ខុន ស៊ីចាន់ ក្រោយចាញ់កីឡាករឥណ្ឌូនេស៊ី៖ «ខ្ញុំទទួលស្គាល់អំពីបរាជ័យនេះដោយសារទប់ឃ្លេគេមិនជាប់»

មាស សុផាណារ៉ុង February 12, 2020


 

ភ្នំពេញ៖ ខុន ស៊ីចាន់ ដែលគេស្គាល់ថាជាអ្នកលេងគុនចម្រុះលេចធ្លោម្នាក់នៅកម្ពុជា បានតាំងចិត្តខំប្រឹងហ្វឹកហាត់យកកម្លាំងស៊ុហ្វ និងឡើងប្រកួតនៅសង្វៀនក្នុងស្រុកកាន់ច្រើនជាងមុន ដើម្បីជាឈ្នាន់ឈានទៅកម្រិតល្អមួយលើឆាកអន្តរជាតិ។ ការបង្ហើបអំពីគម្រោងនេះ បន្ទាប់ពីកូនសិស្សមកពី Phmom Penh MMA ចាញ់កីឡាករជម្រើសជាតិចំបាប់ឥណ្ឌូណេស៊ី Eko Roni Saputra នៅទឹកទី១ កាលថ្ងៃទី០៧ ខែកុម្ភៈ កន្លងទៅក្នុងកម្មវិធី ONE:WARRIOR’S CODE។

ខុន ស៊ីចាន់ បានថ្លែងឲ្យដឹងថា៖ «ខ្ញុំទទួលស្គាល់អំពីបរាជ័យនេះដោយសារទប់ឃ្លេគេមិនជាប់…ខ្ញុំអាចនិយាយថាខ្ញុំនៅខ្សោយក្បាច់ឃ្លេ។ ខ្ញុំមានតែការខំប្រឹងបន្ថែម និងបង្កើនស៊ុហ្វឲ្យកាន់តែល្អ។ មុនឡើងប្រកួតម្ដងទៀត ខ្ញុំត្រូវបំប៉នក្បាច់ការពារខ្លួន និងឃ្លេ។ មួយទៀត ខ្ញុំទទួលការប្រកួតនៅសង្វៀនក្នុងស្រុកឲ្យបានច្រើនដើម្បីកុំឲ្យគាំងក្បាច់។»

កីឡាករមកពីខេត្តឧត្តរមានជ័យ រូបនេះបានរំលឹកថា៖ «ខ្ញុំគ្មានអ្វីត្រូវដោះសារនោះទេ…បើយើងអន់ជាគេ កម្លាំងស្ទើរជាងគេ យើងឃ្លេអន់ជាគេ គឺយើងចាញ់ហើយ។ ខ្ញុំបានខំរើ និងគេចមិនឲ្យគេចាប់ច្រើនដងដែរ តែចូលឃ្លេពីក្រោយទៅវិញ។ ជំហានបន្ទាប់គឺត្រូវបង្កើនកម្លាំង និងកែឲ្យកាន់តែល្អឡើងៗនាប្រកួតបន្តបន្ទាប់នៅ ONE Championship។»

ខុន ស៊ីចាន់ បច្ចុប្បន្នរស់នៅជាមួយប្រពន្ធកូនឯស្រុកអន្លង់វែងខេត្តឧត្តរមានជ័យ។ កីឡាករវ័យ ៣២ឆ្នាំរូបនេះ បានឡើងចុះៗ មកហាត់ត្រៀមប្រកួតលើសង្វៀនអន្តរជាតិ ONE នៅក្លឹប Prodal និង The Gym Place (ផ្សារទំនើប AEON I)។

ខុន ស៊ីចាន់ តែងតែហ្វឹកហាត់ត្រៀមជាទូទៅ ដោយប្រើរយៈពេលជាង១ខែ មុនឡើងសង្វៀនអន្តរជាតិ ONE Championship ម្ដងៗ។ ក្នុងឆ្នាំ ២០២០ នេះ ខុន ស៊ីចាន់ កាន់តែមមាញឹកដោយសារនៅសល់ការប្រកួត ៥លើកទៀត នៅលើសង្វៀនកម្រិតអន្តរជាតិមួយ។ ម្យ៉ាងវិញទៀត រូបគេត្រូវឡើងប្រកួតនៅសង្វៀនក្នុងស្រុកផងដែរដើម្បីឲ្យការប្រកួតកាន់ទទួលបានលទ្ធផលល្អ។ ស៊ីចាន់ ត្រូវប្ដូរមកប្រកួតនៅសង្វៀនប៉ុស្តិ៍បាយ័ន នាថ្ងៃទី២៣ ខែកុម្ភៈ វិញ ព្រោះមុនដំបូងឡើយត្រូវប្រកួតនៅថ្ងៃទី២១ ខែកុម្ភៈ។

ជាមួយគ្នានោះគ្រូបង្វឹកផ្ទាល់ លោក Alan Mccune បានលើកទឹកចិត្តថា លោកនៅតែគាំទ្រគ្រប់បែបយ៉ាងដល់ ខុន ស៊ីនចាន់ ក្នុងនាមជាកីឡាករគុនចម្រុះប្រកួតតំណាងខ្មែរ និងលើកទង់ជាតិខ្មែរលើឆាកអន្តរជាតិ។ លោកនឹងបន្តពង្រឹងក្បាច់ឃ្លេ និង ក្បាច់ការពារខ្លួនដល់ ស៊ីចាន់ ឲ្យការប្រកួតកាន់តែមានកម្រិតខ្ពស់៕

 

អត្ថបទ៖ ស៊ីធី

មតិយោបល់