្យ។ អ្នកគាំទ្រដ៏ស្មោះស្ម័គ្រនឹងទទួលបានប្រាក់រង្វាន់ជា Gold Corner នៅពេលពួកគេទិញរាល់ទំនិញនៅលើ ONE.SHOP។ ONE.SHOP នឹងបន្តបេសកកម្មរបស់ខ្លួនដោយដឹកជញ្ជូនទូទាំងពិភពលោក ដែលចំណាយតិចបំផុតដើម្បីធានាបានការពេញចិត្តពេញថ្លើមខ្លាំងពីអតិថិជន។

Debbie Soon ប្រធានផ្នែកលក់របស់ ONE Championship បានថ្លែងថា៖ «ខ្ញុំពិតជាមានភាពរំភើបរីករាយ ដែលនាំមកនូវការលក់អនឡាញថ្មីមួយសម្រាប់អ្នកគាំទ្ររបស់ស្ថាប័ន ONE Championship។ អ្វីៗអំពី ONE.SHOP គឺមានការបង្ហាញម៉ាកផលិតផលថ្មី និងរចនាឡើងសម្រាប់អ្នកគាំទ្ររបស់យើង។ យើងទន្ទឹងរង់ចាំថាអ្នកគាំទ្រមកពីទូទាំងពិភពលោកបង្ហាញក្ដីស្រលាញ់ចំពោះផលិតផលរបស់ ONE Championship និង រស់នៅក្នុងភាពអស្ចារ្យដោយការប្រើផលិតផលរបស់យើង។»

ONE Championship បានចាប់ដៃគូជាមួយអង្គការអន្តរជាតិ Global Citizen ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងមេរោគរាតត្បាត COVID-19 ដោយចូលរួមរៃអង្គាសថវិកាជួយដល់អង្គការសុខភាពពិភពលោក (WHO) ក៏ដូចជាអង្គការនានាក្នុងសហគមន៍ដើម្បីតតាំងនឹងការរីករាលដាលនៃមេរោគ COVID-19។

Soon បានគូសបញ្ជាក់ទៀតថា៖ «លើសពីនេះទៅទៀត យើងសង្ឃឹមថានឹងធ្វើឲ្យមានភាពខុសប្លែកសម្រាប់ពិភពលោកដើម្បីប្រយុទ្ធប្រឆាំងនឹង COVID-19 ដោយបរិច្ចាគ ១០% នៃប្រាក់ចំណេញពី ONE.SHOP ក្នុងយុទ្ធនាការប្រឆាំងនឹងកូរ៉ូណានេះ និងបន្តរហូតដល់ឈ្នះមេរោគនេះ។ វាជាបុព្វហេតុដ៏មានតម្លៃសម្រាប់ជួយដល់ក្រុមគ្រូពេទ្យជួរមុខ។ ការបរិច្ចាគទាំងនេះក៏អាចជួយដល់សហគមន៍ដែលខ្វះខាតជាចាំបាច់ដូចជា អាហារ ទឹក និង ទីជម្រកជាដើម។»

ជាមួយគ្នានេះ ONE Championship ក៏សម្ពោធអាវយឺត limited edition ដែលមានសរសេរថា «We Are ONE» ផងដែរ ហើយការលក់អាវយឺតនេះ គឺរាល់ប្រាក់ចំណេញ ១០០% ត្រូវបរិច្ចាគដើម្បីប្រយុទ្ធប្រឆាំងនឹង COVID-19 ។

កុំភ្លេចទស្សនា កម្មវិធីប្រកួតបន្តបន្ទាប់របស់ស្ថាប័ន ONE Championship មានការផ្សាយផ្ទាល់តាមរយៈ Facebook, Twitter, YouTube,និង ONE Super App៕

 

អត្ថបទ៖ ស៊ីធី

មតិយោបល់