COVID-19 បានប្រែក្លាយអ្នកប្រដាល់សកល ឲ្យទៅជាអ្នកប្រដាល់សេរី

មាស សុផាណារ៉ុង April 15, 2020


 

ភ្នំពេញ៖ មេរោគវីរុស Covid-19 ដែលកំពុងវាយប្រហារយ៉ាងខ្លាំងនៅលើពិភពលោក រួមទាំងកម្ពុជានោះ បានជំរុញអោយអត្តពលិកទាំងអស់ធ្វើការហ្វឹកហាត់នៅផ្ទះដោយគ្មានជម្រើស បន្ទាប់ពីក្រសួងអប់រំ យុវជន និងកីឡា ប្រកាសផ្អាកការប្រមូលផ្ដុំដើម្បីបញ្ចៀសការរីករាលដាលនៃជំងឺ Covid-19 ខណៈដែលជម្រើសជាតិផ្នែកកីឡាប្រដាល់សកល ប្រែក្លាយទៅជាអ្នកប្រដាល់សេរី (គុនខ្មែរ) ដោយមានតែការហ្វឹកហាត់នៅផ្ទះ តែគ្មានការប្រកួត។

អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា លោក ប៊ុយ សោភ័ណ្ឌ បានមានប្រសាសន៍ថា៖ «ដោយ សារថ្មីៗនេះសម្ដេចតេជោ ហ៊ុន សែន លោកបានប្រកាសបើកការប្រកួតនៅតាមស្ថានីយ៍ សម្រាប់គុនខ្មែរ ជាធម្មតាឡើងវិញ ហើយដើម្បីទាញយកប្រយោជន៍ពីខាងការប្រកួតកីឡាគុនខ្មែរ គឺសហព័ន្ធប្រដាល់សកលនឹងជម្រុញអោយពួកគាត់ចូលរួមប្រកួតនៅតាមស្ថានីយ៍សម្រាប់កីឡាប្រដាល់គុនខ្មែរ ដើម្បីអោយពួកគាត់ បានហ្វឹកហាត់ជាប់លាប់ ក៏ដូចជាប្រកួត គឺប្រសើរជាងយើងអោយហ្វឹកហាត់តែប្រដាល់សលកនៅតាមផ្ទះ តែមិនបានប្រកួត ព្រោះបើពួកគាត់ហ្វឹកហាត់ហើយមិនប្រកួត គឺវាពិបាកនឹងធ្វើការខំហ្វឹកហាត់ណាស់ ប៉ុន្តែបើសិនយើងអោយពួកគាត់ប្រកួតគុនខ្មែរនៅតាមស្ថានីយ៍ យើងអាចនឹងពង្រឹង និងរក្សានូវសុខភាព បច្ចេកទេសអោយបានប្រសើរជាង។»

ត្រង់សំនួរសួរថា ហេតុអ្វីសហព័ន្ធប្រដាល់សកល មិនស្នើសុំទៅតាមស្ថានីយ៍ ដើម្បីដាក់បញ្ចូលប្រភេទកីឡាប្រដាល់សកល ឲ្យប្រកួតរៀងរាល់សប្ដាហ៍ដូចប្រដាល់គុនខ្មែរ? លោកបានឆ្លើយមកវិញថា៖ «សហព័ន្ធបានធ្វើការស្នើសុំជាច្រើនដងច្រើនសារហើយ តែខាងស្ថានីយ៍គេយកមូលហេតុថា ខាងអ្នកឧបត្តម្ភគេគ្មានចំណាប់អារម្មណ៍។»

សម្រាប់បញ្ហានេះមិនមែនជា បញ្ហាដែលទើបតែកើតឡើងនៅក្នុងអំឡុងពេលជំងឺវីរុស Covid-19 នេះទេ គឺមានយូរឆ្នាំហើយ ដែលប្រដាល់សកល មិនមានការប្រកួតនៅលើសង្វៀនតាមស្ថានីយ៍ដូចប្រដាល់គុនខ្មែរ ក្រោមហេតុផលថា ខាងអ្នកឧបត្តម្ភមិនចាប់អារម្មណ៍កីឡាប្រភេទនេះ។

ចំណែក ប្រធានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា លោកវេជ្ជបណ្ឌិត ឆឹង យ៉ៅយ៉េន ធ្លាប់បានមានប្រសាសន៍ពាក់ព័ន្ធនឹងបញ្ហាខាងលើថា៖ «កន្លងមកសហព័ន្ធក៏ធ្លាប់ស្នើទៅដល់បណ្ដាស្ថានីយទូរទស្សន៍មួយចំនួនឱ្យគេជួយដាក់ប្រដាល់សកលក្នុងមួយសប្ដាហ៍បានមួយគូ ឬពីរគូនៅក្នុងកម្មវិធីប្រកួតរបស់ពួកគេដែរ តែសំណើរបស់យើងគ្មាននរណាអើពើទេ។ មិនអើពើប្រហែលជារាល់កម្មវិធីប្រកួតរបស់គេគឺមានកំណត់ម៉ោងត្រឹមត្រូវសម្រាប់តែប្រដាល់គុនខ្មែរដែលទទួលការពេញនិយមជាងក៏មិនដឹងបានជាពួកគេធីបប្រដាល់សកលចោលបែបនេះ។»

សូមបញ្ជាក់ថា ប្រដាល់សកលជាប្រភេទកីឡាដែលពុំសូវមានការពេញនិយមប៉ុន្មានឡើយនៅក្នុងស្រទាប់មហាជនខ្មែរ តែកុំភ្លេចថា វាជាប្រភេទកីឡាអូឡាំពិកដែលមានការទទួលស្គាល់ជាសកល។ មកដល់ពេលនេះ សហព័ន្ធមានគំនិតមួយ គឺស្វែងរកការជួយឧបត្ថម្ភពីសប្បុរសជនខាងក្រៅដើម្បីរៀបចំការប្រកួតនៅនឹងកន្លែងហ្វឹកហាត់តែម្ដង យ៉ាងហោចណាស់មួយខែឱ្យបាន ២ឬទៅ៣ដងដែរដោយមានប្រាក់រង្វាន់តិចតួចសម្រាប់លើកទឹកចិត្តដល់កីឡាករ-កីឡាការិនី៕

 

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់