ស្ថានីយ៍ទូរទស្សន៍ទាំងអស់ ត្រូវបានអនុញ្ញាតឲ្យបើកការប្រកួតប្រដាល់ឡើងវិញ
មាស សុផាណារ៉ុង April 8, 2020
ភ្នំពេញ៖ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានសម្រេចអនុញ្ញាតឲ្យគ្រប់ស្ថានីយ៍ទូរទស្សន៍ទាំងអស់ ឲ្យបើកការប្រកួតប្រដាល់ឡើងវិញហើយ ប៉ុន្តែជាការប្រកួតបិទទ្វារ ដោយមិនអនុញ្ញាតឲ្យមានអ្នកចូលទស្សនាផ្ទាល់ឡើយ។
ឯកឧត្តមឧត្តមសេនីយ៍ឯក តែម ម៉ឺន ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ បានចុះហត្ថលេខាលើសេចក្ដីជូនដំណឹងស្ដីពីការអនុញ្ញាតឲ្យបណ្ដាគ្រប់ស្ថានីយ៍ទូរទស្សទាំងអស់បើកការប្រកួតប្រដាល់ឡើងវិញចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ។
នេះជាការអនុញ្ញាតឲ្យបើកការប្រកួតដោយមានបម្រាមខ្លះៗ ដើម្បីការពារកុំឲ្យឆ្លងជំងឺកូវីដ១៩ នៅក្នុងបម្រាមនៃលិខិតអនុញ្ញាតនោះ គឺអនុញ្ញាតឲ្យប្រកួតដោយមានការផ្សាយបន្តផ្ទាល់បាន ប៉ុន្តែត្រូវយកចិត្តទុកដាក់ខ្ពស់តាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ចំពោះការថែទាំអនាម័យក្នុងពេលប្រកួត។ រាល់ការប្រកួតមិនត្រូវអនុញ្ញាតឲ្យទស្សនិកជនចូលទស្សនាដោយផ្ទាល់ឡើយ គឺមានតែគណៈកម្មការ, កីឡាករ និងអ្នកចាំបាច់តែប៉ុណ្ណោះ ។
បញ្ជាក់ថា ថ្លែងក្នុងពិធីសន្និសីទសារព័ត៌មានពិសេសពាក់ព័ន្ធបច្ចុប្បន្នភាពជំងឺ COVID-19 កាលពីថ្ងៃទី០៧ ខែមេសា ម្សិលមិញនេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្នុងអំឡុងពេលនេះប្រជាពលរដ្ឋក៏ត្រូវការមើលការសម្ដែង ការប្រកួតប្រដាល់ផ្សេងៗផងដែរនៅតាមផ្ទះ ដូច្នេះអាចបន្តប្រកួតដោយបិទទ្វាបាន។ ព្រោះកម្មវិធីប្រដាល់នេះមិនប្រើគ្នាច្រើននោះទេ ហើយមួយវិញទៀតបើអ្នកកើត COVID-19 ក៏គេមិនឲ្យប្រកួតដែរ។
គួររំលឹកថា ការផ្អាកការប្រកួតកន្លងមកនេះកីឡាករភាគច្រើនបានវិលត្រឡប់ទៅស្រុកកំណើតវិញដើម្បីប្រកបមុខរបរផ្សេងៗចិញ្ចឹមជីវិត ហើយពេលនេះដំណឹងនៃការបើកសង្វៀនប្រកួតឡើងវិញនោះគណៈកម្មការអាជ្ញាកណ្ដាលភាគច្រើនបានសម្ដែងក្ដីរីករាយយ៉ាងខ្លាំង ព្រោះអាចនាំឲ្យមានចំណូលចូលវិញផងដែរ៕
អត្ថបទ៖ វ៉ាន្នី