គង់ សំបូរ ប្ដេជ្ញាផ្ដួលអ្នកប្រដាល់មកពីប្រទេស ម៉ារ៉ុក ក្នុងរយៈពេល៩នាទី នៅសង្វៀន Mas Fight

មាស សុផាណារ៉ុង February 16, 2020


 

ភ្នំពេញ៖ ស្ថិតនៅក្នុងការហ្វឹកហាត់យ៉ាងសកម្មរបស់អ្នកប្រដាល់ចិត្តធំ គង់ សំបូរ ដើម្បីត្រៀមខ្លួនចូលរួមប្រកួតដណ្ដើមយកជ័យជំនះ ពីអ្នកប្រដាល់មិនដែលស្គាល់ប្រវត្តិច្បាស់លាស់មកពីប្រទេសម៉ារ៉ុក នៅក្នុងព្រឹត្តិការណ៍ប្រចាំសង្វៀន Mas Fight TownTV នៅចុងសប្ដាហ៍នេះ។

សំបូរ បាននិយាយថា៖ «ខ្ញុំហាត់ត្រៀមប្រកួតបានល្អ ដោយមានចិត្តចង់ឡើងនៅសង្វៀន Mas Fight របស់ទូរទស្សន៍ថោននេះយូរហើយ ហើយសប្តាហ៍នេះ ខ្ញុំមានបំណងវាយផ្តួលដៃគូឲ្យសន្លប់ក្នុងរយៈពេល៩នាទី ដើម្បីសាងភាពល្បីព្រមទាំងដណ្តើមប្រាក់រង្វាន់បន្ថែម។ ខ្ញុំប្រឹងខ្លាំង និងមានគោលដៅផ្តួលឲ្យបានក្នុងទំនុកចិត្ត ៧០ ភាគរយ។»

គង់ សំបូរ កំពុងហ្វឹកហាត់យ៉ាងសកម្មជាមួយលោកគ្រូ ជា រិទ្ធ នៅឯខេត្តសៀមរាបស្របពេលទាំងគ្រូ និងសិស្សបានតាំងចិត្តថា ចូលទៅវ៉ៃនៅសង្វៀនថ្មីនេះ ដោយសង្ឃឹមមានឱកាសបានផ្តួលដៃគូឲ្យសន្លប់មុនស្នូរជួងបញ្ចប់ ដើម្បីយកប្រាក់រង្វាន់បន្ថែម ដែលមានពីចំនួន ២០០ ដុល្លារឡើងទៅ ខណៈការវិលមកប្រកួតសង្វៀនក្នុងស្រុកជាថ្មី ចំនួន ៣ លើកចុងក្រោយនេះ គង់ សំបូរ បានឈ្នះ សេក គឹមរួន នៅសង្វៀនប៉ុស្តិ៍លេខ ៥ ដើម្បីឈានចូលទៅប្រកួតវគ្គ ២ នៃពានរង្វាន់ TV5 Boxing Knock out Serie ហើយរូបគេបានបន្តឈ្នះកីឡាករថៃចំនួន ២ លើក សម្រាប់ការប្រកួតមិត្តភាពអន្តរជាតិនៅសង្វៀនបាយ័ន។

ជាមួយមួយគ្នានេះដែរលោក ជា រិទ្ធ ជាគ្រូបង្វឹកបានអះអាងថា៖ «តាមខ្ញុំគិត និងដាក់ផែនការប្រយុទ្ធក្នុងរយៈពេល ៩ នាទី គ្មានឈប់របស់ Mas Fightនេះ ខ្ញុំមានទំនុកចិត្តថា សំបូរ នឹងឈ្នះមិនអាចដល់ ៩ នាទីនោះឡើយ ដោយខ្ញុំសង្ឃឹមឈ្នះ ៨០ ភាគរយ។»

ទាក់ទងទៅនឹងបទពិសោធប្រកួតរបស់កីឡាករ Petkra Sanit ដែលជាដៃគូរបស់ គង់ សំបូរ ត្រូវបានលោក MC Vutha អ្នកគ្រប់គ្រងសមាសភាពផ្គូផ្គងប្រវត្តិកីឡាករប្រចាំសង្វៀន Mas Fight ប្រាប់ថា កីឡាករម៉ារ៉ុករូបនេះ ធ្លាប់ប្រកួតបានត្រឹម ១០ ដងទេ ដោយឈ្នះ ៩ និងចាញ់ ១ ដងគត់ ប៉ុន្តែគេមានកម្ពស់ ១,៧៥ ម៉ែត្រ ខណៈ គង់ សំបូរ មានកម្ពស់តែ ១,៦៧ ម៉ែត្រ ហើយធ្លាប់ប្រកួត ៩២ ដង ឈ្នះ ៧៤ ចាញ់ ១៦ និងស្មើ ២ ដង។

គួបញ្ជាក់ផងដែរថា៖ ការប្រកួតនេះនឹងចាប់ផ្ដើមនាយប់ថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០២០ ក៏មានការប្រកួតគូអន្តរជាតិចំនួន ២ គូទៀតផងដែរ ដោយក្នុងនោះ កីឡាករកម្ពុជា ពេជ្រ ប៊ុនសិដ្ឋ មកពីក្លិបចលនាយុវជន ១៥៧ គុនខ្មែរត្រូវប៉ះកីឡាករចិន Hang Guishan ក្នុងទម្ងន់ ៥៥ គ.ក្រ ហើយរឿង សារ័ត្ន ត្រូវជួបអ្នកប្រដាល់ថៃ Fahsura Sitchan ក្នុងទម្ងន់ ៥៧ គ.ក្រ។ខណៈការប្រកួត ៩ នាទីពេញ គ្មានឈប់នេះ គឺបើវ៉ៃគូប្រកួតមិនឲ្យសន្លប់ នឹងបានលទ្ធផលស្មើគ្នា គ្មានការចាញ់ដោយពិន្ទុនោះឡើយ៕

 

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់