ONE លើកពេលកម្មវិធី ONE: HEART OF HEROES ដែលមាន សុខ ធី ចូលរួមទៅខែមិថុនាវិញ

មាស សុផាណារ៉ុង March 10, 2020


 

សឹង្ហបុរី៖ ដោយសារតែផ្ទុះមេរោគកូវីដ១៩ ( COVID-19 ) ជុំវិញពិភពលោក ប្រធាន និងជានាយកប្រតិបត្តិ ONE Championship លោក Chatri Sityodtong បានប្រកាសអំពីការពន្យារពេលកម្មវិធី ONE: HEART OF HEROES នៅក្រុងហូជីមិញ នៅប្រទេសវៀតណាម។

ដើម្បីថែទាំសុខភាពចំពោះកីឡាករកីឡាការិនី បុគ្គលិក និងអ្នកគាំទ្រ រួមទាំងប្រជាជនវៀតណាមផង ការប្រកួតដែលគ្រោងរៀបចំលើកទី២ នៅសង្វៀន Phu Tho Indoor Stadium ត្រូវបានលើកពេលពីថ្ងៃសុក្រ ទី២០ ខែមីនា ទៅថ្ងៃសុក្រ ទី២៦ ខែមិថុនា វិញ។ លោក Sityodtong បានបញ្ចេញឲ្យដឹងកាលចុងសប្ដាហ៍កន្លងទៅ បន្ទាប់ពីបានពិភាក្សាជាមួយអាជ្ញាធរប្រទេសវៀតណាម។

លោក Sityodtong បានសង្កត់ធ្ងន់បែបនេះ៖ «ក្រោយពិភាក្សាគ្រប់មធ្យោបាយជាមួយអាជ្ញាធរវៀតណាម ក្រុមការងាររបស់ខ្ញុំបានសម្រេចពន្យារពេលកម្មវិធី ONE: Heart of Heroes ដែលគ្រោងរៀបចំនៅថ្ងៃទី២០ ខែមីនា នេះ ប្ដូរទៅថ្ងៃទី២៦ ខែមិថុនា វិញដោយសារតែការរីករាលដាលនៃមេរោគកូរ៉ូណា។ យើងត្រូវគិតអំពីអ្នកគាំទ្ររបស់យើង កីឡាកររបស់យើង ដៃគូសហការរបស់យើងជាអាទិភាពសំខាន់បំផុតរបស់ ONE Championship។ ចំណុចវិជ្ជមានមួយ ខ្ញុំនឹងប្រកាសអំពីរឿងដ៏ភ្ញាក់ផ្អើលមួយនៅថ្ងៃទី១៣ ខែមីនា ខាងមុខ។ សូមរង់ចាំតាមដានទាំងអស់គ្នា។»

ព្រឹត្តិការណ៍នេះមានគូឯក Alaverdi Ramazanov ឬ គេស្គាល់ “Babyface Killer” ត្រូវឡើងដណ្ដើមខ្សែក្រវាត់ ONE Bantamweight Kickboxing World Title ពី Nong-O Gaiyanghadao។ ចំណែក Viktoria Lipianska ត្រូវតតាំងគ្នាទល់នឹង Iman “Pretty Killer” Barlow ដើម្បីដណ្ដើមខ្សែក្រវាត់ ONE Strawweight Muay Thai World Title។ គូប្រកួតផ្សេងទៀតនឹងត្រូវប្រកាសបន្តបន្ទាប់។

នៅក្នុងកម្មវិធីខាងលើនេះដែរជើងខ្លាំង សុខ ធី ដែលគ្រោងប៉ះកីឡាករម្ចាស់មេដាយប្រាក់ស៊ីហ្គេម ៣សម័យ របស់វៀតណាម Nguyen Tran Duy Nham នៅថ្ងៃទី២០ ខែមីនា ខាងមុខនេះក៏ត្រូវខកខានសិនដែរពោលរង់ចាំសិនដែរ៕

 

អត្ថបទ៖ ស៊ីធី

មតិយោបល់