ដោយសារកូវីដ១៩ ឆ្នាំនេះធ្វើឲ្យ នៅ ស្រីពៅ បាត់បង់ប្រាក់ចំណូល ខ្ទង់ពាន់ដុល្លារ

មាស សុផាណារ៉ុង April 22, 2020


 

ភ្នំពេញ៖ ការរីករាយដាលនៃជំងឺកូវីដ (Covid-19) បានធ្វើអោយជីវភាពប្រជាជនភាគច្រើន ជួបនូវបញ្ហាសេដ្ឋកិច្ច ក្នុងនោះកីឡាការិនីដ៍ឆ្នើម ម្ចាស់មេដាយសំរិទ្ធ កីឡាស៊ីហ្គេម ឆ្នាំ២០១៩ ក៏ខាតបង់នូវប្រាក់ចំណូលក្នុងឆ្នាំនេះច្រើនផងដែរ។

នៅ ស្រីពៅ គឺជាកីឡាការិនីដ៏លេចធ្លោម្នាក់នៅក្នុងស្រុកនាពេលបច្ចុប្បន្ន ហើយរូបគេមានបទពិសោធន៍ទៅប្រកួតនៅថៃ មីយ៉ាន់ម៉ា និងកម្មវិធីរបស់ ONE Championship ចំនួន ២លើកផងដែរ។

ក្នុងការបង្ហាញខ្លួននៅសង្វៀន ONE ចំនួន ២លើកកន្លងមក ស្រីពៅ ឈ្នះកីឡាការិនីមានបទពិសោធន៍របស់ថៃ Rika Ishige ដោយពិន្ទុកាលខែកុម្ភៈ ឆ្នាំ២០១៩ និងចាញ់កីឡាការិនីឥណ្ឌូណេស៊ី Priscilla Hertati Lumban Gaol កាលខែឧសភា ឆ្នាំ២០១៩។

ម្ចាស់ជ័យលាភី Female Fighter of the Year របស់ស្ថាប័ន World Lethwei Championship នៅមីយ៉ាន់ម៉ា និងម្ចាស់ជើងឯកខ្សែក្រវ៉ាត់គុនខ្មែរអន្តរជាតិក្នុងប្រទេសកម្ពុជារូបនេះបានឲ្យដឹងថា៖ «មុនពេលគេបិទព្រំដែន កម្ពុជា-ថៃ ខ្ញុំត្រូវបានខាងថៃហៅទៅប្រកួតផ្នែកប្រដាល់សេរី ៣ទៅ៤ប្រកួត តែដោយសារ Covid-19 នៅថៃ គេផ្អាកគ្រប់ការប្រកួតទាំងអស់ មិនថាប្រដាល់សេរី ឬសកលនោះទេ។ សម្រាប់ការប្រកួតនៅក្រៅប្រទេសនាកន្លងមក គឺខ្ញុំចេញទៅប្រកួតផ្នែកកីឡាប្រដាល់សេរី មិនមែនប្រដាល់សកលឡើយ ហើយនៅឆ្នាំនេះ គេហៅខ្ញុំចេញទៅប្រកួតនៅក្រៅប្រទេស មានដូចជាប្រទេសជប៉ុន ដោយប្រកួតនៅក្នុងខែមេសានេះ នៅប្រទេសថៃ ខែមីនា ហើយនឹងការប្រកួតប្រចាំសង្វៀន WLC ដែលនឹងរៀបចំនៅក្នុងប្រទេសកម្ពុជាយើង នឹងក៏បានរំសាយដែរដោយគ្រោងធ្វើនៅថ្ងៃទី៣ ខែមេសានេះដែរ។»

ស្រីពៅបន្តថា៖ «ប៉ុន្មានប្រកួតដែលខកខាននេះ បានធ្វើអោយនាងខ្ញុំខាតបង់ច្រើនរឿងបញ្ហាលុយកក់ ព្រោះថាក្នុង ១ប្រកួតនៅក្រៅប្រទេស តំលៃខ្លួនខ្ញុំមានចាប់ពី ៧០០ទៅ៨០០ដុល្លារ នៅក្នុងប្រទេសថៃ ចំណែកឯនៅជប៉ុន និងប្រទេសផ្សេងទៀត បានចន្លោះពី ១,០០០ ទៅ ១,៣០០ដុល្លារ ក្នុង១ប្រកួត តែសម្រាប់ការប្រកួត WLC វិញខ្ញុំបានច្រើនជាងគេ គឺ ១៥០០ដុល្លារថេរតែម្ដង។»

កីឡាការិនីឆ្នើមរូបនេះ បន្ថែមថា៖ «ឆ្នាំនេះ គេលុបចោលការប្រកួតអស់ធ្វើអោយខ្ញុំពិបាក ព្រោះថា ជីវភាពគ្រួសារខ្ញុំអាចដើរទៅមុខបានដោយសារតែការប្រកួតប្រដាល់នៅតាមសង្វៀននៅក្រៅប្រទេស ដោយសារនៅកម្ពុជា មិនមានការប្រកួតសម្រាប់ស្រី្តនោះទេ មានដែរតែមានតិចណាស់ក្នុង ១ឆ្នាំ មិនមានច្រើនដូចបុរសៗដែលគេតែងតែប្រកួតរៀងរាល់សប្ដាហ៍នោះទេ។ ហើយមិនដឹងពេលណាជំងឺ វីរុសនេះវាបាត់ទៅវិញ បើវាបន្តរាលដាលយូរទៀត គ្រួសារខ្ញុំប្រហែលដាច់បាយមិនខាន ដោយមានតែការចំណាយ អត់មានចំណូលទាល់តែសោះ។»

នៅ ស្រីពៅ ឈានជើងចូលហ្វឹកហាត់ប្រដាល់ដំបូងជាគ្រូបង្វឹក ញ៉ូវ ម៉ាក និងលោក ម៉ាក សាខន នៅក្លិបតាឡីដំរីមានរិទ្ធិ។ ពេលហាត់បានត្រឹម រយៈពេលមួយខែ ស្រីពៅ ក៏មានទីផ្សារឡើងប្រកួតបណ្ដើរៗតាំងពីពេលនោះមក។ គេចាំបានថា ការប្រកួតដំបូងគឺតតាំងជាមួយប្អូនរបស់កីឡាការិនី វី ស្រីខួច ឈ្មោះ វ័ ស្រីល័ក្ខ នៅសង្វៀនប៉ុស្ដិ៍បាយ័ន ហើយស្រីពៅ បានឈ្នះដោយពិន្ទុ ដោយទទួលបានតម្លៃខ្លួន ៣០ម៉ឺនរៀល៕

 

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់