ទូរទស្សន៍ចំនួន៤ ស្នើសហព័ន្ធបើកការប្រកួតប្រដាល់បន្ត បើទោះបីកូរូណាកំពុងវាយលុកខ្លាំងនៅភ្នំពេញ

មាស សុផាណារ៉ុង March 23, 2020


 

ភ្នំពេញ៖ បន្ទាប់ពីសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានប្រជុំដោះស្រាយបញ្ហាទប់ស្កាត់វិរុសកូរូណា កាលពីទី១៩ ខែមីនា កន្លងទៅថ្មីៗនេះ បានប្រកាសសម្រេច ធ្វើការផ្អាកការប្រកួតប្រដាល់គ្រប់ស្ថានីយ៍ទូរទស្សន៍នៅក្នុងស្រុកខ្មែរ ទាំងអស់បណ្ដោះអាសន្នសិន ហើយនឹងបើកដំណើរការឡើងវិញ នៅពេលស្ថានាការធូរស្បើយ។ ខណៈដែលសង្វៀន TV5 និង TownTV សម្រេចធ្វើការផ្អាកទៅតាមសំណើរបស់សហព័ន្ធកីឡាប្រដាល់កម្ពុជា មុនគេ។

ស្ថានីយទូរទស្សន៍ចំនួន៤ រួមមានបាយ័ន, CNC, អាស៊ីអាគ្នេយ៍ និង PNN បានសុំឲ្យមានការប្រកួតជាធម្មតាក្នុងសប្តាហ៍នេះ តែជាការប្រកួតបិទទ្វារ គ្មានអ្នកទស្សនាឡើយ ដោយអនុញ្ញាតឲ្យតែកីឡាករអ្នកឲ្យទឹក និងគណៈកម្មករប្រកួតដែលមិនឲ្យច្រើនជាង ៥០នាក់ នៅក្នុងទីតាំងប្រកួត។

លោក នាង ស៊ីវុត្ថា អ្នកគ្រប់គ្រងប្រដាល់នៅទូរទស្សន៍បាយ័ន និងលោក ម៉ា ស៊ីថេត របស់ CNC បានអះអាងស្រដៀងគ្នាថា៖ កម្មវិធីបានរៀបរយរួចជាស្រេច គឺទាំងកីឡាករខ្មែរ និងកីឡាករមកពីបរទេស បានមកដល់រួចជាស្រេច ហើយអ្វីៗគឺលំបាកដោះស្រាយទៅលើការខាតបង់ថវិកា ដែលពាក់ព័ន្ធនឹងអ្នកឧបត្ថម្ភ កីឡាករបរទេសកីឡាករខ្មែរ ព្រមទាំងគណៈកម្មការរៀបចំ។ តំណាងទូរទស្សន៍ទាំង ២ បានស្នើសុំប្រកួតបិទទ្វារនេះ ដោយមានការផ្សាយផ្ទាល់ជូនមហាជនទស្សនា និងបានប្តេជ្ញាខិតខំសហការជាមួយគ្រូពេទ្យប្រចាំសង្វៀន ក្នុងការពិនិត្យវាស់កម្ដៅ និងអនាម័យឲ្យកាន់តែប្រសើរជាងមុន។

ជាមួយគ្នានេះ លោក ស្រ៊ឺ ស្រេង អ្នកគ្រប់គ្រងកីឡាប្រចាំនៅ PNN និងលោក ញាណ សុធី តំណាងឲ្យសង្វៀនអាស៊ីអាគ្នេយ៍ក៏បានសុំប្រកួតបិទទ្វារ ១ សប្តាហ៍នេះទៀតដែរ ប៉ុន្តែលោក អូ ឡាឡា មកពីសង្វៀនប៉ុស្តិ៍លេខ ៥ និង លោក ស្រ៊ុន កុសល មកពីសង្វៀនថោនបានសម្រេចពន្យារការប្រកួតចាប់ពីសប្តាហ៍នេះតទៅ ដោយរង់ចាំបទបញ្ជាថ្មី។

ការផ្អាក ការប្រកួតប្រដាល់របស់ស្ថានីយ៍ទូរទស្សន៍នៅក្នុងស្រុកនេះ ធ្វើឱ្យក្រោយពីមានការផ្ទុះ វិរុសកូរូណាខ្លាំង ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយមុនថ្ងៃទី២០, ២១, ២៣ មានការកើនឡើងរហូតទៅដល់៥១ករណី ត្រឹមពេលតែ ១សប្ដាហ៍ជាង ខណៈបច្ចុប្បន្នមាន ៨៦ករណី។ ស្របពេលដែលសង្វៀនប្រដាល់នៅប្រទេស ថៃជិត ១០ កម្មវីធី ក្នុង ១ សប្តាហ៍ ត្រូវបានគេជូនដំណឹងថាផ្អាកការប្រកួតអស់ហើយ។

ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ឯកឧត្តម តែម ម៉ឺន បានសម្រេចជាចុងក្រោយថា នឹងទទួលតាមសំណើ និងហេតុផលមួយចំនួនដែលភាគីតំណាងទូរទស្សន៍ បានលើកឡើង ប៉ុន្តែលោកបញ្ជាក់ថា៖ «ការខាតបង់យ៉ាងណា ក៏មិនស្មើទៅនឹងអាយុជីវិត និងសុខភាពរបស់ប្រជាពលរដ្ឋយើងនោះដែរ»

ចំណែកលោក ម៉ិល កាដូ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់គុន បាននិយាយថា៖ «អង្គប្រជុំ នឹងធ្វើកំណត់ហេតុពិសេស ជូនទៅក្រសួងអប់រំយុវជន និង កីឡា ដើម្បីពិនិត្យសម្រេចលើសំណើរបស់ដៃគូអភិវឌ្ឍខាងទូរទស្សន៍ ដែលស្នើសុំប្រកួតបិទទ្វារ ដោយកាត់បន្ថយចំនួនមនុស្សតិចជាង ៥០ នាក់ ស្របតាមការប្រកាសរបស់ក្រសួងសុខាភិបាល ថាបានឬក៏យ៉ាងណា គឺយើងនៅរង់ចាំអនុវត្តតាម»

 

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់