ONE Championship ប្រកាសពន្យារពេលការប្រកួតបិទទ្វារចំនួន២ នាខែមេសានេះ

មាស សុផាណារ៉ុង April 6, 2020


 

សិង្ហបុរី៖ ONE Championship បានប្រកាសសម្រេចពន្យារពេលចំពោះព្រឹត្តិការណ៍ប្រកួតបិទទ្វារ ឬការប្រកួតមិនមានទស្សនិកជនទស្សនាចំនួន២ ដែលគ្រោងរៀបចំនៅខែមេសា ឆ្នាំ២០២០ នេះ។ ព័ត៌មានការពន្យារនេះត្រូវបានប្រកាសឡើងនៅលើទំព័រ Facebook ផ្លូវការរបស់ប្រធាន និងជានាយកប្រតិបត្តិ ONE Championship លោក Chatri Sityodtong។

នេះជារឿងមួយដ៏ខកចិត្តដែល ONE Championship ត្រូវពន្យារពេលការប្រកួតដោយមិនមានទស្សនិកជននាខែមេសានេះ ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគ COVID-19។ ក្នុងគោលដៅរឹតបន្តឹងកុំឲ្យរាលដាលមេរោគឆ្លង Covid-19 រដ្ឋាភិបាលសិង្ហបុរី បានប្រកាស និងបញ្ជាបិទប្រទេសដែលចូលជាធរមានចាប់ថ្ងៃទី០៧ ខែមេសា តទៅ។ ក្នុងគ្រានេះ មានតែផ្នែកបម្រើសេវាកម្មមួយចំនួននៅដំណើរការធម្មតាដូចជា ចំណីអាហារ ការថែទាំងសុខភាព និងការធ្វើដំណើរ។ លើសពីនេះទៅទៀត ប្រទេសធំៗជាច្រើនដូចជា ចិន, ថៃ, សិង្ហបុរី, អូស្ត្រាលី, រុស្សី, ឥណ្ឌា, វៀតណាម និងជប៉ុន ជាដើមនោះសុទ្ធតែបិទព្រំដែនរបស់ខ្លួនជាបណ្ដោះអាសន្នដើម្បីឲ្យស្ថានការណ៍ធូរស្រាល។

លោក Sityodtong បានរៀបរាប់នៅលើបណ្ដាញសង្គមបែបនេះ៖ «យើងកំពុងរស់នៅក្នុងស្ថានភាពមិនអំណោយផលមួយ។ ប៉ុន្តែដំណឹងនេះនឹងត្រលប់មកវិញបន្ទាប់ពីមេរោគកូរ៉ូណាត្រូវថមថយ។ ហើយត្រូវតែច្បាស់ក្នុងចិត្តថា វាត្រូវមានភាពចំបាច់ដើម្បីធ្វើការជាមួយគ្នាឲ្យស្អិតល្មួត។ ហើយយើងម្នាក់ៗត្រូវតែគោរពដល់ការសម្រេចចិត្រពីរដ្ឋាភិបាលនៃប្រទេសរបស់ខ្លួន ត្រូវស្នាក់នៅដាច់ដោយឡែក និង ថែរក្សាអនាម័យឲ្យបានល្អជាប្រចាំ។ មេរោគមិនអាចបន្តរាលដាលតទៅទៀតបានទេបើសិនជាយើងស្នាក់នៅផ្ទះ។ វាជារឿងដ៏សាមញ្ញមួយ។ សូមចូលរួមទាំងអស់គ្នាដើម្បីប្រយុទ្ធប្រឆាំងមេរោគ Covid-19 ក្នុងនាមយើងជាគ្រួសាររបស់ ONE ទាំងអស់គ្នា។»

ដោយសារតែមេរោគឆ្លង COVID-19 សិង្ហបុរីនឹងបិទប្រទេសនាសប្ដាហ៍នេះតម្រូវឲ្យ ONE Championship ដែលជាស្ថាប័នរៀបចំព្រឹត្តិការណ៍ធំបំផុតក្នុងប្រវត្តិសាស្ត្រអាស៊ី ពន្យារពេលកម្មវិធីចំនួនពីររួមមាន ONE: HOPE និង ONE: STRENGTH។ ព្រឹត្តិការណ៍ប្រកួតនេះត្រូវគេគ្រោងរៀបចំការប្រកួតនៅថ្ងៃសុក្រទី១៧ មេសា និងថ្ងៃទី២៤ ខែមេសា នៅប្រទេសសិង្ហបុរី។ ការផ្លាស់ប្ដូរពេលនៃព្រឹត្តិការណ៍ទាំង២ នឹងត្រូវប្រកាសជាបន្ទាប់ទៀត។

កុំភ្លេចទស្សនា កម្មវិធីប្រកួតបន្តបន្ទាប់របស់ស្ថាប័ន ONE Championship មានការផ្សាយផ្ទាល់តាមរយៈ Facebook, Twitter, YouTube,និង ONE Super App៕

 

អត្ថបទ៖ ស៊ីធី

មតិយោបល់