ប្រដាល់គុនខ្មែរ ប្រកួតបិទទ្វារបង្ហើយចុងសប្ដាហ៍នេះ មុនផ្អាកការប្រកួតបណ្ដោះអាសន្ន ចាប់ពីសប្ដាហ៍បន្ទាប់តទៅ

មាស សុផាណារ៉ុង March 20, 2020


 

ភ្នំពេញ៖ នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានរៀបចំកិច្ចប្រជុំក្រោមអធិបតី ឯកឧត្តមសេនីយ៍ឯក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ជាមួយសមាសភាពដែលចូលរួមមាន ថ្នាក់ដឹកនាំសហព័ន្ធ តំណាងបណ្តាស្ថានីយ៍ទូរទស្សន៍ ដែលបានសហការរៀបចំប្រកួតប្រដាល់គុនខ្មែរប្រចាំសប្តាហ៍ទាំងអស់ និងស្នងការដឹកនាំប្រកួត គណៈវិនិច្ឆ័យគណៈកម្មការ ផ្គូរផ្គង និងក្រុមគ្រូពេទ្យ។

ឯកឧត្តមសេនីយ៍ឯក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាលគុនខ្មែរ បានមានប្រសាសន៍ថា សហព័ន្ធកីឡាប្រដាលគុនខ្មែរបានចេញសេចក្ដីជូនដំណឹង ស្ដីពីការផ្អាកជាបណ្ដោះអាសន្នការប្រកួតកីឡាប្រដាល់គុនខ្មែរ នៅតាមបណ្ដាស្ថានីយ៍ទូរទស្សន៍ ដៃគូសហការអភិវឌ្ឈន៍ក្នុងស្រុកទាំងអស់ ចាប់ពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ នេះតទៅ។

នៅក្នុងលិខិតជូនដំណឹងរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ  ដែលចុះហត្ថលេខាដោយ ឯកឧត្តម តែម ម៉ឺន បានអោយដឹងថា ការផ្អាកនេះគឺស្របតាមអនុសាសន៍ដ៍ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក នាយករដ្ឋមន្ត្រី នៃព្រះរាជាណាក្រកម្ពុជា ស្ដីពីការទប់ស្កាត់ការីករាលដាលនៃវិរុសកូវីដ១៩ ( COVID-19 ) និងស្របតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល អំពីការជូនដំណឹងនៃការរីករាលដាលនៃវិរុសកូវីដ១៩ ( COVID-19 ) នៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅលើសកលលោក។

តែដោយសារមានសូមណូមពរពីបណ្ដាស្ថានីយ៍ទូរទស្សន៍ ចំនួន៤ ដែលបានរៀបចំការការប្រកួតប្រចាំសប្ដាហ៍រួចជាស្រេចរបស់ខ្លួន ព្រមទាំងមានសមាសភាពកីឡាករ គ្រប់ចំនួនហើយនោះ បានស្នើសុំធ្វើការប្រកួតបិទទ្វារ បញ្ចប់ជាបណ្ដោះអាសន្នសិន គឺនៅថ្ងៃទី២១ ២២ និងថ្ងៃទី២៣ ដោយមិនតម្រូវអោយមានអ្នកចូលទស្សនា និងកំណត់ចំនួនមនុស្ស មានកីឡាករ អ្នកអោយទឹក និងគណៈកម្មាការប្រកួត មិនអោយលើសពីចំនួន ៥០នាក់នោះទេ៕

 

អត្ថបទ៖ វ៉ាន្នី

មតិយោបល់